14/09/2020 14:54 GMT+7 Email Print Like 0

កសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព វិបុលភាព បង្ហាញនូវតួនាទីមជ្ឈភាពរបស់អាស៊ាន


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh (នៅកណ្ដាល) ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំ AMM ៥៣និងកិច្ចប្រជុំពាក់ព័ន្ធនានា។ (រូបថត៖ TTXVN) 
 

បញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ (AMM ៥៣) និងកិច្ចប្រជុំពាក់ព័ន្ធនានា នារសៀលថ្ងៃទី១២ កញ្ញា នៅទីក្រុងហាណូយ (វៀតណាម) និងទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh និងអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានអញ្ជើញធ្វើជាអធិបតីនៅសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំ។
 
លោក Pham Binh Minh បានមានប្រសាសន៍ថា កិច្ចប្រជុំ AMM ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានាត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យយ៉ាងល្អប្រសើរតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២កញ្ញា ដោយមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសរុបចំនួន១៩។ បណ្ដារដ្ឋមន្រ្តីបានពិចារណាហើយអនុម័តលើឯកសារចំនួន៤២ ក្នុងនោះមានសេចក្ដីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំ AMM ៥៣ ផែនការសកម្មភាពទីក្រុងហាណូយដំណាក់កាលទី២នៃវេទិកា ARF។ អង្គប្រជុំក៏បានយល់ព្រមជាមួយសំណើជាច្រើនរបស់វៀតណាម ក្នុងនោះគំនិតផ្ដួចផ្ដើមចំនួន១០របស់វៀតណាមត្រូវបានអនុម័តនៅកិច្ចប្រជុំលើកនេះ។
 
អង្គប្រជុំបានសន្យាអនុវត្តយ៉ាងពេញលេញនូវគោលដៅអាទិភាពនានាស្ដីពីភាពស្អិតរមួតនិងការឆ្លើយតបនៃឆ្នាំអាស៊ាន២០២០ ហើយឯកភាពលើការបន្តកសាងសហគមន៍អាស៊ានដោយឈរលើសសរស្តម្ភទាំង៣។ ពាក់ព័ន្ធដល់ជម្ងឺរាតត្បាត Covid-19 អង្គប្រជុំបានឯកភាពលើវិធីអភិក្រមរួមរបស់អាស៊ានស្ដីពីការឆ្លើយតបនឹងជម្ងឺរាតត្បាត ដោយរក្សាកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់គ្នាឲ្យបានរឹងមាំ ហើយបន្តអនុវត្តគំនិតផ្ដួចផ្ដើមនានាស្ដីពីការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19។ បណ្ដារដ្ឋមន្រ្តីអាស៊ានក៏បានអះអាងនូវការប្ដេជ្ញាចិត្តរក្សាតំបន់អាស៊ីអាគ្នេយ៍មួយប្រកបដោយស្ថិរភាព សន្តិភាព សន្តិសុខ និងអព្យាក្រឹត ពង្រឹងសាមគ្គីភាព ពង្រីកតួនាទីមជ្ឈភាពរបស់អាស៊ាន ហើយគោរពស្មារតីយកច្បាប់ជាគោល។ អង្គប្រជុំបានគាំទ្រចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៃវេទិកានានាដឹកនាំដោយអាស៊ានផងដែរ។
 
ស្ដីពីបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានឲ្យដឹងថា អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើសារសំខាន់និងផលប្រយោជន៍នៃសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់ ហើយត្រូវបានប្រទេសដៃគូនានាបន្តគាំទ្រផងដែរ។ បណ្ដារដ្ឋមន្រ្តីបានអះអាងថា ត្រូវការបន្តជំរុញកិច្ចសន្ទនានិងបង្កើនការកសាងទំនុកចិត្ត រក្សាភាពអត់ធ្មត់ មិនទុកឲ្យកើតមានសកម្មភាពដែលបណ្ដាលឲ្យស្ថានភាពកាន់តែតានតឹងនិងស្មុគស្មាញ មិនធ្វើយោធូបនីយកម្ម មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២។ អង្គប្រជុំក៏បានសម្ដែងនូវគោលបំណងចង់ឲ្យភាគីពាក់ព័ន្ធនានាអនុវត្ត សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិនៅសមុទ្រខាងកើត (DOC) ឲ្យបានពេញលេញនិងមានប្រសិទ្ធភាព ព្រមទាំងអំពាវនាវឲ្យសម្រេចយ៉ាងឆាប់ៗនូវការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ហើយអនុលោមតាមច្បាប់អន្តរជាតិផងដែរ។
 
ថ្លែងនៅសន្និសីទសារព័ត៌មាននេះដែរ អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានសង្កត់ធ្ងន់ថា រាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ានទាំងអស់ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ក្នុងនោះមានការកសាងក្របខ័ណ្ឌទូទៅនៃការស្ដារឡើងវិញ នឹងត្រូវបានដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ដើម្បីឲ្យថ្នាក់ដឹកនាំអាស៊ានពិចារណានិងអនុម័តនៅខែវិច្ឆិកាខាងមុខនេះ។ លោកអគ្គលេខាធិការអាស៊ានក៏បានអះអាងថា កិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងជម្ងឺ Covid-19 មិនអាចពឹងផ្អែកលើប្រទេសតែមួយឬតំបន់តែមួយប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្អែកលើកិច្ចសហប្រតិបត្តិការសកលវិញ។ ហេតុដូច្នេះ កិច្ចសហប្រតិបត្តិការប្រកបដោយសាមគ្គីភាពក្នុងប្លុកអាស៊ាននិងជាមួយដៃគូផ្សេងៗគឺដើរតួនាទីដ៏សែនសំខាន់ដើម្បីជំនះពុះពារលើបញ្ហាប្រឈមនាបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ