ស្ថិតនៅក្នុងអគារឧទ្យានឡានវៀន(Lan Vien) (លេខ១២០ ង្វៀន ភុកង្វៀន - (Nguyen Phuc Nguyen)
ស្ថិតនៅក្នុងអគារឧទ្យានឡានវៀន(Lan Vien) (លេខ១២០ ង្វៀន ភុកង្វៀន - Nguyen Phuc Nguyen ទីក្រុងហ្វេ) សារមន្ទីរកុលាលភាជន៍បុរាណទន្លេហឿង (Huong) របស់សាស្ត្រាចារ្យ បណ្ឌិត ថៃ គីមឡាន (Thai Kim Lan) ជាសារមន្ទីរមួយពិសេសប្រមូលផ្តុំ និងតាំងបង្ហាញវត្ថុតាងជិត៥.០០០គ្រឿង រួមមានកុលាលភាជន៍ ដែលបានស្រង់មកពីបាតទន្លេហឿង (Huong) មានតំណាលតាំងពីយុគសម័យសាហ្វិញ (អាយុកាលប្រមាណ២.៥០០ - ៣.០០០ឆ្នាំ)។ នេះក៏ជាសារមន្ទីរឯកជនដំបូងបង្អស់ ហើយមានតែមួយគត់នាបច្ចុប្បន្ននៅប្រទេសវៀតណាម ដែលតាំងបង្ហាញនូវកុលាលភាជន៍បុរាណ ដែលបានរកឃើញនៅបាតទន្លេហឿង (Huong)។
សារមន្ទីរកុលាលភាជន៍ទន្លេហឿង (Huong) ជាសមទ្ធិផលរបស់អតីតវិចិត្រសិល្បៈ ថៃ ង្វៀនបា (Thai Nguyen Ba) និង សាស្រ្តាចារ្យ បណ្ឌិត ថៃ គីមឡាន (Thai Kim Lan) ក្រោយរយៈពេលជិត៤០ឆ្នាំ ធ្វើការប្រមូលផ្តុំ រក្សាទុកវត្ថុតាងកុលាលភាជន៍ទន្លេហឿង (Huong) នៅក្រុងហ្វេ។ សាស្ត្រាចារ្យ បណ្ឌិត ថៃ គីមឡាន (Thai Kim Lan) រៀបរាប់ថា៖ កាលពីអតិត ខ្លួនខ្ញុំធ្លាប់មានបំណងចង់បង្កើតសកលវិទ្យាល័យឯកជនមួយ ប៉ុន្តែមិនបានសម្រេច ឥឡូវបង្កើតសារមន្ទីរឯកជននេះ ក៏អាចចាត់ទុកថាដូចជា “សាលាមតេយ្យ” មួយ អំពីប្រវត្តិសាស្រ្ត និង វប្បធម៌វៀតណាម សម្រាប់ទុកជាទីកន្លែងបញ្ញើ និងប្រគល់អ្វីមួយ សម្រាប់អ្នកជំនាន់ក្រោយ ដូចនេះខ្ញុំក៏ពេញចិត្ត និងអស់ពីចិត្តទៅហើយ។
ជាមួយផ្ទៃដីប្រហែល ៧០០ ម៉ែត្រការេ សារមន្ទីរ ជាទីកន្លែងរក្សាវត្ថុតាងជាង៥.០០០គ្រឿង ក្នុងនោះភាគច្រើនគឺកុលាលភាជន៍បុរាណ បានស្រង់មកពីបាតទន្លេហឿង (Huong) មានអាយុកាលចំណាស់ តាំងពីកុលាលភាជន៍ចម្ប៉ា កុលាលភាជន៍សាហ្វិញ បុរេប្រវត្តិ បឋមប្រវត្តិ រហូតដល់រាជការឡេដំបូង (Le So)។ល។ គ្រឿងប្រើប្រាស់ប្រចាំថ្ងៃដូចជា ពាង ក្រឡ ថូ ចាន ចានទៀបមានជើង ថូកំបោល ធ្វើដោយវត្ថុធាតុផ្សេងៗគ្នា ដូចជាដីដុត កុលាលភាជន៍កាចា បានតាំងបង្ហាញដ៏សម្បូរបែបនៅសារមន្ទីរ។
សារមន្ទីរកុលាលភាជន៍ទន្លេហឿង (Huong) ដាក់ឱ្យដំណើរការ ជាចំណែកបន្ថែមមួយសម្រាប់ការជ្រើសរើសនៃភ្ញៀវទេសចរ ពេលធ្វើដំណើរមកដល់ក្រុងហ្វេ។ នោះអាចជាទីកន្លែង សម្រាប់អ្នកស្រុកហ្វេស្វែងយល់ បទពិសោធន៍ និងមោទនភាព អំពីតំបន់ដែនដីរបស់ខ្លួន។ ប្រហែលដោយទឹកចិត្តស្រឡាញ់ចំពោះក្រុងហ្វេ ដូចនេះសារមន្ទីរកុលាលភាជន៍ទន្លេហឿង (Huong) ឥឡូវនេះមិនត្រឹមតែជាសារមន្ទីរសាមញ្ញាមួយប៉ុណ្ណោះទេ នៅទាំងជាទីកន្លែងណាត់វប្បធម៌ សម្រាប់ម្ចាស់វា ធ្វើជាទីកន្លែងទទួលរាប់អាន ចែករំលែករឿងរ៉ាវ គោលគំនិតដ៏ចំណាប់ អំពីវប្បធម៌ប្រពៃណី ជាមួយអ្នកដែលចូលចិត្តស្រឡាញ់ក្រុងហ្វេ ដែលអញ្ជើញមកពីគ្រប់ទិសទី៕
ទីតាំងនៅក្បែរទន្លេហឿង (Huong) និង វត្តធៀនម៉ូ (Thien Mu) ដូចនេះដងផ្លូវធ្វើដំណើរទៅដល់សារមន្ទីរកុលាលភាជន៍ទន្លេហឿង (Huong) ក៏ងាយស្វែងរកផងដែរ។
តម្លៃសំបុត្រ៖ ១២០.០០០ដុង/ម្នាក់។
អ្នកក្រុងហ្វេ និង សិស្ស និស្សិត៖ ៦០.០០០ដុង/ម្នាក់។
កុមារអាយុក្រោម១០ឆ្នាំ ឥតគិតថ្លៃ។
ម៉ោងបើកទ្វារ៖
សារមន្ទីរបើកទ្វារពីម៉ោង៨ព្រឹកដល់ម៉ោង៥រសៀល នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យរៀងរាល់សប្តាហ៍។
ចំពោះក្រុមភ្ញៀវទេសចរ ចាប់ពី៥នាក់រហូតដល់២០នាក់ ចង់ទស្សនានៅថ្ងៃផ្សេងៗក្នុងសប្តាហ៍ អាចចុះបញ្ជីមុន តាមរយៈអ៊ីម៉ែល៖ gomcosonghuong@gmail.com
អត្ថបទ និង រូបថត៖ កុងដាត និង ឯកសារសារមន្ទីរកុលាលភាជន៍បុរាណទន្លេហឿង (Huong) /កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង
អត្ថបទ និង រូបថត៖ កុងដាត និង ឯកសារសារមន្ទីរកុលាលភាជន៍បុរាណទន្លេហឿង (Huong) /កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង