អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានសម្តែងទំនុកចិត្តថា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម សមមិត្ត តូ ឡឹម រួមជាមួយថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម នឹងបន្តដឹកនាំប្រទេសជាតិនិងប្រជាជនវៀតណាមជាបងប្អូន ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗដ៏ធំធេងក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម សម្រេចគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាសហគមន៍ចែករំលែកអនាគតដោយមានអត្ថន័យយុទ្ធសាស្ត្រ ក្រោមការតំរង់ទិសរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ទំនាក់ទំនងចិន-វៀតណាម មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រេចបានសមិទ្ធផលជាច្រើន។
សមមិត្ត ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺស្របតាមផលប្រយោជន៍រួមរបស់បក្សទាំងពីរ និងប្រទេសទាំងពីរ។ លោកក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចដើម្បីបន្តការផ្លាស់ប្តូរយុទ្ធសាស្ត្រជាមួយសមមិត្ត តូ ឡឹម តំរង់ទិសសម្រាប់ការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ស្ទុះឈានទៅមុខ និងពង្រឹងបុព្វហេតុសង្គមនិយមនៃប្រទេសនីមួយៗដោយឥតឈប់ឈរ។
ព្រះមហាក្សត្រ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម ដោយសង្កត់ធ្ងន់ថា នេះគឺជាសក្ខីភាពនៃសមត្ថភាពដឹកនាំដ៏ឆ្នើម និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងការដឹកនាំប្រទេសវៀតណាម ឆ្ពោះទៅរកការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយវិបុលភាព។
ថ្នាក់ដឹកនាំកម្ពុជាជឿជាក់ថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តត្រូវបានពង្រឹង និងពង្រីកឡើងដល់កំពស់ថ្មី ព្រមទាំងសន្យាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានអបអរសាទរចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ក្នុងឱកាសដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីឡាវ លោក សុនសៃ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីចិន លោក លី ឈាង និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសមមិត្ត ឡេ មិញហ៊ុង ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាម៕