07/01/2022 14:09 GMT+7 Email Print Like 0

ការផ្លាស់ប្តូរថ្មី ភាពច្នៃប្រឌិត សាមគ្គីភាពនិងការខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍ភារកិច្ចឆ្នាំ ២០២២

អញ្ជើញថ្លែងមតិក្នុងសន្និសីទអនឡាញរបស់រដ្ឋាភិ បាលជាមួយតំបន់នានាដើម្បីបូកសរុបការងារឆ្នាំ ២០២១ ដាក់ពង្រាយភារកិច្ចសំខាន់ៗ និងដំណោះស្រាយចាំបាច់សម្រាប់ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនាថ្ងៃទី ៥ មករា ឆ្នាំ ២០២២ នោះ អគ្គលេខាគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា លទ្ធផលនិងសមិទ្ធិផលដ៏ធំធេងដែលវៀតណាមសម្រេចបានក្នុងឆ្នាំ ២០២១ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយប្រទេសជាតិ ជំនះពុះពាររាល់ការលំបាកដែលមិនធ្លាប់មានពីមុនមកដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយបន្តរួមចំណែកធ្វើឲ្យប្រវត្តិសាស្ត្រនិងប្រពៃណីវីរៈភាពរបស់ប្រជាជាតិវៀតណាមកាន់តែរុងរឿង។ លោកអគ្គលេខាបក្សក៏បានលើកឡើងនូវបញ្ហាមានលក្ខណៈកំណត់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាមក្នុងឆ្នាំ២០២២ ផងដែរ។

ទាក់ទិននឹងវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ លោកអគ្គលេខាបក្ស Nguyen Phu Trong បានគូសបញ្ជាក់ថា វៀតណាមត្រូវបន្តតាមដានយ៉ាងដិតដល់និងក្តោបក្តាប់ការវិវឌ្ឍន៍នៃស្ថានភាពជំងឺរាតត្បាតលើពិភពលោកនិងក្នុងប្រទេស ជាពិសេស ហានិភ័យបណ្តាលមកពីវីរុសបំប្លែងថ្មី ដើម្បីដាក់ចេញគោលនយោបាយសមស្របក៏ដូចជាមានវិធានការឆ្លើយតបភ្លាមៗ។ លោកអគ្គលេខាបក្សបានស្នើឱ្យផ្តោតលើការផ្តល់អាទិភាពដល់ការអនុវត្តកម្មវិធីមេ ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានផ្សព្វផ្សាយ ដើម្បីសម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែននិងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺរាតត្បាត ដោយចាត់ទុកថា នេះជាកិច្ចការសំខាន់និងបន្ទាន់របស់គ្រប់កម្រិតនិងគ្រប់វិស័យ ចាប់ពីដើមឆ្នាំ ២០២២ នេះតទៅ។ ជាមួយគ្នានោះ បន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំង គ្របដណ្តប់ការចាក់វ៉ាក់សាំងយ៉ាងរហ័ស ២ ដូស សម្រាប់អ្នកដែលត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង។  វិស័យនិងគ្រប់កម្រិតថ្នាក់ ត្រូវតែធានាឱ្យបានគ្រប់គ្រាន់ នូវវ៉ាក់សាំង ឱសថ ផលិតផលជីវសាស្រ្ត និងឧបករណ៍វេជ្ជសាស្ត្រ សម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ជាពិសេស លើកកម្ពស់សមត្ថភាពរបស់ប្រព័ន្ធសុខាភិបាល និងអនុវត្តន៍យ៉ាងហ្មឹងមាត់ វិធានការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។

ទាក់ទិននឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីស្តីពីការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លោកអគ្គលេខាបក្សបានស្នើឱ្យអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលដៅ គ្រប់គ្រងអតិផរណា ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច បន្តកែលម្អបរិយាកាសវិនិយោគធុរកិច្ច រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយភ្ជាប់ជាមួយការកែលម្អគំរូកំណើន លើកកម្ពស់ផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងនៃសេដ្ឋកិច្ច។ យោងតាមលោកអគ្គលេខាបក្ស ចាំបាច់ត្រូវបន្ត ពន្លឿនការផ្លាស់ប្តូរឌីជីថលជាតិ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ... និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

លោកអគ្គលេខាបក្សក៏បានចង្អុលបង្ហាញថា ចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះភារកិច្ចអភិវឌ្ឍន៍វប្បធម៌ប្រកបដោយសុខដុមរមនានិងស្មើភាព នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈនិងខាងស្មារតីសម្រាប់ប្រជាជន។ ទន្ទឹមនឹងនោះគឺជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជួយដល់ប្រជាជន និយោជិត និងសហគ្រាសដែលកំពុងជួបការលំបាក  ថែទាំដល់ជនមានគុណូបការៈចំពោះបដិវត្តន៍ ប្រជាជនដែលមានស្ថានភាពលំបាកពិសេស។ ជាពិសេស ផ្តល់អាទិភាពដល់ការ បែងចែកប្រភពធនធានសម្រាប់អនុវត្តន៍កម្មវិធី គម្រោង គោលនយោបាយចំពោះជនជាតិ ភាគតិច និងតំបន់ព្រៃភ្នំ។

 

សន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយតំបន់នានាដើម្បីបូកសរុបការងារឆ្នាំ ២០២១ អនុវត្តន៍ភារកិច្ច និងដំណោះស្រាយចាំបាច់សម្រាប់ឆ្នាំ ២០២២ នាថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ (រូបថត៖ Nhat Bac)
 
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិនៅសន្និសីទ (រូបថត៖ Nhat Bac)


លោកអគ្គលេខាធិកាបានសង្កត់ធ្ងន់លើការបន្តពង្រឹងនិងពង្រីកសក្តានុពលការពារជាតិនិងសន្តិសុខ; រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព; លើកកម្ពស់ប្រសិទ្ធភាពកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ។ អាស្រ័យហេតុនេះ ត្រូវម្ចាស់ការក្នុងការបង្ការដើម្បីកម្ចាត់រាល់ឧបាយកលបំផ្លិចបំផ្លាញ់របស់កម្លាំងអមិត្ត  ប្រតិកិរិយា ហើយមិនទុកឲ្យខ្លួនធ្លាក់ក្នុងភាពអកម្ម ភ្ញាក់ផ្អើលក្នុងគ្រប់កាលៈទេសៈទាំងអស់។ រួមជាមួយគ្នានោះ គឺជាសកម្មភាពកិច្ចការបរទេសកម្រិតខ្ពស់ ដោយជំរុញការទូតពហុភាគី។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខា ដោយឆ្លៀតយកឲ្យបានពេញលេញពីអត្ថប្រយោជន៍ដែលកិច្ចព្រមព្រៀងទាំងនេះអាចនាំមកជូន។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឱ្យបន្តជំរុញនិងធ្វើកាន់តែល្អប្រសើរថែមទៀត នូវការងារកសាង ពង្រឹងបក្សនិងប្រព័ន្ធនយោបាយ ជាពិសេសប្រព័ន្ធនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងស្ថាប័នច្បាប់ ពីមជ្ឈិមដល់មូលដ្ឋាន។ កសាងរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ស្អាតស្អំ ស្មោះត្រង់ រឹងមាំ និងមានប្រសិទ្ធភាព។ ការរឹតបន្តឹងវិន័យរដ្ឋបាលនិងត្រួតពិនិត្យដាស់តឿនជាប្រចាំ បង្កើតឱ្យមានការផ្លាស់ប្តូរខ្លាំងក្នុងការអនុវត្តភារកិច្ចផ្លូវការ; លើកកម្ពស់សីលធម៌ វប្បធម៌ និងវិជ្ជាជីវៈរបស់កម្មាភិបាល និងបុគ្គលិក។ ជាក់ស្តែង មានកម្មវិធីនិងផែនការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងមានលទ្ធផលជាក់ស្តែង នូវសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើបញ្ហានេះ ជាពិសេសសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សលើកទី ៤ អាណតិ្តទី ១២ និងលទ្ធផលនៃសន្និបាតមជ្ឈិមលើកទី៤ នីតិកាលទី១៣  ស្តីពីការកសាងនិងពង្រឹងបក្ស ទប់ស្កាត់ និងរុញថយក្រោយការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅនិងការបង្ហាញអំពី “ការវិវត្តន៍ដោយខ្លួនឯង” “ការប្រែប្រួលដោយខ្លួនឯង” ផ្សារភ្ជាប់ជាមួយនឹងការសិក្សានិងអនុវត្តន៍តាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ តស៊ូប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមាន យ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជួន ពន្លឿនការស៊ើបអង្កេត ការកាត់ទោស និងដំណើរការកាត់ក្តី។

ជាចុងបញ្ចប់ លោកអគ្គលេខាបក្សបានលើកឡើងថា ទោះបីជា វៀតណាមមានការផ្លាស់ប្តូរថ្មី មានភាពច្នៃប្រឌិតពីយូរណាស់មកហើយក៏ដោយ ប៉ុន្តែខាងមុខនេះ ត្រូវតែផ្លាស់ប្តូរនិងមានភាពច្នៃប្រឌិតឲ្យបានខ្លាំងក្លាថែមទៀត។ រដ្ឋវៀតណាមនិយាយរួម រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាននិយាយដោយឡែក គឺមានសុច្ចរិតភាព វិន័យនិងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរួចទៅហើយ ប៉ុន្តែខាងមុខនេះនឹងកាន់តែមានសុច្ចរិតភាព វិន័យនិងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាងទៀត។ បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូល បានសាមគ្គីភាព ឯកភាពគ្នា រួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិត  ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅនិងភារកិច្ចដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២២ ដើម្បីបង្កើតបុព្វបទសម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសេចក្តីប្រាថ្នា អភិវឌ្ឍន៍ប្រទេសវៀតណាមខ្លាំងមាំមួន សម្បូររុងរឿងនិង វិបុលភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ