12/12/2019 12:47 GMT+7 Email Print Like 0

វៀតណាម - អូស្ត្រាលី បើកកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត-ការពារជាតិលើកទី ៧


 គណៈប្រតិភូវៀតណាមនិងអូស្រ្តាលីចូលរួមក្នុងកិច្ចសន្ទនាការទូត-ការពារជាតិលើកទី ៧ នៅទីក្រុងកង់បេរ៉ា (ថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០១៩) 
 

នាថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋធានី Canberra (នៃប្រទេសអូស្ត្រាលី), អនុរដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​វៀត​ណាម​ លោក Nguyen Quoc Dung, ឧត្តម​នាវីត្រីនិង​ជា​អនុប្រធាន​អគ្គសេនា​ធិការ​កង​ទ័ព​ប្រជា​ជន​វៀត​ណាម លោក​ Nguyen Trong Binh រួមជាមួយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី Richard Maude និង​អនុរដ្ឋ​មន្រ្តីក្រសួង​ការ​ ពារជាតិអូស្ត្រាលីលោក Peter Tesch ធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត-ការពារជាតិ​លើកទី ៧។
 
ក្នុ​ងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពគ្នា បង្កើត​កម្ម​វិធី​សកម្មភាព​សម្រាប់​អនុវត្តន៍​ភាព​ជាដៃ​គូយុទ្ធ​សាស្រ្ត​ ដំណាក់កាល ២០២០-២០២៣ និងបន្តរួមសហការយ៉ាងជិតស្និទ្ធនៅក្នុងបណ្តាវេទិកាពហុភាគី ក្នុងនោះ ផ្តល់​អាទិភាព​ចំពោះអង្គការ សហប្រជាជាតិនិងយន្តការដែលដឹកនាំដោយអាស៊ាន។ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានអះអាងថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២០, វៀតណាមនឹ​ង​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ដើម្បីនាំភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អូស្ត្រាលីឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង ប្រកបដោយ​ប្រសិទ្ធភាព។
 
ភាគីអូស្រ្តាលី​បានអះអាងពីការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការគាំទ្រដល់សកម្ម ភាពមួយចំនួន​ដោយ​វៀត​ណាម​ត្រៀម​រៀបចំសម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ និងគាំទ្រវៀតណាមក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សា​សន្តិសុខអង្គការ សហប្រជាជាតិ អាណត្តិ ២០២០-២០២១។
 
ទាក់ទងនឹង​បញ្ហាសន្តិសុខនិងសុវត្ថិភាពដែនសមុទ្រនៅសមុទ្រខាងកើត ភាគីទាំងពីរបាន​សង្កត់ធ្ងន់​លើការ​គោរព​តាម​ច្បាប់អន្តរជាតិ និងរក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ ក៏ដូចជា ជៀសវាង​សកម្ម​ភាព​ដែល​អាច​បង្កភាព​ស្មុគ​ស្មាញដល់ស្ថានភាព រួមទាំងគាំទ្រការអនុវត្តយ៉ាងតឹងរឹងនិងពេញលេញនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិ ​បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការដែល អាស៊ានរួមជាមួយ ចិន នឹង​ឈាន​ដល់​បញ្ចប់​កិច្ច​ចរចាយ៉ាងឆាប់ៗ ដើម្បីសម្រេចបានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកប​ដោយ​ប្រសិទ្ធភាពបំផុត។

ភាគី​ទាំងពីរបាន​ឯកភាពរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត - ការពារជាតិលើកទី ៨ នៅឆ្នាំ ២០២០៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ