ក្វាងភូកូវ (Quang Phu Cau) - ទីកន្លែងថែរក្សាព្រលឹងនៃពិធីបុណ្យចូលឆ្នាំវៀតណាម

ក្វាងភូកូវ (Quang Phu Cau) - ទីកន្លែងថែរក្សាព្រលឹងនៃពិធីបុណ្យចូលឆ្នាំវៀតណាម

ចាប់តាំងពីសរសៃធូបនៅលើអាសនៈថ្ងៃបុណ្យចូលឆ្នាំ រហូតដល់ពណ៌ចម្រុះ​ត្រចះត្រចង់នៃ​ភូមិសិប្បកម្ម ក្វាងភូកូវ​ (ឃុំ​អ៊ឹង​ថៀន​ ហាណូយ)​ មិនត្រឹមតែ​ធ្វើ​ចេញ​ផលិតផល​សម្រាប់​បម្រើ​ជំនឿសាសនាប៉ុណ្ណោះទេ​​ នៅទាំងរក្សាលំហ​​វប្បធម៌​អនុស្សាវរីយ៍​ ទំនុកចិត្ត​ និងផ្នត់​រស់នៅ​បានបន្តវេន​ជា​ច្រើន​ជំនាន់​។​

នៅថ្ងៃជិតចូលឆ្នាំ​ថ្មី ឆ្នាំ​មមី​ ខណៈពេលដែលរដូវផ្ការីក កំពុងគោះទ្វារភូមិនានា នៅភាគខាងជើង ភូមិក្វាងភូកូវ បានឈានចូលដល់ពេលវេលាដ៏មមាញឹកបំផុតប្រចាំឆ្នាំ។ គ្រាន់តែឈាន​ជើងចូលដល់​ភូមិភ្លាម ភ្ញៀវទេសចរនឹង​មានអារម្មណ៍ដឹង​ពីក្លិនក្រអូបស្រាលៗនៃ ខ្លឹមចន្ទន៍ ឈើអែម និងផ្កាចន្ទន៍ ដែលសាយភាយក្នុងបរិយាកាស។ នេះគឺ​ជាក្លិន​កក់ក្តៅ​ ដែលផ្សារភ្ជាប់នឹងជីវិតចេតភា​ព​ របស់ប្រជាជនវៀតណាម រៀងរាល់ពេលបុណ្យចូលឆ្នាំ​មកដល់។ នៅពីក្រោយក្លិនក្រអូបនោះ គឺជា​ដង្ហើមនៃភូមិសិប្បកម្មធ្វើធូប ដែលមានអាយុកាល​ជាង ១០០ឆ្នាំ កំពុង​តស៊ូអភិរក្សប្រពៃណី និងធ្វើសមាហរណកម្ម ជាមួយការអភិវឌ្ឍ​ នៃឧស្សាហកម្មវប្បធម៌​របស់​រដ្ឋធានី​។

 

មុខរបរធ្វើធូបនៅក្វាងភូកូវ បានចាក់ឫសយ៉ាងជ្រៅ ទៅក្នុងជីវិតរបស់ប្រជាជនជាច្រើនជំនាន់។ កាលពីមុន គ្រប់ដំណាក់កាលសុទ្ធតែធ្វើដោយដៃ ចាប់ពីការបិតដើម​ធូប លាបពណ៌ជើងធូប រុំម្សៅធូប រហូតដល់ការហាលស្ងួត ដែលទាមទារ​ពេលវេលា និងកម្លាំង​ពលកម្ម​ច្រើន។ ទោះបី ជាឆ្លងកាត់ការផ្លាស់ប្តូរនៃសម័យកាលក៏ដោយ មុខ​របរធ្វើធូប​ នៅតែជាមុខរបរចិញ្ចឹមជីវិត ដែលផ្សារភ្ជាប់នឹងប្រជាជននៅទីនេះ។ បើតាមតំណាងអាជ្ញាធរ​ឃុំ បច្ចុប្បន្នមានគ្រួសាររហូដល់ ៧០% នៅក្នុងភូមិ បានចូលរួមក្នុង​ការ​ផលិត​ធូប បង្កើត​ការងារ និងប្រាក់ចំណូលមានស្ថិរភាព សម្រាប់ពលកររាប់ពាន់នាក់។

 

នៅកណ្តាលបរិយាកាសរស់រវើកនៃរដូវបុណ្យចូលឆ្នាំ រឿងរ៉ាវរបស់ជាងធ្វើធូបកាន់តែមានអត្ថន័យជ្រាលជ្រៅ។ អ្នកស្រី ម៉ៃ ជាជាងធ្វើធូបជំនាន់ទី ៤ នៃភូមិ បាន​ចែករំលែកដោយ​ក្តីមោទកភាព លាយឡំនឹងការព្រួយបារម្ភថា៖ ដើម្បី​ទទួលបានធូបមួយបាច់ដ៏ល្អឥតខ្ចោះ ជាងធ្វើធូប​នៅតែត្រូវពឹងផ្អែកលើទឹកចិត្ត និងបទពិសោធន៍ ដែលបន្សល់ទុកពីដូនតា ជាពិសេសគឺដំណាក់កាលជ្រើសរើសវត្ថុធាតុដើមដូចជា ខ្លឹមចន្ទន៍ ឈើអែម និងផ្កាចន្ទន៍ ដើម្បីរក្សាក្លិនក្រអូបធម្មជាតិ និងមានសុវត្ថិភាព។ ម៉ាស៊ីនទំនើប ជួយកាត់បន្ថយការលំបាក និងបង្កើនទិន្នផល ធ្វើឱ្យផលិតផលស្មើគ្នានិងស្អាតជាងមុន ប៉ុន្តែ “ព្រលឹង” នៃមុខ​របរ នៅតែស្ថិតនៅលើដៃ និង​ភាពផ្ចិតផ្ចង់របស់មនុស្ស

ដោយ​សារការហ៊ានវិនិយោគលើបច្ចេកវិទ្យា ទិន្នផលការងារនៅក្វាងភូកូវ បានលើកកម្ពស់ ប្រាក់ចំណូលរបស់ប្រជាជន​មានកម្រិតស្ថិរភាព ដោយ​កន្លែងខ្លះ ទទួលបាន​ពី ៥០០.០០០ដុង ​រហូតដល់​៧០០.០០០ដុងក្នុងមួយថ្ងៃ។ ការ​សម្របខ្លួនប្រកបដោយភាពបត់​បែននេះ បង្ហាញថាភូមិសិប្បកម្មប្រពៃណី មិនបានឈរនៅក្រៅចរន្ត នៃសម័យកាលនោះ​ទេ ប៉ុន្តែ​បានម្ចាស់ការស្វែងរកវិធីផ្លាស់ប្តូរថ្មី ដើម្បីរស់រាន និង​អភិវឌ្ឍ។

ដោយសារ​មាន​របរ​ធ្វើ​ធូប​ប្រពៃណី​ ពលករ​រាប់ពាន់នាក់​នៅ​មូលដ្ឋាន​ មាន​ការ​ងារធ្វើ​ និង ប្រាក់ចំណូល​លំនឹង​។ រូបថត៖ ង្វៀន ហ៊ូវ​ថុង​
បាច់ជើងធូបដែលមានពណ៌ស្រស់ឆើតឆាយ បានប្រជាជនរៀបចំជាសណ្ឋានផ្សេងៗ ដើម្បីបម្រើភ្ញៀវទេសចរដែលមកកម្សាន្ត និងថតរូប។ រូបថត៖ ង្វៀន​ ហ៊ូវ​ថុង

ក្នុង​ប៉ុន្មានឆ្នាំថ្មីៗនេះ ក្វាងភូកូវ ក៏បានបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំង ដល់ភ្ញៀវទេសចរ តាមរយៈការទាក់ទាញកែវ​ភ្នែកដ៏ពិសេស។ មិនត្រឹមតែឈប់ត្រឹមគុណភាពផលិតផលដែលមានសុវត្ថិភាព និងធ្វើពីឱសថធម្មជាតិប៉ុណ្ណោះទេ ដងផ្លូវ និងជ្រុងទីធ្លាហាល​ធូបរបស់ភូមិ បានក្លាយជា ផ្ទាំងគំនូរ ដ៏ស្រស់ស្អាតចម្រុះពណ៌។ បាច់​ជើង​ធូបពណ៌​ក្រហម​ឆ្អិនឆ្អៅ លឿង ខៀវ។ល។ បាន​តម្រៀប​ប៉ិនប្រសប់​ទៅ​ជា​រូបភាព​ផែនទី​ប្រទេសវៀតណាម​ អក្សរ S រូបទង់ជាតិ ឬរូបភាពរស់រវើកផ្សេងៗ បង្កើត​បាន​ជាលំហមួយ ដែលមានលក្ខណៈប្រពៃណីផង និងទំនើប​ផង។

លោក ហ៊ុង (Hung) ជាសិប្បករជើង​ចាស់ ដែលផ្សារភ្ជាប់នឹងមុខរបរនេះ បានរៀបរាប់យ៉ាង​រំភើបថា កាលពីមុន គេហាលធូបសពេញវាល ប៉ុន្តែឥឡូវនេះពណ៌ចម្រុះ បាននាំមកនូវក្តីសប្បាយរីករាយថ្មី សម្រាប់អ្នកប្រកបរបរ។ ភ្ញៀវទេសចរមកកាន់តែច្រើនឡើង មិនត្រឹមតែដើម្បីទិញធូប និងថតរូប “check-in” ប៉ុណ្ណោះទេ ថែមទាំងដើម្បីស្វែងយល់​ពីដំណើរការផលិត និងសាកល្បង​ធ្វើដោយផ្ទាល់ នៅដំណាក់កាលមួយចំនួន។ ការបើក​កន្លែងទស្សនាភូមិសិប្បកម្ម ក៏ជាវិធីដែលប្រជាជនក្វាងភូកូវ ផ្សព្វផ្សាយ​ពីភាពល្អឯកនៃមុខ​របរប្រពៃណី តាមរយៈជីវិតរស់នៅ​សហសម័យ​។

ផលិតផលធូបក្វាងភូកូវ បច្ចុប្បន្នត្រូវបាននាំចេញទៅកាន់ប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី និងចក្រភពអង់គ្លេស។ ទន្ទឹមនឹងនោះ ទេសចរណ៍ភូមិសិប្បកម្មបាននាំមកនូវ អត្ថប្រយោជន៍ទ្វេ សម្រាប់មូលដ្ឋាន ទាំងអភិវឌ្ឍសេដ្ឋកិច្ច និងរួមចំណែកអភិរក្សតម្លៃវប្បធម៌ប្រពៃណី​។

ដំណាក់កាលហាលជើងធូប។ រូបថត៖ ង្វៀន​ ហ៊ូវ​ថុង​
 

នៅកណ្តាលចង្វាក់ជីវិតសម័យទំនើប ភូមិសិប្បកម្មធូបក្វាងភូកូវ កំពុងក្លាយជាភស្តុតាងដ៏រស់រវើក សម្រាប់ការអភិរក្សតម្លៃប្រពៃណី ដើរទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច។ ការ​ដែលទីក្រុង​ហាណូយ បានបញ្ចូលក្វាងភូកូវ ទៅក្នុងបញ្ជីគោលដៅទេសចរណ៍​ភូមិសិប្បកម្មសំខាន់ៗ​ របស់រដ្ឋធានី មិនត្រឹមតែបើកឱកាសថ្មី សម្រាប់មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងរួមចំណែក​ថែរក្សាការអនុស្សាវរីយ៍​នៃបុណ្យចូល​ឆ្នាំ​ និងរដូវផ្ការីក នៅក្នុងជីវិត​ប្រជាជនវៀតណាមផងដែរ៕

អត្ថបទ និង រូបថត៖ ង្វៀន​ ហ៊ូវ​ថុង​​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង


Top