26/07/2021 16:16 GMT+7 Email Print Like 0

លោក Nguyen Xuan Phuc ត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋសម្រាប់អាណត្តិ ២០២១-២០២៦

នាព្រឹកថ្ងៃទី ២៦ ខែកក្កដា ប្រតិភូចូលរួមសម័យប្រជុំលើកទី ១ រដ្ឋសភា នីតិកាលទី ១៥ បានបោះឆ្នោតជ្រើសតាំង លោក Nguyen Xuan Phuc ប្រធានរដ្ឋសម្រាប់អាណត្តិ ២០១៦-២០២១ (ពីខែមេសាឆ្នាំ ២០២១) កាន់តំណែងជាប្រធានរដ្ឋសម្រាប់អាណត្តិ ២០២១-២០២៦។ បន្ទាប់មក សេចក្តីសម្រេចចិត្តលើខ្លឹមសារនេះក៏ត្រូវបានប្រតិភូអនុម័តផងដែរ។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc ស្បថចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភានិងម្ចាស់ឆ្នោតទូទាំងប្រទេស (រូបថត៖ TTXVN)


អញ្ជើញអនុវត្តន៍ពិធីស្បថចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភានិងម្ចាស់ឆ្នោតទូទាំងប្រទេស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្បថថា ស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ ប្រជាជននិងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយខិតខំបំពេញការងារដែលបក្សរដ្ឋនិងប្រជាជនប្រគល់ជូន។

នៅក្នុងសុន្ទរកថា បន្ទាប់ពីពិធីស្បថចូលកាន់តំណែង ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា៖ “ក្នុងនាមខ្ញុំជាសមាជិករដ្ឋសភា ក្នុងនាមជាប្រធានរដ្ឋ ខ្ញុំនឹងខិតខំប្រឹងប្រែងរួមគ្នាជាមួយរដ្ឋសភា រដ្ឋាភិបាលនិងប្រព័ន្ធនយោបាយទាំងមូល ដើម្បីតាមដានការអនុវត្តចក្ខុវិស័យ គោលមាគ៌ា និងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយរបស់ប្រទេសជាតិដោយស្មារតីមិនទុកឱ្យនរណាម្នាក់នៅខាងក្រោយ ជាពិសេសប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែននិងតំបន់កោះសមុទ្រ។ មិនថា ក្នុងកិច្ចការណាមួយដែលត្រូវបានបក្ស រដ្ឋ រដ្ឋសភានិងប្រជាជនប្រគល់ជូន ប្រធានរដ្ឋនឹងរក្សាសាមគ្គីភាព ឯកភាព ស្រុះចិត្តគំនិតជាមួយប្រជាជន ដោយយកចិត្តទុកដាក់ស្តាប់មតិយោបល់របស់ប្រជាជនពង្រីកប្រជាធិបតេយ្យនិងប្រកាន់ខ្ជាប់នូវតថភាពជាក់ស្តែងដើម្បីជំរុញប្រទេសជាតិឆ្ពោះទៅមុខ”។

ក្រឡែកមើលលើលទ្ធផលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ  (២០១៦ - ២០២១) លោកប្រធានរដ្ឋ Nguyen Xuan Phuc  បានបញ្ជាក់ថា ក្នុងរាល់សកម្មភាពបង្កើតគោលនយោបាយនិងសកម្មភាពគ្រប់គ្រងនានា វៀតណាមតែងតែផ្តោតលើ កំណើនបរិយាប័ន្ននិងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសុខដុមរមនាលើជ្រុងទាំងបីគឺសេដ្ឋកិច្ច សង្គមនិងបរិស្ថាន។ ក្នុងអាណត្តិមួយនេះ ទោះបីនៅមានកំហិតខ្វះខាតក៏ដោយក៏វៀតណាមបានបង្កើតផលិតផលក្នុងស្រុកសរុបជាង ១.២០០ ពាន់លានដុល្លារអាមេរិក បង្កើតការងារជាង ៨ លានហើយតែងតែធានានូវជីវភាព ថែរក្សាសុខភាពនិងសុខុមាលភាពសម្រាប់ប្រជាជន ជាពិសេសប្រជាជនក្រីក្រនៅទូទាំងប្រទេស។ ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ លើកនេះ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់លើកម្លាំងពលំរបស់ប្រទេសជាតិ ក្នុងស្មារតីសាមគ្គីភាពរបស់ប្រជាជន ក្នុងក្តីជឿជាក់ទៅលើរដ្ឋាភិបាល ជឿជាក់ទៅលើវៀតណាមដែលប្រាកដជានឹងឈ្នះ រុញថយក្រោយជំងឺកូវីដ ១៩ ដើម្បីវៀតណាមបន្តបង្កើតឡើងសញ្ញាសម្គាល់ នៃការអភិវឌ្ឍន៍ថ្មី។ ខ្ញុំសូមសម្តែងមោទនភាពយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស ការតស៊ូនិងភាពក្លាហានរបស់ ជនរួមជាតិ ក្នុងការជំនះការលំបាកនិងឧបសគ្គ ហើយទោះបីជួបការលំបាកយ៉ាងណាក៏ដោយប៉ុន្តែអ្នកទាំងអស់គ្នា នៅតែមានសុទិដ្ឋិនិយមក្នុងការបង្រួបបង្រួម ជំនះការលំបាកនិងឈ្នះលើជំងឺរាតត្បាត”។

លោក Nguyen Xuan Phuc  កើតនៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ១៩៥៤ ស្រុកកំណើតនៅខេត្ត Quang Nam។ លោកគឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី X, XI, XII, XIII; សមាជិកការិយាល័យនយោបាយនីតិកាលទី XI, XII, XIII; សមាជិកសភានីតិកាលទី XIII, XIV, XV។

លោកធ្លាប់កាន់តំណែងដូចជា៖ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam; រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល; ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ នៅថ្ងៃទី ៧ ខែមេសាឆ្នាំ ២០១៦ ក្នុងសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៣ លោកត្រូវបានជ្រើសតាំងកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ១៣ នៃរដ្ឋសភា។ នៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០១៦ នៅសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី XIV លោកត្រូវបានជ្រើសតាំងឱ្យកាន់តំណែងជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី XIV នៃរដ្ឋសភា។ ចាប់ពីខែមេសាឆ្នាំ ២០២១ លោកត្រូវបានជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិ ២០១៦ - ២០២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ