ព័ត៌មាន
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនិងជួបពិភាក្សាការងារជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron
នៅពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និង ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើពិធីគោរពទង់ជាតិ សំដែងភ្លេង ជាតិនៃប្រទេសទាំងពីរ ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម និងធ្វើជា សាក្សីក្នុងពិធីព្យុហយាត្រាស្វាគមន៍។
បន្ទាប់ពីពិធីទទួល មេដឹកនាំទាំងពីរបានជួបពិភាក្សាការងារ ធ្វើជាសាក្សីក្នុងពិធី ចុះហត្ថលេខា ផ្លាស់ប្តូរឯកសារសហប្រតិបត្តិការទ្វេភាគី និងជួបប្រាស្រ័យជាមួយអ្នក សារព័ត៌មាន។
នៅក្នុងជំនួបពិភាក្សា មេដឹកនាំទាំងពីរបានឯកភាពអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ខណៈពេលដែលស្រាវជ្រាវការបង្កើតយន្តការសហប្រតិបត្តិការថ្មី; ឯកភាពបន្តអនុវត្តន៍កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាលើវិស័យការពារជាតិ និងសន្តិសុខ រួមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ មេដឹកនាំទាំងពីរបានឯកភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ; អនុវត្តន៍និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប។ បារាំងនឹងជំរុញដើម្បីសម្រេចការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU - វៀតណាមក្នុងពេលឆាប់ៗ ជំរុញឱ្យគណៈកម្មការអឺរ៉ុបដក "កាតលឿង" IUU សម្រាប់ជលផលវៀតណាមឱ្យបានឆាប់ និងបង្កើតលក្ខខណ្ឌសម្រាប់វៀតណាមបង្កើនការនាំចេញជលផលទៅកាន់ទីផ្សារបារាំង និង EU។
ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បញ្ញាសិប្បនិមិត្ត semiconductor និងការផ្លាស់ប្តូរឌីជីថល ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ជំរុញការផ្ទេរបច្ចេកវិទ្យា និងធ្វើម្ចាស់លើបច្ចេកវិទ្យា ការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
ទាក់ទងនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ “៤ ទេ” ក្នុងទំនាក់ទំនងអន្តរជាតិ។ លោកប្រធានាធិបតី Macron បានអះអាងនូវការគាំទ្រចំពោះគោលជំហររបស់អាស៊ានអំពីសមុទ្រខាងកើត។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) គឺជាក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយសម្រាប់សកម្មភាព និងកិច្ចសហប្រតិបត្តិការទាំងអស់នៅសមុទ្រនិងមហាសមុទ្រ; អះអាងសារជាថ្មីនូវការសន្យារក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់ ដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២។
បន្ទាប់ពីជំនួបពិភាក្សា លោកប្រធានរដ្ឋ លឿង គឿង និងប្រធានាធិបតីបារាំងបានធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្ដូរឯកសារសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពលនុយក្លេអ៊ែរ យុត្តិធម៌ ដឹកជញ្ជូន អាកាសចរណ៍អវកាស កសិកម្ម និងបរិស្ថានសុខាភិបាល។ ល៕