17/08/2020 14:23 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧៥ទិវាប្រពៃណីរបស់កម្លាំងនគរបាលប្រជាជន

នាព្រឹកថ្ងៃទី១៦ សីហា ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៧៥ទិវាប្រពៃណីរបស់កម្លាំងនគរបាលប្រជាជន វៀតណាម (ថ្ងៃទី១៩ សីហា ឆ្នាំ១៩៤៥-ថ្ងៃទី១៩ សីហា ឆ្នាំ២០២០) និងរំលឹកខួបលើកទី១៥ទិវាបុណ្យប្រជាជនទាំងមូលការពារសន្តិសុខជាតិ (ថ្ងៃទី១៩ សីហា ឆ្នាំ២០០៥ - ថ្ងៃទី១៩ សីហា ឆ្នាំ២០២០)។

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១ជូនកម្លាំងនគរបាលប្រជាជន។ (រូបថត៖ VGP)


អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា  កម្លាំងនគរបាលបានតស៊ូប្រយុទ្ធប្រកបដោយប្រសិទ្ធភាពដើម្បីកម្ចាត់គ្រប់ឧបាយកលប្រឆាំងនឹងបក្ស រដ្ឋ លទ្ធិសង្គមនិយម ព្រមទាំងការពារសុវត្ថិភាពយ៉ាងដាច់ខាតនៃបណ្ដាព្រឹត្តិការណ៍នយោបាយ កិច្ចការបរទេសរបស់បក្សនិងរដ្ឋ ក៏ដូចជាធានាសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមផងដែរ។ កម្លាំងនគរបាលក៏បានអនុវត្តដំណោះស្រាយជាច្រើនប្រកបដោយប្រសិទ្ធភាពសំដៅបង្ក្រាបឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសគឺឧក្រិដ្ឋកម្មសេដ្ឋកិច្ច គ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ព្រមទាំងចូលរួមស៊ើបអង្កេតនិងរកឃើញករណីព្រហ្មទណ្ឌជាច្រើនដូចជាករណីពុករលួយជាទ្រង់ទ្រាយធំនិងស្មុគស្មាញ ហើយប្រមូលមកវិញនូវទឹកប្រាក់រាប់ពាន់លានដុងសម្រាប់ថវិការដ្ឋ រួមចំណែកយ៉ាងសកម្មក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ នាបច្ចុប្បន្ននេះ កម្លាំងនគរបាលកំពុងអនុវត្តយ៉ាងប្ដូរផ្ដាច់នូវការដឹកនាំរបស់បក្ស រដ្ឋអំពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ដែលរួមចំណែកទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសជាតិទាំងមូលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺផងហើយអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ថា នាបច្ចុប្បន្ន បក្សនិងរដ្ឋកំពុងប្រឈមនឹងការគំរាមកំហែងខាងសន្តិសុខជាប្រពៃណីនិងក្រៅប្រពៃណី ក៏ដូចជាការបំផ្លិចបំផ្លាញដោយអានុភាពអមិត្តនានាផងដែរ។ ហេតុដូច្នេះ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ កម្លាំងនគរបាលប្រជាជនក៏ត្រូវតែអនុវត្តឲ្យបានល្អប្រពៃនូវភារកិច្ចការពារបក្ស រដ្ឋ ការពារលទ្ធិសង្គមនិយម ការពារឲ្យបានរឹងមាំនូវសន្តិសុខជាតិ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ការពារជីវភាពរស់នៅនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន រួមចំណែកយ៉ាងសកម្មក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី ក៏ដូចជារក្សាស្ថិរភាពនយោបាយសង្គមផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ