13/01/2022 13:16 GMT+7 Email Print Like 0

វៀតណាម-កាណាដាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាអំពីការបង្កើតគណៈកម្មាធិការចម្រុះស្តីពីសេដ្ឋកិច្ច

ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងវៀតណាមនិងកាណាដា នៅថ្ងៃទី ១១ ខែមករា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍កាណាដា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាអំពីការបង្កើតគណៈកម្មការចម្រុះស្តីពីសេដ្ឋកិច្ច រវាងវៀតណាមនិងកាណាដា តាមទម្រង់អនឡាញ។
 

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើតគណៈកម្មាធិការចម្រុះស្តីពីសេដ្ឋកិច្ចវៀតណាម-កាណាដា នៅទីតាំងផ្សាយផ្ទាល់ទីក្រុងហាណូយ។ 


ជាមួយនឹងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍កាណាដា មានគោលបំណងបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ តាមរយៈយន្តការរបស់គណៈកម្មាធិការចម្រុះ សំដៅកែសម្រួលសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគ។ ទន្ទឹមនឹងនោះ ជួយគាំទ្រគម្រោងនិងសកម្មភាពរបស់សហគ្រាសនៃប្រទេសទាំងពីរ បង្កើនការចែករំលែកព័ត៌មានស្តីពីកាលានុវត្តភាពធ្វើអាជីវកម្ម ទន្ទឹមនឹងនេះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមានសក្តានុពលដែលភាគីទាំងពីរយកចិត្តទុកដាក់។ អនុស្សរណៈយោគយល់គ្នានេះ ក៏បានកំណត់គោលដៅជាក់ស្តែង និងរបៀបធ្វើសកម្មភាពរបស់ភាគីនានាក្នុងការអនុវត្ត ដើម្បីលើកកម្ពស់សកម្មភាពនៃកិច្ចសហប្រតិបត្តិការផងដែរ។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai បានស្នើថា ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះ ប្រទេសទាំងពីរគួរតែផ្តល់អាទិភាពក្នុងការពិភាក្សាអំពីវិធានការជំរុញសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី តាមរយៈការទាញយកផលប្រយោជន៍ពីការអនុគ្រោះនៃកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(CPTPP);ទន្ទឹមនឹងនោះ លើកកំពស់ដំណោះស្រាយគាំទ្រសហគមន៍ធុរកិច្ចនៃភាគីទាំងពីរ ជាពិសេសគឺសហគ្រាសខ្នាតតូចនិងមធ្យម តាមរយៈការបង្កើនការផ្តល់ព័ត៌មានទីផ្សារ សកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ