ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ (VNA)
នាថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៦ ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ លោក Hassan Rouhani បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៥ ដល់ទី ៧ តុលា ឆ្នាំ ២០១៦ តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានជួបសន្ទនាជាមួយអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបចរចារជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ក្នុងបណ្ដា ជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ឯកភាពរៀបចំសម័យប្រជុំលើកទី ៩ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម- អ៊ីរ៉ង់សំដៅអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលទទួលបានក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតី Hassan Rouhani។ ភាគីទាំងពីរបានអះអាងខំប្រឹងប្រែងជាមួយគ្នាដើម្បីការជឿនលឿននិងភាពសម្បូររុងរឿងនៅអាស៊ីក្នុងនោះមានអាស៊ាន។ វៀតណាមនិងអ៊ីរ៉ង់ក៏នឹងខំប្រឹងប្រែងទទួលបានតំលៃពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២ ពាន់លានដុល្លាអាមេរិកនាពេលខាងមុខ។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាទៅវិញទៅមកសហប្រតិបត្តិការលើវិស័យព័ត៌មាននិងផ្សព្វផ្សាយនិងកិច្ចព្រមព្រៀងលើកលែងទដ្ឋាការសំរាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍រួមវៀតណាម-អ៊ីរ៉ង់ ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងការពិគ្រោះយោបល់និងផ្លាស់ប្តូរព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងរត់ពន្ធជួញដូរទំនិញគ្រឿងញៀនខុសច្បាប់ បទល្មើសឆ្លងដែននិងបទល្មើសលើបណ្តាញអ៊ីនធឺណែត។
ក្នុងកាលៈទេសៈ ស្ថានភាពលើពិភពលោកកំពុងមានការផ្លាស់ប្តូរច្រើននិងស្មុគស្មាញ ថ្នាក់ដឹកនាំទាំងពីររូបបានជឿជាក់ថា៖ សន្តិភាពនិងស្ថិរភាពនៅអាស៊ី-អាគ្នេយ៍និងអាស៊ីខាងលិចគប្បីរក្សា ដើម្បីផលប្រយោជន៍រួមនៃសហគមន៍អន្តរជាតិ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា៖ សហគមន៍អន្តរជាតិគប្បីប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មនិងជ្រុលនិយម ហើយគាំទ្របណ្ដាការសន្ទនាស្តីពីគោលនយោបាយនិងកិច្ច សហប្រតិបត្តិការស្តីពីបញ្ហានេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម