សន្និសីទទូទាំងប្រទេស អំពីការសិក្សាស្រាវជ្រាវ ការជ្រួតជ្រាបនិងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ត្រូវបានធ្វើឡើងទាំងទម្រង់ផ្ទាល់ និងតាមអ៊ីនធឺណិត ដោយមានប្រតិភូចូលរួមជាង ១,៩ លាននាក់។ (រូបថត៖ VNA)
នេះគឺជាសន្និសីទដ៏សែនសំខាន់ ដែលបានប្រារព្ធធ្វើឡើងដោយផ្ទាល់ពីអគាររដ្ឋសភា (ហាណូយ) និងតភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ទីតាំងជាង ៣១.០០០ កន្លែងនៅមជ្ឈិម ខេត្ត/ក្រុង ឃុំ សង្កាត់ តំបន់ពិសេស អង្គការបក្សក្នុងកងទ័ព នគរបាល និងសហគ្រាស ដោយមានប្រតិភូជាង ១,៩ លាននាក់ចូលរួមនៅតាមទីតាំងទាំងអស់។ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញចូលរួម និងដឹកនាំសន្និសីទ។ អញ្ជើញចូលរួមសន្និសីទក៏មានវត្តមានលោកប្រធានរដ្ឋ លឿង គឿង; លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ; លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន; និងលោក ត្រឹន គឹមទូ សមាជិកអចិន្រ្តៃយ៍នៃគណៈលេខាមជ្ឈិមផងដែរ។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម អតីតថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំបក្ស រដ្ឋ បានអញ្ជើញចូលរួម ។ (រូបថត៖ VNA)
ដោយអញ្ជើញបង្ហាញ "កម្មវិធីសកម្មភាពសម្រាប់ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម" នោះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា កម្មវិធីសកម្មភាពនេះមានសារៈសំខាន់ខ្លាំង ជាវិធីសាស្រ្តច្នៃប្រឌិត ដែលមានទាំងលក្ខណៈយុទ្ធសាស្ត្រ និងទូលំទូលាយផង ក៏ដូចជាលក្ខណៈជាក់លាក់ផង ដែលរួមចំណែកនាំសេចក្តីសម្រេចចិត្តទៅក្នុងការអនុវត្តជាក់ស្ដែងឱ្យបានឆាប់ លើកកម្ពស់ប្រសិទ្ធភាពលើគ្រប់វិស័យ ដើម្បីឱ្យប្រជាជនអាចទទួលបានអត្ថប្រយោជន៍ពីសមិទ្ធផលនៃមហាសន្និបាតលើកទី១៤របស់បក្សយ៉ាងឆាប់រហ័ស។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា៖
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បង្ហាញ "កម្មវិធីសកម្មភាពសម្រាប់ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម"។ (រូបថត៖ VNA) |
“គណៈកម្មាធិការបក្ស អាជ្ញាធរ មូលដ្ឋាន និងភ្នាក់ងារនានាក្នុងប្រព័ន្ធនយោបាយ ត្រូវផ្តោតលើការអនុវត្តកម្មវិធីសកម្មភាពយ៉ាងម៉ឹងម៉ាត់និងប្រកបដោយប្រសិទ្ធភាព ជាមួយនឹងបាវចនាថា៖ “គោលដៅតែ ១” នោះ គឺឯករាជ្យ សេរីភាព វិបុលភាព និងសុភមង្គល។ “ការធានា ២” គឺធានាការអភិវឌ្ឍសម្រាប់ស្ថិរភាព ស្ថិរភាពដើម្បីជំរុញការអភិវឌ្ឍ និងធានាសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជន។ “៣ មាន” ក្នុងការរួមចំណែកធនធាន៖ មានការរួមចំណែកពីរដ្ឋ មានការរួមចំណែកពីសហគ្រាស និងមានការរួមចំណែកពីប្រជាជន។ “៤ មិន” ដើម្បីប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយពេលវេលា៖ មិនខ្ជះខ្ជាយមួយថ្ងៃ; មិនពន្យារពេលមួយសប្តាហ៍; មិនខកខានឱកាសរយៈពេលមួយខែ និងមិនអសកម្មរយៈពេលមួយឆ្នាំ។ “ទិសដៅ ៥” សម្រាប់ការអភិវឌ្ឍ នោះគឺ៖ បៃតង; ឌីជីថល; បង្កើនប្រសិទ្ធភាពធនធាន; អភិបាលកិច្ចឆ្លាតវៃ; សម្របសម្រួលផលប្រយោជន៍រវាងរដ្ឋ ប្រជាជន និងសហគ្រាស”។
នាពេលរសៀល សន្និសីទបានបន្តជាមួយនឹងរបាយការណ៍តាមប្រធានបទនានា។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសភា) |
អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅសន្និសីទ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានកំណត់គោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងសម័យកាលថ្មី ហើយបានតម្រូវឲ្យបង្កើនសមត្ថភាព សម្រេចគោលដៅទាំងនេះទៅជាលទ្ធផលជាក់ស្តែង និងអាចវាស់វែងបាន ដើម្បីឲ្យប្រជាជនទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីសមិទ្ធផលអភិវឌ្ឍន៍។ ដោយឈរលើមូលដ្ឋាននេះ ចាំបាច់ត្រូវផ្តោតលើការអនុវត្តចំណុចគន្លឹះចំនួនប្រាំ ដែលមានសារសំខាន់ខ្លាំងក្នុងការរៀបចំការអនុវត្តសេចក្តីសម្រេចចិត្ត។
"ទីមួយ ផ្តោតលើការបង្កើនសមត្ថភាព ធ្វើស្ថាប័នភាវូបនីយកម្ម និងប្រែក្លាយសេចក្តីសម្រេចចិត្តទៅជាគោលនយោបាយ និងច្បាប់ជាក់ស្តែង ដោយធានាថាគោលជំហរសំខាន់នីមួយៗរបស់បក្សត្រូវបានប្រែក្លាយទៅជាប្រព័ន្ធយន្តការ និងគោលនយោបាយច្បាប់ដែលអាចធ្វើទៅបាន មានស្ថិរភាព និងមានតម្លាភាព។ ទីពីរ កែទម្រង់វិធីសាស្រ្តក្នុងការរៀបចំ និងវិន័យក្នុងការអនុវត្ត ដោយធានាថាកម្មវិធីសកម្មភាពទាំងអស់ត្រូវបានរចនាឡើងដោយផ្អែកលើគោលដៅច្បាស់លាស់ ផែនទីបង្ហាញផ្លូវជាក់លាក់ ការបែងចែកការទទួលខុសត្រូវដោយតម្លាភាព និងយន្តការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ ទីបី ត្រូវយកប្រសិទ្ធភាពនៃការអភិវឌ្ឍ និងការពេញចិត្តរបស់ប្រជាជន ធ្វើជារង្វាស់សំខាន់បំផុតនៃការអនុវត្តសេចក្តីសម្រេចចិត្ត។ ទីបួន កសាងក្រុមកម្មាភិបាលដែលមានសមត្ថភាពរៀបចំការអនុវត្ត ដែលហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវដើម្បីផលប្រយោជន៍រួម។ ទីប្រាំ ភ្ជាប់ការអនុវត្តសេចក្តីសម្រេចចិត្តជាមួយនឹងការផ្លាស់ប្ដូរថ្មីវិធីសាស្រ្តដឹកនាំរបស់បក្ស និងការបង្កើនប្រសិទ្ធភាពនៃអភិបាលកិច្ចជាតិ។ នៅក្នុងដំណាក់កាលថ្មី ការផ្លាស់ប្ដូរថ្មីវិធីសាស្រ្តដឹកនាំត្រូវតែឆ្ពោះទៅរកការកសាង នីតិរដ្ឋសង្គមនិយមទំនើប អភិបាលកិច្ចជាតិដែលមានប្រសិទ្ធភាព វិន័យ តម្លាភាព និងបម្រើប្រជាជន"៕