ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh (ខាងស្ដាំ)និងរដ្ឋមន្រ្តីលោក Yang Jiechi
(រូបថត៖TTXVN)
នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសចិន លោក Yang Jiechi បានអញ្ជើញជាអធិបតីសម័យប្រជុំលើកទី៩ នៃគណៈកម្មាធិការទទួលបន្ទុកសហប្រតិបតិ្តការទ្វេភាគីវៀតណាម-ចិន។ នៅទីនេះភាគីទាំងពីរ បានផ្លាស់ប្ដូរមតិនិងកំណត់ទិសដៅ ក៏ដូចជាខ្លឹមសារសំខាន់ៗ ក្នុងកិច្ចសហប្រតិបតិ្តការនាពេលខាងមុខ សំដៅពង្រឹងនិងពង្រីកដោយ ឥតឈប់ឈរនូវទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន ឲ្យអភិវឌ្ឍន៍កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។
ទិដ្ឋភាពនៃសម័យប្រជុំ
ស្ដីអំពីបញ្ហានៅសមុទ្រ ភាគីទាំងពីរបានយល់ស្របគ្នាថា ចាំបាច់ត្រូវអនុវត្តន៍យ៉ាងហ្មឺងម៉ាត់ នូវកិច្ចព្រមព្រៀងនិងការយល់ដឹងរួម របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ ក្នុងនោះមាន “កិច្ចព្រមព្រៀងស្ដីអំពីគោលការណ៍មូលដ្ឋានបញ្ជា និងដឹកនាំក្នុងការដោះស្រាយបញ្ហានៅសមុទ្រវៀតណាម-ចិន” ម្ចាស់ការការខ្វែងគំនិតឲ្យបានល្អ ខំប្រឹងប្រែងអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបតិ្តការ នៅសមុទ្រ និងបង្កើតយន្តការសហប្រតិបតិ្តការ លើវិស័យស្វែងរកនិងជួយសង្គ្រោះនៅសមុទ្រ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសំខាន់ៗផ្សេងទៀត ដូចជាការមិនធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ ឬបើកទូលាយជំលោះ អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធិភាព នូវសេចក្ដីថ្លែងការណ៍ ស្ដីអំពីការប្រតិបត្តិរបស់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC) និងសំរេចយ៉ាងឆាប់ៗ នូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពលើការដោះស្រាយជំលោះ ដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអ.ស.ប ស្ដីអំពីច្បាប់សមុទ្រ១៩៨២។ បន្ទាប់ពីសម័យប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh និងរដ្ឋមន្រ្តីលោក Yang Jiechi បានធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបតិ្តការមួយចំនួន រវាងប្រទេសទាំងពីរ៕
តាម VOV5 -វិទ្យុសម្លេងវៀតណាម