06/11/2021 13:27 GMT+7 Email Print Like 0

ពង្រីកប្រសិទ្ធភាពដោយកិច្ចព្រមព្រៀង EVFTA នាំមក

ក្រោយរយៈពេលជាងមួយឆ្នាំដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) បានចូលជាធរមាន និងចាប់ផ្តើមដំណើរការ  EVFTA បានបង្ហាញពីប្រសិទ្ធ ភាពច្បាស់លាស់ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចរវាងភាគីទាំងពីរ ជាពិសេសកំណើនពាណិជ្ជកម្មនៃការនាំចូល-នាំចេញទ្វេភាគី។ បន្ទាប់ពីជោគ ជ័យជាជំហានដំបូង ភាគីទាំងពីរកំពុងឈានចូលដល់ដំណាក់កាល ពោរពពេញទៅដោយការលំបាក ក្រោមសម្ពាធដែលមិនធ្លាប់មានពីមុនមកនៃជំងឺរាតត្បាតនៅវៀតណាមក៏ដូចជានៅលើពិភពលោក។ ប្រការនេះតម្រូវឱ្យមានការផ្លាស់ប្តូរថ្មីសមស្រប ដើម្បីបន្តបង្កើត ជាអតិបរមានូវឱកាសដែល EVFTA នាំមកជូន។
 

នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ត្រូវបានចុះហត្ថលេខាជាផ្លូរូការ ហើយដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ កិច្ចព្រមព្រៀងនេះមានសុពលភាពជាផ្លូវការ (រូបថត៖ VGP)


មានសុពលភាពចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០, EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីមួយ ដែលអនុញ្ញាតឱ្យវៀតណាមតភ្ជាប់ដោយផ្ទាល់ក្នុងពេលតែមួយ ជាមួយប្រទេសសេដ្ឋកិច្ចសមាជិក EU ចំនួន ២៧ ដែលជាទីផ្សារមានកម្លាំងទិញធំទីពីរទូទាំងពិភពលោក។ ចំណែកខ្លួនវិញ ទីផ្សារវៀតណាមដែលមានប្រជាជន ៩៨ លាននាក់និងសេដ្ឋកិច្ចតម្រង់ទិសនាំចេញក៏មានតម្រូវការខ្ពស់សម្រាប់ប្រភពធាតុចូលសម្រាប់ផលិតកម្ម ក៏ដូចជាផលិតផលប្រើប្រាស់ដែលមានគុណភាពល្អពីសហភាពអឺរ៉ុបផងដែរ។

EVFTA និងតម្លៃដែលមិនអាចបដិសេធបានឡើយ

ចាប់តាំងពីចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០មក  EVFTA បានបង្ហាញពីការរួមចំណែកដ៏មានអត្ថន័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរវាងភាគីទាំងពីរនិងសម្រាប់កំណើនរបស់វៀតណាម។

ប្រសិនបើក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២០ ការនាំចេញរបស់វៀតណាមទៅកាន់ EU បានធ្លាក់ចុះជាបន្តបន្ទាប់ ជាមួយនឹងកម្រិតថយចុះសរុបគឺ -៥,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ គឺស្ថានភាពបានផ្លាស់ប្តូរទាំងស្រុងក្នុងរយៈពេល ៥ ខែចុងក្រោយនៃឆ្នាំ ២០២០ ក្រោមឥទ្ធិពលវិជ្ជមានដែល EVFTA នាំមកជូន។ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១ ការនាំចេញពីវៀតណាមទៅកាន់ EU នៅតែកើនឡើងជាបន្តបន្ទាប់និងស្ថិរភាព ជាពិសេសការលោតផ្លោះរបស់ក្រុមផលិតផលកសិកម្ម។

ក្នុងទិសដៅផ្ទុយវិញ EVFTA ក៏ជំរុញយ៉ាងខ្លាំងនូវការនាំចូលពី EU ទៅកាន់វៀតណាម ជាមួយ នឹងផលិតផលជាប្រៀបខ្លាំង ហើយក៏ជាប្រភពធាតុចូលដ៏សំខាន់សម្រាប់វៀតណាមផងដែរ។ គួរកត់សម្គាល់ថា អត្រានៃការនាំចេញដោយប្រើប្រាស់ពន្ធអនុគ្រោះក្រោម EVFTA របស់វៀត ណាមក៏បានឈានដល់កម្រិតខ្ពស់បំផុតបើធៀបនឹងឆ្នាំដំបូងនៃការអនុវត្ត FTA ផ្សេងទៀត។ លោក Tran Quoc Khanh អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានវាយតម្លៃថា៖ “ការអនុវត្តកិច្ចព្រមព្រៀងបាននាំមកនូវផលវិជ្ជមានយ៉ាងខ្លាំង។ ទំហំពាណិជ្ជកម្មទ្វេភាគីគិតទៅតាមឆ្នាំកើនឡើង ១២%។ ការនាំចេញរបស់វៀតណាមទៅ EU សម្រេចបាន ៣៨ ពាន់លានដុល្លារអាមេរិក ខណៈ EU នាំចេញទៅវៀតណាមសម្រេចបាន ១៦ ពាន់លានដុល្លារ។ ទំហ៊ំពាណិជ្ជកម្មសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញដើម្បីទទួលផលអនុគ្រោះនៃកិច្ចព្រមព្រៀងមានរហូតដល់ជិត ៨ ពាន់លានដុល្លារអាមេរិក”។

ក្រៅពីប្រសិទ្ធភាពនៃសកម្មភាពនាំចេញ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ មានកម្មវិធីជាច្រើនដែលអនុវត្តន៍កិច្ចព្រមព្រៀងពីថ្នាក់រដ្ឋាភិបាល ក្រសួង និងមូលដ្ឋាន ដូចជាការផ្សព្វផ្សាយ បង្កើតឯកសារច្បាប់ លើកកំពស់សមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព…។ សកម្មភាពទាំងអស់នេះសុទ្ធតែបានកត់ត្រាវឌ្ឍនភាពវិជ្ជមានផងដែរ។

កំណត់គុណសម្បត្តិនិងគុណវិបត្តិ ដើម្បីទាញយកឱកាសពីអនាគត

សញ្ញាវិជ្ជមានដំបូង ក្រោយរយៈពេល ១ ឆ្នាំនៃការអនុវត្ត បានបញ្ជាក់ពីគុណសម្បត្តិពាណិជ្ជកម្មរបស់វៀតណាមក្នុងនាមជាសមាជិកនៃ EVFTA។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមបាននឹងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន នៅពេលដែលចំណាយពាណិជ្ជកម្មរបស់វៀតណាមខ្ពស់ជាងប្រទេសដទៃទៀតនៅក្នុងតំបន់។ ជាពិសេស ក្រោមឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ពី EU មកកាន់វៀតណាមកំពុងថយចុះ។ ហេតុដូច្នេះ ដើម្បីជំនះការលំបាកក្នុងសម័យកាលនេះ ការស្តារផលិតកម្មឡើងវិញ ទាញយកផលប្រយោជន៍នាំមុខគេ និងខិតខំប្រឹងប្រែងលើកកំពស់គុណសម្បត្តិក្នុង EVFTA នោះ វៀតណាមនឹងមិនបាត់បង់ឱកាសល្អប្រសើរនាពេលខាងមុខឡើយ។ លោក Le Quoc Phuong អតីតអនុប្រធានមជ្ឈមណ្ឌលព័ត៌មានឧស្សាហកម្មនិងពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានលើកសំណើរថា៖ "ចាំបាច់ត្រូវលើកកម្ពស់ថែមទៀតសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស ជាមួយនឹងដំណោះស្រាយរយៈពេលវែង។ ពីរគឺ លើកកម្ពស់ឧស្សាហកម្មគាំទ្រឱ្យកាន់តែខ្លាំងនិងលឿនជាងមុន។ នៅចំពោះមុខ នៅតែត្រូវមានដំណោះស្រាយរយៈពេលខ្លីសម្រាប់អាជីវកម្មដើម្បីប្រើប្រាស់បានល្អនូវអនុគ្រោះពី EVFTA។ ប៉ុន្តែ បញ្ហាស្នូលក៏នៅតែជាតម្លៃបន្ថែមនិងខ្លឹមសារបច្ចេកវិទ្យានៅក្នុងផលិតផលនាំចេញរបស់វៀតណាម”។

យោងតាមការគណនារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ ប្រសិនបើបានអនុវត្តន៍ក្រោមលក្ខខណ្ឌធម្មតា EVFTA អាចនាំមកនូវទឹកប្រាក់ចំនួន ៥,៥ ពាន់លានដុល្លារ សម្រាប់ទំហំនាំចេញសរុបរបស់វៀតណាម រួមទាំងឱកាសដើម្បីក្លាយជាតំណភ្ជាប់ដ៏សំខាន់ជាងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ប៉ុន្តែ  ក្នុងបរិបទនៃការរាតត្បាតនេះ វៀតណាមត្រូវគិតគូរអំពីជម្រើសសម្រាប់កំណត់ទីតាំងរបស់ខ្លួនឡើងវិញក្នុងខ្សែសង្វាក់តម្លៃនោះ ជាមួយនឹងដំណោះស្រាយគោលនយោបាយកាន់តែខ្លាំងក្លា និងសកម្មជាងមុន មានការកសាងសមត្ថភាពផលិត និងនាំចេញដ៏ល្អបន្ថែមទៀត ក្នុងទិសដៅផ្តល់អាទិភាពដល់តម្លៃបន្ថែម និងបច្ចេកវិទ្យាខ្ពស់។ សេដ្ឋវិទូបណ្ឌិត Le Dang Doanh បានចាត់ទុកថា៖ “នេះគឺជាឱកាសមួយសម្រាប់យើងក្នុងការអនុវត្តសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលអេឡិចត្រូនិក និងអនុវត្តយ៉ាងខ្លាំងក្លានូវបច្ចេកវិទ្យាព័ត៌មាន ដើម្បីពិតជាមានអង្គភាពអាជីវកម្មអនុវត្តន៍សេដ្ឋកិច្ចឌីជីថល។ ហើយដើម្បីអាចបង្កើនអត្រានៃការនាំចេញនិងតម្លៃនាំចេញ យើងត្រូវតែដំណើរការ មិនមែនគ្រាន់តែនាំចេញផលិតផលតម្លៃបន្ថែមទាបនោះទេ។ ដូច្នេះ EVFTA មិនត្រឹមតែជាឱកាសនាំចេញប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់កំណែទម្រង់ ជំរុញការផ្លាស់ប្តូរដ៏យ៉ាងខ្លាំងក្លាទៅជាសេដ្ឋកិច្ច ឌីជីថល និងលើកកម្ពស់ការប្រកួតប្រជែងសម្រាប់អង្គភាពអាជីវកម្ម”។

មិនត្រឹមតែសម្រេចបាននូវគោលដៅនាំចេញជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ វៀតណាមក៏កំពុងធ្វើឱ្យសុក្រិត្យស្ថាប័ន និងច្បាប់ឲ្យបានល្អឥតខ្ចោះជាបណ្តើរៗ ដោះស្រាយបញ្ហាជំពាក់ជំពិនក្នុងនីតិវិធីគយនិងរបាំងមិនមែនពន្ធ។

យ៉ាងណាមិញ បន្ទាប់ពីរយៈពេលជាងមួយឆ្នាំនៃការអនុវត្ត, EVFTA បាននាំមកនូវផ្លែផ្កាជាច្រើន ប៉ុន្តែទន្ទឹមនឹងនោះ ការលំបាកក៏បានលេចឡើងជាបណ្តើរៗផងដែរ។ ដោយកំណត់ច្បាស់នូវឱកាសនិងបញ្ហាប្រឈម នឹងជួយភាគីទាំងពីរទាញយកសក្តានុពល និងគុណសម្បត្តិរបស់គ្នាទៅវិញទៅមកបានយ៉ាងល្អ និងជំរុញទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបឲ្យមានការអភិវឌ្ឍន៍កាន់តែរឹងមាំ នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ