30/10/2020 14:47 GMT+7 Email Print Like 0

ព្យុះ Molave បណ្តាលការខូចខាតយ៉ាងខ្លាំងនៅខេត្តភាគកណ្តាលនិងតំបន់ Tay Nguyen

ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung អញ្ជើញត្រួតពិនិត្យនិងដឹកនាំការងារជួយសង្គ្រោះនៅតាមផ្លូវទៅកាន់កន្លែងហើតហេតុ (រូបថត៖ TTXVN)

គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ២៩ ខែតុលា ការរអិលបាក់ដីធ្ងន់ធ្ងរ ២ កន្លែង នៅខេត្ត Quang Nam បានកប់មនុស្សចំនួន ៦៦ នាក់ក្រោមដី។ ទើបរកឃើញសាកសពចំនួន ១៩ ប៉ុណ្ណោះ។ ហើយអាជ្ញាធរកំពុងខិតខំរកជនរងគ្រោះដែលនៅសេសសល់។

នាព្រឹកថ្ងៃទី ២៩ ខែតុលា ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានទៅដល់ស្រុក Bac Tra My ខេត្ត Quang Nam ដើម្បីដឹកនាំផ្ទាល់ការស្វែងរកនិងជួយសង្គ្រោះ។ លោកបានស្នើឱ្យក្រុមអ្នកជួយសង្គ្រោះ ខិតមកជិតកន្លែងកើតមានឡើងការបាក់ដីផងដែរ។

ក្នុងពេលជាមួយគ្នានោះ ខេត្ត Quang Nam កំពុងប្រមូលផ្តុំកម្លាំងនិងមធ្យោបាយដើម្បីខិតមកជិតកន្លែងកើតហេតុ។ លោក Nguyen Quang អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Phuoc Son ខេត្ត Quang Nam បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ យើងខ្ញុំកំពុងកៀរគរកម្លាំងនៅនឹងកន្លែង រួមទាំងកងជីវពលនិងប្រជាជនចំនួន ៥០ នាក់ ដើម្បីទៅស្វែងរកនិងបើកផ្លូវដែលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដើម្បីទៅកាន់កន្លែងកើតហេតុវិញ។ ទន្ទឹមជាមួយគ្នានេះ យើងក៏បង្កើតក្រុមស្វែងរកនិងជួយសង្គ្រោះ ដោយកងទ័ពនិងប៉ូលីសទទួលបន្ទុក រួមទាំងភ្នាក់ងារមួយចំនួនក៏បានកៀរគរកម្លាំងដើម្បីខិតមកជិតកន្លែងកើតហេតុផងដែរ”។

នៅខេត្ត Quang Ngai នៅព្រឹកថ្ងៃទី ២៩ ខែតុលា ទឹកបានស្រក ប៉ុន្តែតំបន់ទំនាបខ្លះនៅតែស្ថិតក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយខាងក្រៅដោយសារទឹកជំនន់។ លោក Dinh Van Sam ប្រធានគណៈ កម្មាធិការប្រជាជនស្រុក Nghia Hanh ខេត្ត Quang Ngai បានអោយដឹងថា៖ “យើងកំពុងកំណត់តម្រូវការអាហារនិងទឹកផឹកនៅតំបន់លិចទឹក ដើម្បីផ្តល់ជំនួយឧបត្ថម្ភបន្ទាន់។ ទី ២ គឺការបោសសំអាតដើមឈើដែល ដួលរលំ និងពិនិត្យមើលការខូចខាតដើម្បីមានវិធានការដោះស្រាយនាពេលអនាគត។ ឈរលើស្មារតីគឺ មូលដ្ឋានអាចម្ចាស់ការជំនះផលវិបាក ហើយសកម្មសម្រាប់តំបន់ដែលកំពុងជួបការលំបាកស្រុកប្រមូលផ្តុំកម្លាំងប្រដាប់អាវុធចុះជួយឧបត្ថម្ភផងដែរ”។

នៅព្រឹកថ្ងៃទី ២៩ ខែតុលានេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសមានប្រសាសន៍ថា នឹងកៀរគរកម្លាំងដែលឈរជើងនៅលើកោះ ហើយនាវាត្រៀមរួចជាស្រេច ដើម្បីចូលរួមក្នុងសកម្មភាពស្វែងរកនិងជួយសង្គ្រោះសំដៅកាត់បន្ថយការខូតខាតរបស់ប្រជាជនដល់កម្រិតទាបបំផុត៕
  
តាម VOV5 - វិទ្យុសម្លេងវៀតណាម 
បណ្តាព័ត៌មានបានផ្សាយ