21/07/2021 14:45 GMT+7 Email Print Like 0

អាមេរិកនិងវៀតណាមឈានដល់កិច្ចព្រមព្រៀងលើសកម្មភាពរូបិយវត្ថុ

យោងតាមសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំនេះ ភាគីទាំងពីរបានឲ្យដឹងថា ចំណុចស្នូលនៃក្របខ័ណ្ឌគោលនយោបាយរូបិយវត្ថុរបស់ធនាគាររដ្ឋវៀតណាម គឺដើម្បីលើកកម្ពស់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងគ្រប់គ្រងអតិផរណា។

សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងរតនាគារអាមេរិកបានឲ្យដឹងថាលោកស្រី រដ្ឋមន្ត្រី Janet Yellen បានជួបប្រជុំតាមអ៊ិនធឺរណែតជាមួយទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong កាលពីថ្ងៃទី ១៩ ខែកក្កដា ហើយភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីសកម្មភាពរូបិយវត្ថុ។ យោងតាមសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំនេះ ភាគីទាំងពីរបានឲ្យដឹងថា ចំណុចស្នូលនៃក្របខ័ណ្ឌគោលនយោបាយរូបិយវត្ថុរបស់ធនាគាររដ្ឋវៀតណាម គឺដើម្បីលើកកម្ពស់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងគ្រប់គ្រងអតិផរណា។ ធនាគាររដ្ឋវៀតណាមក៏បានប្តេជ្ញាចិត្តបន្តផ្តល់ព័ត៌មានចាំបាច់សម្រាប់ក្រសួងរតនាគាសហរដ្ឋអាមេរិក ដើម្បីធ្វើការវិភាគហ្មត់ចត់និងធ្វើរបាយការណ៍លម្អិតស្តីពីសកម្មភាពធនាគាររដ្ឋរបស់វៀតណាមលើទីផ្សារប្តូរប្រាក់បរទេស នៅក្នុងរបាយការណ៍រៀងរាល់ ៦ ខែម្តងរបស់ក្រសួងនេះ នៅចំពោះមុខរដ្ឋសភា។  សេចក្តីថ្លែងការណ៍រួមក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនិងវៀតណាមគឺជាដៃគូដែលអាចជឿទុកចិត្តបានដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងប្តេជ្ញារក្សានូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងរតនាគារសហរដ្ឋ​អាមេរិកនិងធនាគាររដ្ឋវៀតណាម។

រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បានស្វាគមន៍ចំពោះការសន្ទនាប្រកបដោយការស្ថាបនារវាងក្រសួងរតនាគារនិងធនាគាររដ្ឋវៀតណាម ស្តីពីគោលនយោបាយរូបិយវត្ថុនិងការយោគយល់គ្នាទៅវិញទៅមក។ លោកស្រី Janet ក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោមការយកចិត្តទុកដាក់របស់ធនាគាររដ្ឋ វៀតណាមចំពោះបញ្ហាទាំងនេះ ដែលមិនត្រឹមតែ ដោះស្រាយនូវកង្វល់របស់ក្រសួងរតនាគារសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ការអភិវឌ្ឍបន្ថែមទៀតនូវទីផ្សារហិរញ្ញវត្ថុនៅវៀតណាមនិងពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុនិងម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម។

ចំណែកឯតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai ក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងក្រសួងរតនាគារសហរដ្ឋអាមេរិកនិងធនាគាររដ្ឋវៀតណាមនិងបានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ