នៅថ្ងៃទី១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី៣៦ នៃបណ្តាប្រទេសដែលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ (Nguyen Thi Lan Anh) នាយករងវិទ្យាស្ថានការទូត ដែលជាបេក្ខជនរបស់វៀតណាម បានជាប់ឆ្នោតជាចៅក្រមនៃតុលាការអន្តរជាតិខាងច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦ - ២០៣៥ ដោយទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
បណ្ឌិត ង្វៀន ធីឡានអាញ់ បេក្ខជនវៀតណាមប្រចាំ ITLOS ថ្លែងមតិ។ រូបថត៖ ថាញ់ ទ្វឹន - អ្នកសារព័ត៌មាន VNA ប្រចាំនៅសហរដ្ឋអាមេរិក។
យោងតាមអ្នកសារព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំនៅទីក្រុងញូវយ៉ក នេះជាលើកទីមួយហើយដែលវៀតណាមបានឈរឈ្មោះបោះឆ្នោត និងមានតំណាងនៅក្នុងតុលាការ ITLOS ចាប់តាំងពីតុលាការនេះ បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ១៩៩៦។ ការដែលសាស្ត្រាចារ្យ បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ ជាប់ឆ្នោតដោយទទួលបានសំឡេងឆ្នោតខ្ពស់ភ្លាមៗ បន្ទាប់ពីការបោះឆ្នោតជុំទីមួយ បានបង្ហាញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះឋានៈ និងតួនាទីរបស់វៀតណាម ហើយក៏ជាភស្តុតាងនៃការអភិវឌ្ឍថ្មីមួយ ក្នុងកិច្ចការបរទេសពហុភាគី និងការធ្វើសមាហរណកម្មគតិយុត្តិអន្តរជាតិរបស់ប្រទេសជាតិ។ លទ្ធផលនេះ ក៏បានបង្ហាញពីការផ្លាស់ប្តូរ នៃការចូលរួមយ៉ាងសកម្ម ទៅជាការរួមចំណែកកាន់តែជាក់ស្តែងទៅក្នុងដំណើរការកសាង អភិវឌ្ឍន៍ និងការអនុវត្តនូវបទដ្ឋាន និងក្រមរួមនៃសហគមន៍អន្តរជាតិ។ ព្រមទាំងបញ្ជាក់ពីការទទួលខុសត្រូវ និងសមត្ថភាពក្នុងការរួមចំណែកកាន់តែមានប្រសិទ្ធភាពរបស់វៀតណាមនៅក្នុងប្រព័ន្ធអភិបាលសកល ផ្អែកលើច្បាប់។ ជោគជ័យនេះ ក៏បានបញ្ជាក់ជាថ្មីម្តងទៀត នូវការវាយតម្លៃជាវិជ្ជមានពីបណ្តាប្រទេសជាសមាជិក UNCLOS ចំពោះការរួមចំណែកកាន់តែជាក់ស្តែងរបស់វៀតណាម ដល់ស្ថាប័ននានា របស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
ចំពោះ សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ ការទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ដែលមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញនេះ ឆ្លុះបញ្ចាំងពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិ ចំពោះគុណវុឌ្ឍិ សមត្ថភាពជំនាញ និងទំនុកចិត្តរបស់អ្នកជំនាញច្បាប់អន្តរជាតិវៀតណាមរូបនេះ។ សាស្ត្រាចារ្យ បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ នឹងបំពេញភារកិច្ចជាចៅក្រម ITLOS ស្របតាមគោលការណ៍ឯករាជ្យ និងតថភាព ដែលបានចែងនៅក្នុងលក្ខន្តិកៈរបស់តុលាការ តាមរយៈនោះ ជម្រុញការអនុវត្តអនុសញ្ញាប្រកបដោយប្រសិទ្ធភាព និងរួមចំណែកពង្រឹងសណ្តាប់ធ្នាប់គតិយុត្តិនៅលើសមុទ្រ។ ក្នុងនាមជាប្រទេសមួយ ដែលតែងតែលើកតម្កើងច្បាប់អន្តរជាតិជាប់ជានិច្ច គាំទ្រធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញា UNCLOS ឆ្នាំ១៩៨២ វៀតណាមនឹងបន្តសហការជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីជម្រុញការអនុវត្តអនុសញ្ញានេះ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោះស្រាយរាល់វិវាទដោយសន្តិវិធី បង្កើនកិច្ចសហប្រតិបត្តិការសមុទ្រ និងរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅលើសមុទ្រ និងមហាសមុទ្រ៕
កាសែតរូបភាពវៀតណាម/VNA