15/04/2020 13:45 GMT+7 Email Print Like 0

សេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី១ នៅតែមានចំណុចភ្លឺជាច្រើន


 វិស័យផលិតអេឡិចត្រូនិច  កុំព្យូទ័រអុបទិកដែលភាគច្រើនជាទូរស័ព្ទចល័ត​និងគ្រឿងបន្លាស់អេឡិចត្រូនិចបានកើនឡើងបង្គួរពោលគឺស្ថិតនៅកំរិត ១៤,៣% (រូបថត៖baocongthuong)
 

ដោយសារ​រងផលប៉ះពាល់យ៉ាងខ្លាំងក្លានៃជំងឺរាតត្បាត Covid-19 ទូទាំងសកលលោក បានធ្វើឲ្យ​កំណើន​ផលិត​ផល​ក្នុង​ស្រុកសរុប (GDP) របស់វៀតណាមនៅត្រីមាសទី ១ នៃឆ្នាំ ២០២០ ត្រូវបាន​ប៉ាន់​ស្មាន​សម្រេច​បាន​ត្រឹម​តែ ​៣,៨២% ប៉ុណ្ណោះដែលនេះជាអត្រាកំណើនទាបបំផុ​តចាប់​តាំងពីឆ្នាំ ២០១១ មក។ ប៉ុន្តែ​បើប្រៀប​ធៀបនឹង​ស្ថានភាព​ទូទៅក្នុង​តំបន់និងពិភព លោកនោះ អ្នកជំនាញនានាបានអះអាងថាកំណើនដូចពោលខាង លើនេះនៅ​តែជាអត្រាល្អបង្គួរផងដែរ។ ជាពិសេសសេដ្ឋកិច្ច វៀត ណាម​នៅតែមាន​ចំណុចភ្លឺ​ដែលអាច​ផ្តោតទៅ​លើការ​ធ្វើ​អាជីវកម្ម និងជម្រុញឲ្យកាន់តែល្អប្រសើរថែមទៀតផងដែរ ។
 
យោង​តាមសេចក្តីប្រកាសថ្មីៗបំផុតរបស់អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថាគ្រប់វិស័យ ផ្នែក និង​មុខ​រប​រភាគ​ច្រើន​ដែល​ចំណុះក្នុងវិស័យសេដ្ឋកិច្ចទាំង ៣ សុទ្ទសឹងតែរងផលប៉ះពាល់យ៉ាងគំហុកដោយជំងឺរាតត្បាត Covid-19 ។ ​ក្នុងនោះ វិស័យកសិកម្ម រុក្ខាកម្ម និងនេសាទត្រូវបានរងផលប៉ះពាល់ជាអវិជ្ជមានបំផុត ដោយសារមុន​នោះធ្លាប់​ត្រូវបានរងផលប៉ះពាល់នៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ជំងឺផ្តាសាយបក្សី គ្រោះរាំងស្ងួត គ្រោះជ្រាបចូលទឹក​ប្រៃ ​រួមទាំងជះឥទ្ធិពលនៃជំងឺ Covid-19 ទៀតផងដែលធ្វើឲ្យកំណើនសម្រេចត្រឹមតែ ០.០៨% ប៉ុណ្ណោះ។ វិស័យសេដ្ឋ​កិច្ចទី២គឺវិស័យឧស្សាហកម្មនិងសំណង់ ក្នុងត្រីមាសនេះបានកើនឡើងត្រឹមតែ ៥,១៥% ប៉ុណ្ណោះ សូម្បីតតែ​វិស័យមួយចំនួនដូចជាការធ្វើអាជីវកម្មរ៉ែក៏មានកំណើនអវិជ្ជមានផងដែរ។ គួរឱ្យកោតសើរសើរ​ថាមាន​វិស័យ​មួយចំនួនផ្សេងៗទៀតដូចជាឧស្សាហកម្មកែច្នៃនិងកម្មតសាល ទោះបីជាមិនសម្រេច​បានអត្រា​ខ្ពស់​ពោល​គឺមានអត្រា ត្រឹមតែ ៧,១២% ក៏ដោយ ប៉ុន្តែនៅតែដើរតួនាទី​ជាកម្លាំងចលក​រដ៏សំខាន់នៃ​កំណើនសេដ្ឋកិច្ច​ផងដែរ។ លោក Pham Dinh Thuy ប្រធាននាយកដ្ឋាន ឧស្សាហកម្មនៃ​ក្រសួង​ផែនការ​និង​វិនិយោគ​វៀតណាម​បានអះអាងថា៖
 
«វិស័យផលិតថ្នាំ គីមីឱសថ និងឱសថបុរាណបានកើនឡើងដល់ ២៨,៣% ក្នុងរយៈពេលដូច​គ្នាកាលពីឆ្នាំ​មុនដោយ​សារការផលិត​ថ្នាំដើម្បីបំរើក្នុងស្រុកនិងនាំចេញ។ វិស័យទី២ គឺផលិតនិងចែកចាយផលិតផលប្រេង​រ៉ែចម្រាញ់​ ដែលបានរួមចំណែកយ៉ាងសកម្មដល់ថវិកា។ រីឯទី៣គឺវិស័យផលិតអេឡិចត្រូនិច  កុំព្យូទ័រអុបទិក​ដែលភាគ​ច្រើន​ជា​ទូរស័ព្ទចល័តនិងគ្រឿងបន្លាស់អេឡិចត្រូនិចបានកើនឡើងបង្គួរពោលគឺស្ថិតនៅកំរិត ១៤,៣% ។ ក្នុងបរិបទដែលចិនដាក់កំហិតលើផលិតកម្មនិងសង្គ្រាមពាណិជ្ជកម្មអាមេរិក - ចិននៅតែ​មាននៅ​តែមាន​ភាពតានតឹងនៅឡើយនោះ ទីផ្សារសក្តានុពលជាច្រើននៅលើពិភពលោក​បាន​ប្រែក្លាយទៅ​រកការនាំ​ចូលគ្រឿង​បន្លាស់​អេឡិចត្រូនិច ដែលផលិតពីប្រទេសវៀតណាមផងដែរ»។
 
ជាធម្មតា​សេវាកម្មតែងតែជាវិស័យសេដ្ឋកិច្ចដែលមានសមាមាត្រខ្ពស់បំផុតនៃផលិតផលក្នុងស្រុកសរុប ប៉ុន្តែផល​ប៉ះពាល់​នៃជំងឺ Covid-19 បាន    បណ្តាលឱ្យមានកំណើនត្រីមាសនេះសម្រេចត្រឹមតែ ៣,២៧% ដែល​ស្មើពាក់​កណ្តាលអត្រាក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ប៉ុន្តែផលប៉ះពាល់​ជាអវិជ្ជមាន​បាន​បង្ហាញ​ច្បាស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍នាពេលថ្មីៗនេះ នៅពេលដែលស្ថានភាពជំងឺរាតត្បាតវិវត្តន៍ដ៏ស្មុគស្មាញនោះ សហគ្រាស​ក្នុង​វិស័យ​ នេះនៅតែធ្វើអាជីវកម្មល្អៗផងដែរ។ លើសពីនេះទៀតសកម្មភាព​ពាក់ព័ន្ធ​នានានិង​ភស្តុភារ​នៃវិស័យ​សេវាកម្ម​ នៅតែមានឱកាសនៃការរីកចម្រើនយ៉ាងខ្លាំងដូចជា​វិស័យពាណិជ្ជកម្ម​អេឡិចត្រូនិចនិង Logistics នៅក្នុងផ្នែកដឹកជញ្ជូនរហ័សទាន់ចិត្តផងដែរ។  ជាពិសេស​ចំណុចភ្លឺស្វាង​ដែលគួរឱ្យកត់​សម្គាល់បំផុត នៅក្នុង​រូបភាព​សេដ្ឋកិច្ចត្រីមាសទី ១ គឺជាល្បឿននៃការបញ្ចេញទុនវិនិ​យោគសាធារណៈ។ គិតត្រឹមដល់​ដំណាច់​ថ្ងៃទី ​៣១ ខែ​មករា ការចំណាយដើមទុនវិនិយោគរបស់ក្រសួង ស្ថាប័ន ផ្នែកនិងមូលដ្ឋានសម្រេចបានត្រឹមតែ ០,៩៥% នៃផែន​ការដែលរដ្ឋបានប្រគល់ ហើយរហូតដល់ចុងខែមីនា តួលេខនេះបា​នកើនឡើងដល់ ១៣,២% នៃផែន​ការ​ឆ្នាំ។ លោក  Nguyen Viet Phong ប្រធាននាយកដ្ឋានសិ្ថតិ សំណង់និង​ទុនវិនិយោគ​នៃអគ្គនាយ​កដ្ឋាន​ស្ថិតិ ​បានមានប្រសាសន៍ថា៖
 
«លទ្ធផលនេះ​គឺអាស្រ័យលើការផ្លាស់ប្តូរថ្មីក្នុងការគ្រប់គ្រងគោលនយោបាយរបស់រដ្ឋាភិបាល។ តាមនោះ រដ្ឋាភិបាល​​បាន​ប្រគល់ដើមទុនដូចដែលបានគ្រោងទុក ដល់បណ្តាមូលដ្ឋាននិងក្រសួង ស្ថាប័ននិងផ្នែក​នានាតាំង​​ពីដើមឆ្នាំ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ក្រសួង ស្ថាប័ននិងមូល​ដ្ឋាន​ដែល​អាច​អនុវត្ត​ដោយ​ភាព​ម្ចាស់ការផងដែរ។ ទន្ទឹមនឹងនេះ ច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម) ក៏មានចំណុចវិជ្ជមាន និងបែប​បទ​វិនិយោ​ក៏មានភាពសាមញ្ញគ្រាន់បើថែមទៀត ហើយដំណើការអនុវត្ត​និង​ការ​បញ្ចេញ​ដើម​ទុន​វិនិ​យោគ​សាធារណៈ​ក៏មានភាពល្អប្រសើរផងដែរ។ ប្រសិនបើការវិនិយោគសាធារណៈកើនឡើង ១ % នោះនឹងរួម​ចំណែក​ដល់​កំណើន​ ០.០៦% និងជួយ     ឲ្យវិស័យសំណង់ កើនឡើង ១,៣៤ %។ ប្រការនេះ​បាន​សរបញ្ជាក់​ថាដើម​ទុន​វិនិយោគ​​សាធារណៈ​ភាគច្រើនផ្តោតសំខាន់ លើហេ​ដ្ឋារចនាសម្ព័ន្ធ និងជា​ប្រភពថវិកា​សម្រាប់​តំបន់ផ្សេង​ទៀត​ដើម្បី​បង្កើតតម្លៃផលិតក​ម្មផងដែរ»។
 ​
ក្នុង​បរិបទដែលហានិភ័យនៃឱនភាពសេដ្ឋកិច្ចសដ៏ធ្ងន់ធ្ងរនៅលើកលលោកកាន់តែច្បាស់លាស់នោះ ការដែល GDP ក្នុងត្រីមាសទី១នៃឆ្នាំ ២០២០ នៅតែសម្រេចបាន ៣,៨២% ហើយ​រូបភាព​សេដ្ឋកិច្ច​របស់​វៀត​ណាម មាន​ចំណុច​ភ្លឺជាច្រើន ដែលជាចំណុចគួរអោយកោតសរសើរផងដែរ។ ជឿជាក់​ថាជាមួយ​នឹងការ​ខិត​ខំប្រឹង​ប្រែង​រួម​គ្នានៃ​ប្រព័ន្ធ​នយោបាយ អង្គភាពអាជីវកម្មនិងប្រភពធនធានក្នុងសង្គមទាំងមូល វៀតណាម​នឹង​ជំនះ​ពុះពារ​រាល់ការលំបាកនិងបញ្ហាប្រឈមនា​នា ព្រមទាំងស្តារឡើង​វិញ​និង​កែលម្អកំណើន​សេដ្ឋកិច្ចនា​ពេលឆាប់ៗ​នេះផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ