18/11/2020 16:37 GMT+7 Email Print Like 0

វៀតណាមគាំទ្រការអនុម័តលើសេចក្តីថ្លែងការណ៍របស់មេដឹកនាំ APEC ស្តីពីចក្ខុវិស័យក្រោយឆ្នាំ ២០២០

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍កំពូលលើកទី ២៧ នៃវេទិកាសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) នាយប់ថ្ងៃទី ១៦ ខែវិច្ឆិកា កិច្ចប្រជុំអន្តររដ្ឋមន្ត្រីការបរទេសនិងសេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-អាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី ៣១ បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់រដ្ឋមន្រ្តី ឧស្សាហកម្មនិងពាណិជ្ជកម្មម៉ាឡេស៊ីគឺ លោក Datuk Seri Mohamed Azmin Ali។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh (ស្តាំ) អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំអន្តររដ្ឋមន្ត្រីការបរទេស-សេដ្ឋកិច្ច (AMM) លើកទី ៣១ (រូបថត៖ baoquocte.vn)


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ។ អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានអះអាងអំពីគោលជំហរនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចទ្រង់ ទ្រាយធំរបស់ APEC ក្នុងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់។ ថ្វីត្បិតដូច្នេះក៏ដោយ APEC កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។ ហេតុដូច្នេះ ប្រទេសជាសមាជិកត្រូវលើកកម្ពស់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដោយខិតខំប្រឹងប្រែង ទប់ស្កាត់ជំងឺរាតត្បាត និងរក្សាសន្ទុះនៃកិច្ច សហប្រតិបត្តិការនិងការផ្សាភ្ចាប់សេដ្ឋកិច្ចក្នុងតំបន់។ ពាក់ព័ន្ធនឹងការខំប្រឹងប្រែងកសាងចក្ខុវិស័យ APEC ក្រោយឆ្នាំ ២០២០ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានលើកច្បាស់ថា៖ “វៀតណាមគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុម័តលើសេចក្តីថ្លែងការណ៍របស់មេដឹកនាំសេដ្ឋកិច្ចនៃសមាជិក APEC ស្តីពីចក្ខុវិស័យ APEC ក្រោយឆ្នាំ ២០២០ ដើម្បីដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រនិងរយៈពេលវែងសម្រាប់កិច្ចសហប្រតិបត្តិការ APEC នៅក្នុងបរិបទពិភពលោកនិងក្នុងតំបន់ កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។  ជាមួយនឹងចក្ខុវិស័យនិងទិសដៅប្រកបដោយមហិច្ឆតាបែបនេះ ចាំបាច់ត្រូវបន្តអះអាងថា  APEC ជាវេទិកាសំខាន់មួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ដែលជាកម្លាំងចលករស្នូលសម្រាប់កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព ការតភ្ជាប់ ការសមស្របនិងការច្នៃប្រឌិត”។

គណៈប្រតិភូវៀតណាមក្នុងកិច្ចប្រជុំ (រូបថត៖ baoquocte.vn)


នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ក្រុមរដ្ឋមន្រ្តីទាំងអស់បានអនុម័តសេចក្តីថ្លែងការណ៍ ដែលបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់សមាជិក APEC ទាំង ២១ ដើម្បីបន្តរួមដៃគ្នាក្នុងការកសាងសហគមន៍អាស៊ី - ប៉ាស៊ីហ្វិកប្រកបដោយវិបុលភាពនិងរក្សាតួនាទីរបស់ APEC ជាយន្ដការសហប្រតិបត្ដិការសេដ្ឋកិច្ចឈានមុខគេក្នុងតំបន់ ក្នុងបណ្តាទសវត្សខាងមុខនេះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ