07/09/2021 12:16 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅប្រទេសអឺរ៉ុបខាងកើត

នាយប់ថ្ងៃទី ៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងវីយែនប្រទេសអូទ្រីស ប្រធានរដ្ឋសភា Vuong Dinh Hue បានជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមចំនួន ៦ រូបប្រចាំនៅអឺរ៉ុប (រូបថត៖ VOV)


នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ តាមម៉ោងតំបន់ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅដល់អាកាសយានដ្ឋាន Schwechat ដើម្បីចូលរួមសន្និសីទនៃប្រធានសភាពិភពលោកលើកទី ៥ (WCSP5) នៅទីក្រុងវីយែន ប្រទេសអូទ្រីស តបតាមការអញ្ជើញរបស់ប្រធានសហភាពអន្តរសភា (IPU) Duarte Pacheco  និងប្រធានក្រុមប្រឹក្សាជាតិអូទ្រីស លោក  Wolfgang Sobotka។ សន្និសីទនៃប្រធានសភា ពិភពលោកលើកទី ៥ ដោយសហភាពអន្តរសភា អង្គការសហប្រជាជាតិនិងសភានៃសាធារណរដ្ឋអូទ្រីសសម្របសម្រួលរៀបចំឡើង ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២១ ក្នុងទម្រង់ទល់មុខគ្នា។

នាយប់ថ្ងៃទី ៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតវៀតណាមចំនួន ៦ រូប ប្រចាំនៅអឺរ៉ុបរួមមាន៖ សាធារណរដ្ឋឆែក; ស្លូវ៉ាគី; ហុងគ្រី; ប៉ូឡូញ; អូទ្រីសទទួលបន្ទុកស្លូវេនី និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់វៀតណាមនៅក្រៅប្រទេសរួមទាំងបណ្តាប្រទេសនៅអឺរ៉ុប ដែលបានដាក់ពង្រាយការទូតវ៉ាក់សាំងយ៉ាងសកម្ម ដោយទទួលបានលទ្ធផលដំបូងយ៉ាងល្អប្រសើរ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានអះអាងថា រដ្ឋសភានឹងរួមសហការជាមួយរដ្ឋាភិបាលដើម្បីពិចារណានិងដោះស្រាយរាល់បញ្ហាកំពុងជាប់គាំង ដើម្បីពន្លឿននិងជំរុញខ្លាំងការទិញនិងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សំដៅបំពេញតម្រូវការរបស់ប្រទេសជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ បច្ចុប្បន្ន។

ក៏នាយប់ថ្ងៃទី ៥ ខែកញ្ញា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋអូទ្រីសរួមទាំងតំណាងសហ គមន៍ជនវៀតណាមនៅក្នុងប្រទេសចំនួន ៦ រួមមាន៖ អូទ្រីស សាធារណរដ្ឋឆែក ប៉ូឡូញ  សហព័ន្ធអាល្លឺម៉ង់ ហុងគ្រីនិងស្លូវ៉ាគី។ យោងតាមប្រធានរដ្ឋសភា លោក Vuong Dinh Hue សហគមន៍ជនវៀតណាមនៅលើពិភពលោកនិយាយរួមក៏ដូចជានៅអឺរ៉ុបនិងប្រទេសទាំង ៦ ដែលមានវត្តមាននៅក្នុងពិធីនេះ តែងតែមានប្រពៃណីសាមគ្គីភាព តភ្ជាប់ទំនាក់ទំនងនិងជួយគ្នាទៅវិញទៅមក។ លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “បងប្អូនជនរួមជាតិតែងតែមានបេះដូងឆ្ពោះទៅរកមាតុភូមិ មិនត្រឹមតែដោយពាក្យសំដីប៉ុណ្ណោះទេ ថែមទាំងដោយការងារជាក់ស្តែង នៅពេលមានបញ្ហាទាក់ទងនឹងព្យុះ ទឹកជំនន់ គ្រោះធម្មជាតិឬសូម្បីតែការរីករាលដាលនៃជំងឺកូវីដ-១៩ បងប្អូនជនរួមជាតិរបស់យើងនៅក្រៅប្រទេសក៏បានលះបង់អស់ពីចិត្តអស់ពីថ្លើម ហើយព្យាយាមធ្វើឱ្យអស់ពីលទ្ធភាពដើម្បីជួយមាតុភូមិ។ នោះគឺជាទឹកចិត្តដ៏មានតម្លៃបំផុត។ លើសពីនេះទៅទៀត សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក៏បានរួមចំណែកយ៉ាងច្រើនក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ចំនួនទឹកប្រាក់ផ្ញើមកពីក្រៅប្រទេសបានកើនដល់ជាង ៧០ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ មានគម្រោងប្រមាណ ៣៦០ គម្រោងរបស់អាណិកជនវៀតណាម មកពីប្រទេសនិងតំបន់ដែនដីចំនួន ២៧ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ១,៦ ពាន់លានដុល្លារអាមេរិកដែលវិនិយោគចូលមកវៀតណាម ហើយពង្រីកបានប្រសិទ្ធិភាពល្អណាស់”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ