05/08/2020 14:55 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo


លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc។ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo អំពីការជំរុញទំនាក់ទំនងទ្វេភាគីក៏ដូចជាកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់និងអន្តរជាតិផងដែរ។
 
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ការដែលជប៉ុនជ្រើសរើសវៀតណាមជាប្រទេសមួយក្នុងក្រុមប្រទេសដំបូងគេដែលត្រូវបានបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរទៅកាន់ជប៉ុន ព្រមទាំងឲ្យដឹងថា វៀតណាមក៏កំពុងជួយសម្រួលដល់ការធ្វើដំណើរចូលមកវៀតណាមរបស់អ្នកជំនាញ វិនិយោគិននិងអ្នកគ្រប់គ្រងជប៉ុនផងដែរ។ លោកនាយករដ្ឋមន្រ្តី Abe បានជម្រាបថា នាពេលកន្លងទៅ រដ្ឋាភិបាលជប៉ុនបានជួយឧបត្ថម្ភដល់សហគ្រាសជាច្រើនដើម្បីពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ ហើយពាក់កណ្ដាលនៃចំនួនសហគ្រាសទាំងនេះបានជ្រើសរើសវៀតណាមជាគោលដៅវិនិយោគ។ ក្រៅពីនោះ ជប៉ុនក៏ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការបង្ការនិងទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលទឹកប្រៃទៀតផង។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគីនានា ជាពិសេសគឺក្របខ័ណ្ឌមេគង្គ-ជប៉ុន ក៏ដូចជាក្នុងបញ្ហាតំបន់និងអន្តរជាតិដែលប្រទេសទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោកនាយករដ្ឋមន្រ្តី Abe បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន ហើយមានគោលបំណងចង់មកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានក៏ដូចជាជួបពិភាក្សាដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ