08/01/2021 14:21 GMT+7 Email Print Like 0

ក្នុងឆ្នាំ២០២១ វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មបន្តកែលំអរបរិយាកាសធុរកិច្ចនិងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ
 

នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅ សន្និសីទបូកសរុបការងារនៅឆ្នាំ ២០២០ និងដាក់ពង្រាយភារកិច្ចសម្រាប់ឆ្នាំ ២០២១ នៃវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម។

ថ្លែងនៅក្នុងសន្និសីទ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកកំពុងរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺរាតត្បាត កូវីដ ១៩ ប៉ុន្តែ ការនាំចេញរបស់វៀតណាមនៅតែសម្រេចបានកំណើនជាមួយនឹងការនាំចេញប៉ាន់ស្មានសម្រេចបានជាង ២៨១,៥ ពាន់លានដុល្លារអាមេរិក កើន ៦,៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញការនាំចេញឲ្យកាន់តែមានប្រសិទ្ធភាពជាងទៀត។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារជាង ២៣០ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម ពង្រីកទីផ្សារនិងចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃនិងបណ្តាញផលិតកម្មសកលលោក។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាឆ្នាំ ២០២១ គឺជាឆ្នាំដែលមានព្រឹត្តិការណ៍សំខាន់ៗ ហើយវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មត្រូវផ្តោតលើទិសដៅធំៗ ក្នុងការអនុវត្តការងារ៖ “វិស័យឧស្សាហ កម្មនិងពាណិជ្ជកម្មត្រូវអនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ត្រួតពិនិត្យការនាំចូល និងតាមដានជាប់ការវិវឌ្ឍនៃស្ថានភាពជាក់ស្តែង ដើម្បីមានគោលនយោបាយឆ្លើយ តបយ៉ាងសមស្រប។ ទន្ទឹមជាមួយគ្នានោះ ត្រូវផ្តោតសំខាន់លើការអភិវឌ្ឍទីផ្សារក្នុងស្រុកឱ្យបានស៊ីជម្រៅ ទប់ស្កាត់ការរត់ពន្ធ ការលួចបន្លំពាណិជ្ជកម្មនិងការក្លែងបន្លំប្រភពដើម។ ជាងនេះទៅទៀត លើកកម្ពស់តួនាទីរបស់សមាគមឧស្សាហកម្មនិងអ្នកប្រើប្រាស់។ ហើយធ្វើឱ្យកាន់តែប្រសើរឡើងនូវការងារទីផ្សារ រួមទាំងការអភិវឌ្ឍទីផ្សារថ្មីនិងជាពិសេសកសាងពាណិជ្ជសញ្ញា វៀតណាម”។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០២១នេះ វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មគួរតែបន្តបំពេញភារកិច្ចនិងដំណោះស្រាយសំខាន់ៗ ដើម្បីកែលំអបរិយាកាសធុរកិច្ចនិងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ