អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូ (រូបថត៖ VOV)
នៅក្នុងសន្និសីទនោះ លោកអគ្គលេខាបក្ស តូ ឡឹមបានអញ្ជើញប្រគល់សេចក្តីសម្រេចរបស់ការិយាល័យនយោបាយស្តីពីការបង្កើត និងតែងតាំងបុគ្គលិកសម្រាប់គណៈកម្មាធិការបក្សចំនួន ៤ ចំណុះមជ្ឈិម។ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃថា រហូតមកដល់បច្ចុប្បន្ននេះ ការងារបង្រួមក្បាលម៉ាស៊ីននៃស្ថាប័នបក្ស តុលាការ និងអង្គការមហាជននៅថ្នាក់មជ្ឈិមត្រូវបានបង្ហើយជាស្ថាពរ; ដោយសង្កត់ធ្ងន់ថា នេះជាបុព្វបទសម្រាប់ការបញ្ចប់ដោយជោគជ័យនូវការរៀបចំប្រព័ន្ធនយោបាយ ក្នុងអំឡុងពេលខាងមុខ ធានានូវវឌ្ឍនភាពនិងប្រសិទ្ធភាពនៃកម្មវិធីដែលបានដាក់ចេញ។ អគ្គលេខាបក្ស លោក តូ ឡឹម ក៏បានស្នើឱ្យអង្គភាពដែលបានផ្តល់សេចក្តីសម្រេចនៅថ្ងៃទី ៣ ខែកុម្ភៈនេះ ត្រូវដាក់ពង្រាយការងារជាបន្ទាន់ស្របតាមគំរូថ្មី ដោយធានាថា មិនមានការរអាក់រអួល ឬរំលងក្នុងការងារឡើយ។
លោកអគ្គលេខាបក្សបានលើកច្បាស់ថា៖ “ស្នើឲ្យគណៈកម្មាធិការបក្សរដ្ឋ សភា និងគណៈកម្មាធិការបក្សរដ្ឋាភិបាល សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការចាត់តាំងមជ្ឈិម ដឹកនាំស្ថាប័នពាក់ព័ន្ធ ធ្វើសេនាធិការជូនរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងរដ្ឋសភា ដើម្បីសុក្រិតរបៀបរបប ហើយទន្ទឹមនឹងនោះត្រូវបំពេញការងារបង្រួមស្ថាប័នរដ្ឋាភិបាល និងរដ្ឋសភា រួមទាំងការរៀបចំនិងការចាត់តាំងបុគ្គលិកផ្ទៃក្នុង ធ្វើជាមូលដ្ឋានសម្រាប់តំបន់អនុវត្ត ដោយធានាលក្ខណៈឯកភាព និងសមកាលកម្មក្នុងប្រព័ន្ធនយោបាយទាំងមូល”។
មុននោះ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ក្នុងឱកាសនិទាឃរដូវឆ្នាំម្សាញ់សប្តស័ក និងខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៥) អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលនិងជូនពរឆ្នាំថ្មី ដល់កម្មាភិបាល បុគ្គលិកនៃខុទ្ទកាល័យមជ្ឈិមបក្ស៕