13/12/2019 10:58 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh អញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា


 ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh និងឧបនាយករដ្ឋមន្រ្តីកម្ពុជាលោកស្រី ម៉ែន សំអន (រូបថត៖ VGP) 
 

នារសៀលថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៩ ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh និង​ឧបនាយក​រដ្ឋមន្រ្តីកម្ពុជាលោកស្រី ម៉ែន សំអន បានជួបពិភាក្សាការងារ។ ភាគីទាំងពីរបាន​វាយ​តម្លៃខ្ពស់​ចំពោះ​អត្ថន័យដ៏សំខាន់នៃការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន២ទទួលស្គាល់វឌ្ឍន​ភាព​នៃ​ការ​ងារ​ខ័ណ្ឌ​សីមា​ បោះបង្គោលព្រំដែន គោករវាងប្រទេសទាំងពីរដែលសម្រេចបាន៨៤% តាមរយៈ​នោះ​បង្កើត​កម្លាំង​ចលករ​ដ៏ខ្លាំងក្លាដើម្បី បន្តដោះស្រាយបញ្ហាព្រំដែននៅសេសសល់ ឆ្ពោះទៅរកការ​កសាង​ខ្សែព្រំដែន​រួមប្រកប​ដោយសុខ​សន្តិភាព មិត្តភាព សហប្រតិបតិ្តការនិងអភិវឌ្ឍ។ ភាគីទាំងពីរក៏បាន​អះអាង​នូវការ​ប្ដេជ្ញាចិត្ត​ដំណើរ​ការ​ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ រក្សាយន្តការ​សហប្រតិ​បតិ្តការ​នានារវាង​ប្រទេសទាំងពីរ បង្កើនការ​តភ្ជាប់សេដ្ឋកិច្ចទ្វេភាគី​សំដៅជួយ​សម្រួល​ដល់​សកម្មភាព​សហប្រតិ​បតិ្តការ​នៃប្រទេស​ទាំងពីរ ខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីហួសពីកម្រិត៥ពាន់លានដុល្លា​អាមេរិក​ក្នុង​ឆ្នាំ២០២​០។
 
ឧបនាយក​រដ្ឋមន្រ្តីទាំងពីរបានអះអាង បន្តរក្សានិងពង្រីកបណ្ដាយន្តការសហប្រតិបតិ្តការការពារជាតិ-សន្តិសុខ​អោយ​ក្លាយទៅជាសសរទ្រុងមួយក្នុងចំណោមសសរទ្រុងនៃទំនាក់ទំនងទ្វេភាគី ហើ​យ​សហការយ៉ាង​ស្អិតរមួតក្នុងការជួយឧបត្ថ​ម្ភ បង្កលក្ខណៈងាយស្រួល​ដើម្បីសហគមន៍​ជនដើម​កំណើតវៀត​ណាម​នៅកម្ពុជា​មានជីវភាព​រស់នៅប្រកបដោយស្ថិរភាព ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក៏ដូចជាក្លាយទៅ​ជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។
 
ចំពោះបញ្ហា​តំបន់និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញ​ទៅមក​ក្នុង​ការ​រៀប​ចំព្រឹត្តិ​ការណ៍និងសកម្មភាពកិច្ចការបរទេសសំខាន់ៗក្នុងឆ្នាំ២០២០ នៅពេលដែលវៀត​ណាម​ចូល​កាន់​តំណែង​ជាប្រធានប្ដូរវេនរបស់​អាស៊ាននិង​សមាជិកមិន​អចិន្រ្តៃយ៍ នៃក្រុម​ប្រឹក្សាសន្តិ​សុខ​អង្គការ​សហប្រជាជាតិ​ ហើយកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-​អឺរ៉ុបលើកទី១​៣៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ