នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរដើរតួនាទីស្ថាបនាដោយមានយុទ្ធសាស្ត្រ កម្មវិធី និងផែនការសំខាន់ៗ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃភាគីទាំងពីរក្នុងកិច្ចសហប្រតិបត្តិការ វិនិយោគ និងអភិវឌ្ឍន៍ជាមួយគ្នា (រូបថត៖ VOV)
អញ្ជើញចូលរួមវេទិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចាត់ទុកថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងដើរតួនាទីស្ថាបនាដោយមានយុទ្ធសាស្ត្រ កម្មវិធី ផែនការសំខាន់ៗ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃភាគីទាំងពីរក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍ជាមួយគ្នា។ លោកនាយករដ្ឋមន្ត្រីវៀតណាមសង្ឃឹមថា នាពេលខាងមុខនឹងមានរលក វិនិយោគស៊ុយអែតមកវិនិយោគនៅវៀតណាម៖
“ជាមួយនឹងប្រពៃណីដ៏ល្អប្រសើររបស់ប្រទេសទាំងពីរ និងប្រជាជនទាំងពីរ គ្មានហេតុផលណាដែលយើងមិនបណ្តាក់ទុនលើគ្នាទៅវិញទៅមកនោះទេ។ សហគ្រាសបច្ចេកវិទ្យាវៀតណាម ជាពិសេសសហគ្រាសចែកចាយ បន្តតភ្ជាប់សេដ្ឋកិច្ចស៊ុយអែត មិនត្រឹមតែជាមួយវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាមួយបណ្តាប្រទេសអាស៊ាន និងតំបន់អាស៊ីឦសានទៀតផង។ យើងខ្ញុំធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នក ធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសម្រាប់អ្នក ធានានូវគោលនយោបាយស្ថិរភាព ដើម្បីយើងទាំងអស់គ្នា ក្នុងការធ្វើអាជីវកម្ម ភ្ជាប់ទំនាក់ទំនង”។
អញ្ជើញថ្លែងមតិនៅវេទិកានេះ រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ និងពាណិជ្ជកម្មបរទេសស៊ុយអែត Benjamin Dousa បានឲ្យដឹងថា៖ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់វៀតណាមគឺសមស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ស៊ុយអែត ពោលគឺត្រូវអភិវឌ្ឍដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល។ លោករដ្ឋមន្ត្រីបានចាត់ទុកថា ស៊ុយអែតមានធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សហគ្រាសធំៗ លើវិស័យភាគច្រើនដែលមានបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត សេវាកម្មល្អ និងបណ្តាញតភ្ជាប់ទូទាំងពិភពលោក ដូច្នេះហើយ មានសក្ដានុពល និងសមត្ថភាពសហប្រតិបត្តិការល្អជាមួយវៀតណាម ដើម្បីអភិវឌ្ឍន៍ទៅវិញទៅមក។
ក៏នៅក្នុងវេទិកានេះដែរ ក្រោមសាក្សីរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងរដ្ឋមន្ត្រី Benjamin Dousa ស្ថាប័ននិងសហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន៧ ផងដែរ៕