05/11/2021 13:36 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញមានជំនួបប្រាស្រ័យ ជាន់ខ្ពស់នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំង

នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា (តាមម៉ោងតំបន់) យន្ត ហោះពិសេសដឹកលោក នាយករដ្ឋមន្រ្តី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅកាន់ ព្រលានយន្តហោះ Orly នៅរដ្ឋធានីប៉ារីស ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅ សាធារណៈរដ្ឋបារាំងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីបារាំង លោក Jean Castex។

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានប្រព្រឹត្តទៅនៅវិមាន Invalides រដ្ឋធានី ប៉ារីស។

បន្ទាប់ពីពិធីទទួល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួប សវនាការជាមួយប្រធានព្រឹទ្ធសភាបារាំងលោក Gerard Larcher។ លោកនាយក រដ្ឋមន្រ្តីបានកោតសរសើរចំពោះការរួមវិភាគទានដ៏សែនសំខាន់របស់ស្ថាប័នសភានៃប្រទេសទាំងពីរ ទៅក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការពហុវិស័យវៀតណាម-បារាំង ក្នុងនោះមានដំណើរការជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់។ លោកនាយករដ្ឋ មន្រ្តីមានបំណងថា ភាគីទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីរៀបចំប្រកបដោយ ជោគជ័យនូវកិច្ចប្រជុំអំពីកិច្ចសហប្រតិបត្តិការរវាងបណ្ដាតំបន់លើកទី១២នៅទីក្រុង ហាណូយនាឆ្នាំ២០២២។

 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (ខាងស្ដាំ) អញ្ជើញជួបសវនាការជាមួយប្រធានព្រឹទ្ធសភាបារាំងលោក Gerard Larcher។ (រូបថត៖ VOV)
 
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្រ្តីបារាំង លោក Jean Castex។ (រូបថត៖ VOV)


រីឯខ្លួនវិញ លោកប្រធានព្រឹទ្ធសភា Gerard Larcher បានសម្ដែងក្ដីសប្បាយ រីករាយក្នុងឱកាសទទួលលោក Pham Minh Chinh អញ្ជើញមកបំពេញទស្សនកិច្ច ជាផ្លូវការលើកដំបូងនៅបារាំង ក្នុងនាមជានាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម ហើយ បញ្ជាក់ថា បារាំងគោរពឋានៈនិងតួនាទីរបស់ វៀតណាម។ លោកមានបំណងថា ទំនាក់ ទំនងមិត្តភាពប្រពៃណី ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើន កាន់តែស៊ីជម្រៅ ជាក់ស្ដែងលើគ្រប់វិស័យ។

លោកប្រធានព្រឹទ្ធសភាបារាំងក៏បានឯកភាពលើការសម្របសម្រួលគ្នាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ហើយគាំទ្រចំពោះការផ្ដល់សច្ចាប័នក្នុងពេលឆាប់ៗលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-EU (EVIPA) សំដៅពង្រីកជាអតិបរមានូវសក្ដានុពលនៃកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមជាមួយបារាំងនិងប្រទេស EU ផ្សេងៗ ព្រមទាំងត្រៀមខ្លួនជាស្រេចពិចារណាលើការដាស់តឿនឲ្យគណៈកម្មាធិការ អឺរ៉ុប (EC) ដកការព្រមាន “កាតលឿង” ទៅលើផ្នែកជលផលវៀតណាមឲ្យបានឆាប់ ផងដែរ។

នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា នៅវិមាន Matignon នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាមលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋ មន្រ្តីបារាំង លោក Jean Castex; ចូលរួមជាសក្ខីភាពនៅពិធីចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ ហើយចូលរួមពិធី ជប់លៀងជាផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីបារាំងដើម្បីទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីវៀតណាម។

នៅជំនួបពិភាក្សាការងារ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនាពេលកន្លងមក។ លោកនាយក រដ្ឋមន្រ្តីបារាំងឲ្យដឹងថា នឹងផ្ដល់ជូនវៀតណាមវ៉ាក់សាំងបង្ការកូវីដ-១៩បន្ថែមទៀត ក្នុង បរិមាណ៩៧ម៉ឺនដូសតាមរយៈយន្តការ COVAX និង៤០ម៉ឺនដូសតាមទម្រង់ទ្វេភាគី ដែលបង្កើនបរិមាណវ៉ាក់សាំងសរុបដែលបារាំងជួយឧបត្ថម្ភវៀតណាមរហូតមកដល់ ពេលនេះឡើងដល់ជាង២លានដូស។

ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្នាំ២០២៣នឹងជាខួបគម្រប់៥០ឆ្នាំនៃ ការបង្កើតទំនាក់ទំនងការទូតនិង១០ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង ដូច្នេះលោកនាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពថា រួមគ្នាកសាង ផែនការមេ បង្កើតវឌ្ឍនភាពដ៏ខ្លាំងក្លាដើម្បីធ្វើជាមូលដ្ឋានសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនង វៀតណាម-បារាំងឡើងដល់កំពស់ថ្មី; ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់និងអន្តរជាតិ ព្រមទាំងគាំទ្រគ្នាទៅវិញ ទៅមកយ៉ាងសកម្មនៅតាមវេទិកាពហុភាគីនានាផងដែរ។

ផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលជាកង្វល់រួម ក្នុងនោះមានបញ្ហា សមុទ្រខាងកើតនោះ លោកនាយករដ្ឋមន្រ្តីទាំងពីរបានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ ចាំបាច់ត្រូវរួមចំណែកទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ហើយដោះស្រាយជម្លោះអន្តរជាតិ ដោយសន្តិវិធី ដោយឈរលើការគោរពតាមគោលការណ៍នានានៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

បន្ទាប់ពីជំនួបពិភាក្សាការងារ លោកនាយករដ្ឋមន្រ្តីទាំងពីរបានអញ្ជើញចូលរួម ជាសក្ខីភាពនៅពិធីចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងកិច្ច សន្យាសេដ្ឋកិច្ចធំៗមួយចំនួន ក្នុងនោះគួរឲ្យកត់សម្គាល់មាន អនុស្សរណៈយោគយល់ គ្នាលើវិស័យផ្កាយរណប ទីក្រុងឆ្លាតវៃ ការកំណត់អត្តសញ្ញាឌីជីថល និងសន្តិសុខ បណ្ដាញអ៊ីនធឺណែតរវាងសម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍ ទូរគមនាគមន៍វៀតណាម និង ក្រុមហ៊ុន Thales និងអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air Bamboo Airways និង Safran។

នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា នៅទីក្រុងប៉ារីស ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways របស់វៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន Safran របស់បារាំងបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាក្នុងតម្លៃ២ពាន់លានអឺរ៉ូ ក្រោមការអញ្ជើញជាសក្ខីភាព របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ