11/03/2020 09:59 GMT+7 Email Print Like 0

ខេត្ត Lang Son អះអាងអំពីតួនាទីសេដ្ឋកិច្ចនៃច្រកទ្វារព្រំដែនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច


 បុគ្គលិកនៃសាខាគយច្រកទ្វារព្រំដែនអន្តរជាតិមិត្តភាពបង្កលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មដើម្បីបំពេញបែបបទនាំចេញ-នាំចូលទំនិញ
 

ខេត្ត Lang Son គឺជា​តំបន់ដំបូងបង្អស់របស់ប្រទេសវៀតណាមនៅលើខ្សែច្រករបៀងសេដ្ឋកិច្ច Nanning (ចិន) -  Lang Son - ទីក្រុងហាណូយ - ទីក្រុង Hai Phong (វៀតណាម) ដែលជាប់ជាមួយតំបន់​ត្រីកោណ​សេដ្ឋកិច្ច​ជាតិ​ដ៏​សំខាន់​ៗ (រួមមានទីក្រុងហាណូយ -ទីក្រុង Hai Phong - ខេត្ត Quang Ninh)។ ខេត្ត Lang Son ក៏ជាច្រក​ទ្វារ​ព្រំដែន​ដ៏សំខាន់​មួយ​ដែល​តភ្ជាប់​រវាង​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​ជា​សមាជិក​នៃសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន)។ លោក Nguyen Cong Truong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lang Son  បានមាន​ប្រសាស​ន៍ថា៖
 
«សម្រាប់សេដ្ឋកិច្ច​នៃច្រកទ្វារព្រំដែន  Lang Son យើងខ្ញុំមានផែនការរៀបចំប្រព័ន្ធច្រកទ្វារព្រំដែនហើយ។ ទន្ទឹមនឹង​នេះយើងខ្ញុំក៏បានផ្តោតសំខាន់លើការទាក់ទាញសហគ្រាស និងសម្ព័ន្ធក្រុម​ហ៊ុន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឲ្យចូល​រួមក្នុងគម្រោងការណ៍នៅច្រកទ្វារព្រំដែនមួយចំនួន។ ខេត្ត Lang Son បានសហការជាមួយខេត្ត Guangxi ​(ចិន) ដើម្បីជំរុញការធ្វើចលនាទំនិញនាំចេញនិងនាំចូលពី    បណ្តាប្រទេសសមាជិកអាស៊ាន ក៏ដូចជា​បណ្តា​ខេត្ត​នានារបស់ចិន ដែលនាំចេញឆ្លងកាត់ខេត្ត Lang Son  ដើម្បីបង្កើនចំណូលថវិកាក៏ដូចជា បង្កើតការ​ងារ​ធ្វើ​សម្រាប់ប្រជាជនផងដែរ»។
 
នាឆ្នាំ ២០១៩ ខេត្ត​ Lang Son បានបញ្ចប់និងដាក់ឱ្យប្រើប្រាស់នូវគម្រោងការណ៍ដ៏សំខាន់មួយចំនួន ដើម្បី​បម្រើ​ការ​អភិវឌ្ឍសេដ្ឋកិច្ចនៃច្រកទ្វារព្រំដែនដូចជាអាគារធ្វើការអន្តរផ្នែក និងអាគារកិច្ច​ការទូទៅនៅ​ច្រក​ទ្វារ​ព្រំដែ​ន Binh Nghi និងដំឡើងច្រកទ្វារព្រំដែនទ្វេភាគី Binh Nghi (វៀតណាម)- Ping Er Guan (ចិន)ជាដើម ។ ជា​ពិសេស នាចុងខែធ្នូ ឆ្នាំ ២០១៩ ខ្សែផ្លូវសម្រាប់ការដឹកជញ្ជូនទំនិញ Tan Thanh (វៀតណាម) – Ke Feng (ចិន)​ មានប្រវែងជាង ៤,៧ គីឡូម៉ែត្រ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជួយបង្កើនវិស័យពាណិជ្ជកម្ម កាត់​បន្ថយស្ថានភាពកកស្ទះនៃការដឹកជញ្ជូនទំនិញ ជាពិសេស​គឺកសិផល​ដែល​នាំចេញ​ទៅកា​ន់​ទីផ្សារ​ប្រទេស​ចិន​។
 
លើសពី​នេះទៅទៀត តាមរយៈការជម្រុញធ្វើកំណែទម្រង់រដ្ឋបាល និងអនុវត្តវិធានការកែលំអ និងលើក​ស្ទួយ​នូវ​សន្ទស្សន៍​ប្រសិទ្ធភាពនៃអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈ (PAPI) រួមទាំងសមត្ថភាពក្នុង​ប្រកួត​ប្រជែង​ថ្នាក់​ខេត្ត​ (PCI) នោះ ខេត្ត Lang Son បានជួយឧបត្ថម្ភនិងដោះស្រាយរាល់ការលំបាកនិងឧបសគ្គនានា សម្រាប់​អង្គភាព​អាជីវកម្ម​ក្នុងការផលិតនិងលក់ចេញផលិតផលផងដែរ។ លោកស្រី  Hoang Thi Quyen មកពីក្រុមហ៊ុន​អាហរ័ណ-នីហរ័ណអន្តរជាតិ  Duc Long បានឲ្យដឹងថា៖
 
« ខ្ញុំតែងតែនាំ​ចេញផ្លែឈើនិងកសិផល។ នៅពេលដែលទំនិញរបស់យើងខ្ញុំមកដល់ច្រកទ្វារព្រំដែន Tan Thanh  នោះនឹង​ត្រូវ​បានកម្លាំងមានសមត្ថកិច្ច និងកងទ័ពការពារព្រំដែន ពន្ធគយ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ឲ្យយាន​យន្តអាច​រើ ទំនិញចេញយ៉ាងលឿនបំផុ​ត។ កម្លាំងមាន​សមត្ថកិច្ច​នៅទីនេះធ្វើការ​បែងចែក​ប្រភេទ​ទំនិញ​ល្អ​ណាស់ ពោលគឺបើមុខទំនិញជាផ្លែឈើ យើងខ្ញុំនឹងមានខ្សែ​ផ្លូវជា​អាទិភាព​មួយ​ដែល​អនុញ្ញាត​ឲ្យចេញ​ទៅមុន​គេផង​​ដែរ»។
 
តំបន់សេដ្ឋកិច្ច​ច្រកទ្វារព្រំដែន Dong Dang – Lang Son គឺជាតំបន់មួយក្នុងចំណោមតំបន់លេចធ្លោ ដើម្បីនាំខេត្ត ​Lang Son ឱ្យក្លាយទៅជាទីកន្លែងដែលទាក់ទាញសកម្មភាពនាំចេញ - នាំចូល និងពាណិជ្ជកម្ម​តាមតាម​ច្រកទ្វារ​ព្រំដែនជួរមុខរបស់ប្រទេសជាតិ។ រហូតមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចនេះកំពុង​ត្រូវបាន​បោះ​ទុន​វិនិយោគ​​និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយក្លាយទៅជាមជ្ឈមណ្ឌល និងជាតំបន់សំខាន់ៗក្នុងការ​តភ្ជាប់​​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្ត Lang Son – Guangxi និយាយដោយឡែក និងរវាង​វៀត​ណាម​និង​ចិន​ដោយនិយាយរួមផងដែរ ។ លោក Phan Hong Tien ប្រធាន​គណៈ​កម្មការ​គ្រប់​គ្រង​តំបន់​សេដ្ឋ​កិច្ច​ច្រក​ទ្វារ​ព្រំដែន​ Dong Dang – Lang Son បានឲ្យដឹងថា៖
 
« ក្រៅពីការ​ផ្តល់អនុគ្រោះទូទៅដើម្បីទាក់ទាញការវិនិយោគ ស្របតាមបទបញ្ញត្តិនៃច្បាប់វៀតណាមនោះ បណ្តាអង្គ​ការនិងបុគ្គលទាំងក្នុងនិងក្រៅប្រទេសដែលចូលរួមក្នុងការវិនិយោគ ផលិតកម្ម​និង​អាជីវកម្ម​នៅតំបន់​សេដ្ឋកិច្ចនៃច្រកទ្វារព្រំដែន ក៏ទទួលបានអនុគ្រោះ​ពិសេស​យោង​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​នាយក​រដ្ឋមន្រ្តី​វៀតណាមស្តីពីពន្ធ ពន្ធលើប្រាក់ចំណូលបុគ្គល ពន្ធប្រាក់ចំណូលសហគ្រាស ថ្លៃជួលដី និងការធ្វើអន្តោ​ប្រវេសន៍របស់ប្រជាជននិងមធ្យោបាយផ្សេងៗទៀតផងដែរ ។ គណៈកម្មាធិការប្រជាជនខេត្ត បានបញ្ជា​ដឹកនាំស្ថាប័នពាក់ព័ន្ធនានាធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យការ​កសាង​គោល​នយោបាយ​អនុគ្រោះដើម្បី​ជួយសម្រួល​ដល់ការវិនិយោគក្នុងខេ​ត្ត ដែលក្នុងនោះ​រួមមាន​តំបន់​សេដ្ឋកិច្ច​ច្រកទ្វារ​ព្រំដែន​ដើម្បី​ពង្រីក​កម្លាំង និងធ្វើការប្រៀបធៀបព្រមៗគ្នាជាមួយបណ្តាច្រកទ្វារព្រំដែននៅតាមតំបន់ ក៏ដូចជាបង្កើត​ការតភ្ជាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមច្រកទ្វារព្រំដែនផងដែរ»។
 
ដោយមានដំណោះ​ស្រាយព្រមៗគ្នា រហូតមកដល់ពេលនេះសកម្មភាពពាណិជ្ជកម្ម សេវាកម្ម នាំចេញ-នាំចូល និងការ​ធ្វើអន្តោ​ប្រវេសន៍​ក្នុងតំបន់សេដ្ឋកិច្ចនៃច្រកទ្វារព្រំដែន Lang Son បាន​ប្រព្រឹត្ត​ទៅយ៉ាង​រស់​រវើក​ដោយ​មាន​ការ​ចូលរួមរបស់សហគ្រាសជំនាញខាងផលិតកម្ម អាជីវកម្ម និងនាំចេញ-នាំចូលជាង ៥.០០០ ផងដែរ។ នាឆ្នាំ​ ២០១៩ ទំហំពាណិជ្ជកម្មនៃការនាំចេញ - នាំចូលសរុប​ដែល​ឆ្លង​កាត់​តំបន់​នេះសម្រេច​បាន​ទឹក​ប្រាក់​ប្រមាណ​ ៤.៧៥០ លានដុល្លារអាមេ  រិក។ ចំណូលថវិការពីសកម្មភាពនាំចេញ-នាំចូលបានកើនឡើង ២១,៤% បើ​ប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ ចំណុចនេះ​បាន​បញ្ជាក់​យ៉ាងច្បាស់​លាស់អំពី​តួនាទី​នៃសេដ្ឋកិច្ច​តាមច្រក​ទ្វារព្រំដែន​ក្នុងការតម្រង់ទិសដៅអភិវឌ្ឍន៍ សេដ្ឋកិច្ច - សង្គមនៃខេត្ត Lang Son និងបណ្តាមូលដ្ឋាន​តាមតំបន់​ព្រំដែន​ពីមួយថ្ងៃ​ទៅមួយថ្ងៃផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ