ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជូនព័ត៌មានអំពីដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតិអាមេរិកលោក Barack Obama
នៅវេលាម៉ោង២១និង៤៥នាទី ប្រធានាធិបតីអាមេរិកលោក Barack Obama បានចាប់ផ្តើមមកដល់ទីក្រុងហាណូយ
ព្រឹត្តិការដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមជ្ឈដ្ឋានសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសនេះនាប៉ុន្មានថ្ងៃថ្មីៗនេះ។ កាសែត “The Hill” របស់រដ្ឋសភាអាមេរិកក្នុងច្បាប់ចេញ ថ្ងៃទី២២ខែឧសភា បានចុះផ្សាយអត្ថបទមានចំណងជើងថា “ប្រធានាធិបតីអាមេរិក អញ្ជើញទៅវៀតណាម ចាប់ផ្តើមដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ” ដែលក្នុងនោះឲ្យដឹងថា លោក Obama នឹងជួបសន្ទនា ទ្វេភាគីជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលវៀតណាម សំដៅពិភាក្សាលើវិធាន ការបង្កើនទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ រីឯគេហទំព័រ NBC និង Fox News វិញ ក៏បានលើកត្រដែតនូវការសន្យា “តុល្យភាពឡើងវិញ” ទៅកាន់តំបន់អាស៊ី- ប៉ាស៊ីហ្វិករបស់លោក Obama ដែរ។ រួមជាមួយនោះ កាសែត New York Times បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោក Obama ជាឱកាសធ្វើឲ្យទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចជាមួយវៀតណាមកាន់តែស៊ីជម្រៅ ពីមួយថ្ងៃទៅមួយថ្ងៃ។ សារព័ត៌មាន វិថី Wall ក៏បានផ្តោតការយកចិត្តទុកដាក់ទៅ លើពេលវេលាស្នាក់នៅវៀតណាមរបស់ លោក Obama និងចាត់ទុកថា កម្រមានប្រធានាធិបតីអាមេរិកណាមួយ ដែលចំណាយរយៈពេលទៅដល់៣ថ្ងៃសម្រាប់ ទស្សនាប្រទេសមួយសោះ។ ប្រការនេះបញ្ជាក់ថា អាមេរិកយកចិត្តទុកដាក់ពិសេសលើការបង្កើនទំនាក់ទំនង ជាមួយវៀតណាម។ ហើយទីភ្នាក់ងារសារព័ត៌មាន CNN បានចុះផ្សាយអត្ថបទដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោក Obama ជាឱកាសសម្រាប់សរសេឡើងទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ រីឯទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងក៏បានចាត់ទុកផងដែរថា លោក Obama កំពុងខិតខំប្រឹងប្រែងសរសេរឡើងទំព័រប្រវត្តិសាស្ត្រថ្មី តាមរយៈដំណើរទស្សនកិច្ចវៀតណាមលើកនេះ។ នាថ្ងៃទី២៣ខែឧសភា ទីភ្នាក់ងារសារព័ត៌មានជាតិអាហ្សង់ទីន Telam បានជូន ដំណឹងថា ប្រធានាធិបតីអាមេរិកលោក Barack Obama បានអញ្ជើញទៅកាន់ ក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការលើកដំបួង របស់លោកនៅវៀតណាម សំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធារវាង ប្រទេសទាំងពីរ។ ក្នុងថ្ងៃដដែល កាសែត Clarin ជាសារព័ត៌មានពេញនិយមរបស់ ប្រជាជនអាហ្សង់ទីនក៏បានចុះផ្សាយនូវអត្ថបទដោយវាយតម្លៃសកម្មទៅលើ ដំណើរទស្សនកិច្ចរបស់ លោក Obama ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម