26/06/2021 08:26 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ស្នើឲ្យ WHO ជួយឧបត្ថម្ភវៀតណាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំង

នារសៀលថ្ងៃទី ២៤ ខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh (រូបថត៖ VGP)


នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការ និងរាល់ការជួយឧបត្ថម្ភរបស់ WHO ចំពោះការអភិវឌ្ឍនៃផ្នែកសុខាភិបាលវៀតណាមអស់រយៈពេល ៤៥ ឆ្នាំកន្លងទៅ។ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅតាមខេត្ត ក្រុងមួយចំនួនរបស់វៀតណាមដោយសារវីរុសបំប្លែងថ្មីនាបច្ចុប្បន្ននេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ WHO ជួយឧបត្ថម្ភ និងផ្ដល់អាទិភាពដល់វៀតណាម ក្នុងការទទួលបានវ៉ាក់សាំងតាមកម្មវិធី COVAX ដែលបានសន្យាយ៉ាងឆាប់ៗ។ ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ WHO ជួយឧបត្ថម្ភគាំទ្រវៀតណាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងមួយនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។

ជាការឆ្លើយតប លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់រាល់សំណើររបស់វៀតណាម ព្រមទាំងអះអាងថា នឹងចាត់បញ្ជូនក្រុមអ្នកជំនាញ WHO ទៅកាន់វៀតណាម ដើម្បីជួយឧបត្ថម្ភក្នុងការសិក្សាស្រាវជ្រាវ និងផលិតវ៉ាក់សាំងរបស់វៀតណាម ដើម្បីឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។ លោក Tedros Adhanom Ghebreyesus ក៏បានអះអាងថា WHO នឹងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់ វៀតណាម ក៏ដូចជាត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការគាំពារ និងថែទាំសុខភាពជូនប្រជាជន និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ