15/11/2020 15:18 GMT+7 Email Print Like 0

បណ្ដាដៃគូបានអះអាងពីការអភិវឌ្ឍទំនាក់ទំនង សហប្រតិបត្តិការជាមួយអាស៊ាន


កិច្ចប្រជុំកំពូលអាស៊ាន - សហរដ្ឋអាមេរិកលើកទី ៨ (រូបថត៖ TTXVN)
 

បន្តកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនោះ នាថ្ងៃទី ១៤ ខែវិច្ឆិកា   ឆ្នាំ២០២០ បានប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលរវាងអាស៊ាននិងបណ្ដាដៃគូដូចជា៖ កិច្ចប្រជុំកំពូលអាស៊ាន - សហរដ្ឋអាមេរិកលើកទី ៨ កិច្ចប្រជុំកំពូលអាស៊ាន- ណូវែលហ្សេឡង់ និងកិច្ចប្រជុំកំពូលអាស៊ាន- អូស្ត្រាលីលើកទី ២ជាដើម។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថ្នាក់ដឹកនាំអាស៊ាន និងអគ្គលេខាធិការ អាស៊ានបានអញ្ជើញចូលរួមកិច្ចប្រជុំទាំងនេះ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - សហរដ្ឋអាមេរិកលើកទី ៨ នោះ មេដឹកនាំនៃបណ្តាប្រទេសអាស៊ានបានស្វាគមន៍សហរដ្ឋអាមេរិក ដែលបានចំណាយប្រាក់ចំនួន ៣.៥ ពាន់លានដុល្លាដើម្បីលើកកម្ពស់សមត្ថភាពសុខភាពសាធារណៈរបស់បណ្តាប្រទេសអាស៊ានក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ព្រមទាំងស្នើឱ្យសហរដ្ឋអាមេរិកអនុវត្តគំនិតផ្តួចផ្តើមអនាគតនៃសុខាភិបាលអាស៊ាន - សហរដ្ឋអាមេរិក។ អាស៊ានមានគោលបំណងថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងសកម្មចំពោះមូលនិធិអាស៊ានស្ដីពីការឆ្លើយតបនឹងជំងឺកូវីដ ១៩ និងស្តុកបម្រុងបរិក្ខាពេទ្យតំបន់អាស៊ាន ដែលទើបបានបង្កើតថ្មី។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ “ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ានចាប់តាំងពីឆ្នាំ ២០១៥ មក ការចូលរួមប្រកបដោយមានការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការជឿទុកចិត្ត កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់តាមរយៈក្របខ័ណ្ឌ ដែលដឹកនាំដោយអាស៊ានគឺតែងតែទទួលបានការស្វាគមន៍។ យើងខ្ញុំវាយតម្លៃខ្ពស់ថា សហរដ្ឋអាមេរិកគឺជាដៃគូដ៏សកម្ម ដោយបានជំរុញគំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើនដើម្បីជួយបណ្ដាប្រទេសអាស៊ាននិងអាស៊ីអាគ្នេយ៍ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”។

ជាការឆ្លើយតបវិញ  ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert C. O’Brien បានអះអាងថា៖ “ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ បច្ចុប្បន្ននេះ ទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិកកាន់តែដើរតួនាទីដ៏សំខាន់ ព្រោះថាយើងអាចសហប្រតិបត្តិការ ដើម្បីគ្រប់គ្រងជំងឺរាតត្បាត។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូអាស៊ានក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់។ យើងខ្ញុំគាំទ្រអធិបតេយ្យភាពរបស់ប្រទេសឯករាជ្យ និងអភិវឌ្ឍន៍ ដោយទន្ទឹងរង់ចាំដោយធ្វើយ៉ាងដូចម្ដេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសនីមួយៗនិងតំបន់ទាំងមូលផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ