15/07/2021 15:09 GMT+7 Email Print Like 0

អាស៊ាន-អាមេរិកយល់ព្រមបង្កើនកិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការ

រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son និងរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ាននិងសហរដ្ឋអាមេរិកបានចូលរួមកិច្ចប្រជុំតាមអ៊ិនធឺរណែត (រូបថតៈ Lam Khanh / TTXVN)
 

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេស វៀតណាម លោក Bui Thanh Son បានចូលរួមកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន - អាមេរិក ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីការបរទេសឡាវលោក Saleumsay Kommasith និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Bliken។

អាស៊ាននិងអាមេរិកបានបញ្ជាក់ពីសារៈសំខាន់និងការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូ ជាពិសេសក្នុងបរិបទនៃបញ្ហាប្រឈមធ្ងន់ធ្ងរដែលជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍសន្តិសុខនិងស្ថេរភាពរបស់បណ្តាប្រទេសក្នុងតំបន់។ អាស៊ានបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួនចំពោះតំបន់ដោយប្រកាន់ខ្ជាប់នូវពហុភាគីនិយម ច្បាប់អន្តរជាតិ ការខិតខំដើម្បីគ្រប់គ្រងជំងឺរាតត្បាត ជំរុញការងើបឡើងវិញនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ចំពោះភាគីអាមេរិកវិញ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានអះអាងថាអាមេរិកតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយអាស៊ាន គាំទ្រតួនាទីស្នូលរបស់អាស៊ាន ហើយនឹងយកចិត្តទុកដាក់ជំរុញភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយភាពស្វាហាប់ និងប្រសិទ្ធភាពជាមួយអាស៊ាន។ លោករដ្ឋមន្រ្តីការបរទេស Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងចំនួន ៥០០ លានដូសដល់យន្តការ COVAX និងកំពុងជួយឧបត្ថម្ភវ៉ាក់សាំងចំនួន ៨០ លានដូស ដល់បណ្តាប្រទេសនានាជុំវិញពិភពលោករួមទាំងអាស៊ាន ក៏ដូចជា ចំណាយ ៩៦ លានដុល្លារសម្រាប់ជួយអាស៊ានបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត។

ដោយវាយតម្លៃថា បរិយាកាសក្នុងតំបន់និងអន្តរជាតិបង្កបញ្ហាប្រឈមយ៉ាងស្មុគស្មាញជាច្រើន អាស៊ាននិងអាមេរិកបានព្រមព្រៀងគ្នាដើម្បីបង្កើនការពិគ្រោះយោបល់ ការពិភាក្សានិងកិច្ច សហប្រតិបត្តិការ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខសុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរនិងអាកាស ចរណ៍លើសមុទ្រខាងកើតហើយសង្ឃឹមថា នឹងមានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា បណ្តាប្រទេសអាស៊ាននិងវៀតណាមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់អាជីវកម្មអាមេរិកពង្រីកសកម្មភាពវិនិយោគ និងសកម្មភាពអាជីវកម្មរបស់ខ្លួននៅទីផ្សារអាស៊ាន។ លោករដ្ឋមន្រ្តីមានបំណងចង់ឲ្យអាមេរិក បន្តគាំទ្រអាស៊ានយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមអនុតំបន់នានាដោយភ្ជាប់ទន្លេមេគង្គ - អាមេរិកជាមួយនឹងការអភិវឌ្ឍរួមរបស់អាស៊ាន។ លោករដ្ឋមន្រ្តី Bui Thanh Son ក៏បានស្នើឱ្យសហរដ្ឋអាមេរិកបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាស៊ាននៅលើវេទិកាដែលបានបង្កើតនិងដឹកនាំដោយអាស៊ាន តាមនោះ បង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការនៃការបង្កើតសណ្តាប់ធ្នាប់ក្នុងតំបន់ដែលផ្អែកលើច្បាប់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ