27/08/2020 15:57 GMT+7 Email Print Like 0

វៀតណាមអំពាវនាវឲ្យអ៊ីស្រាអែលលុបចោលការហ៊ុំព័ទ្ធលើតំបន់ Gaza ហើយបញ្ឈប់ការកសាងទីប្រជុំជន

នាថ្ងៃទី២៥ សីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអំពីស្ថានភាពនៅមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ (រូបថត៖ VOV)



ប្រទេសសមាជិកជាច្រើនបានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងលើដីជាក់ស្ដែង ជាពិសេសគឺការកើនឡើងនៃអំពើហឹង្សានៅ Gaza នាពេលថ្មីៗនេះ និងការដែលអ៊ីស្រាអែលបន្តកសាងទីប្រជុំជនដោយខុសច្បាប់ ព្រមទាំងអំពាវនាវឲ្យបណ្ដាប្រទេសនិងអង្គការអន្តរជាតិបង្កើនការជួយគាំទ្រដល់សកម្មភាព មនុស្សធម៌និងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅតំបន់ដែនដី ប៉ាឡេស្ទីនដែលត្រូវទន្ទ្រានកាន់កាប់ផងដែរ។

ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនការជួយឧបត្ថម្ភមនុស្សធម៌ជូនចំពោះប្រជាជនប៉ាឡេស្ទីន ហើយអំពាវនាវឲ្យអ៊ីស្រាអែលលុបចោលការហ៊ុំព័ទ្ធលើតំបន់ Gaza ដើម្បីជួយ សម្រួលដល់សកម្មភាពមនុស្សធម៌។ លោកក៏បានអំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់ការកសាងទីប្រជុំជន បញ្ឈប់ការរុះរើនិងការរើបអូសទ្រព្យសម្បត្តិរបស់ប្រជាជនប៉ាឡេស្ទីន ហើយអនុវត្តកាតព្វកិច្ចនានាតាមច្បាប់មនុស្សធម៌អន្តរ ជាតិនិងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់អ.ស.ប។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា ដំណោះស្រាយដោយសមភាពនិងចីរភាពចំពោះដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាត្រឹមតែបានសម្រេចតាមរយៈកិច្ចចរចានិងកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនានាដោយផ្អែកទៅលើច្បាប់អន្តរជាតិនិងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ អ.ស.បតែប៉ុណ្ណោះ។ លោកឯកអគ្គរដ្ឋទូតបានសម្ដែងនូវចំណងសាមគ្គីភាព របស់ប្រជាជនវៀតណាមចំពោះប្រជាជនប៉ាឡេស្ទីន ព្រមទាំងអះអាងនូវទស្សនៈដ៏ឥតងាករេរបស់វៀតណាមដោយគាំទ្រចំពោះការតស៊ូយុត្តិធម៌របស់ប្រជាជន ប៉ាឡេស្ទីន និងដំណោះស្រាយរដ្ឋ២សម្រាប់ជម្លោះរវាង ប៉ាឡេស្ទីននិងអ៊ីស្រាអែលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ