បន្ទាប់ពីពិធីបើកដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ សម័យប្រជុំចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត (អនុសញ្ញាទីក្រុងហាណូយ) បានប្រារព្វឡើង។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស ចូលរួមសន្និសីទសារព័ត៌មានស្តីពីពិធីចុះហត្ថលេខា និងកិច្ចប្រជុំជាន់ខ្ពស់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត។ (រូបថត៖ VGP/Nhat Bac)
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ នៅពេលដែលប្រទេសនានាបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក លឿង តាមក្វាង គឺជាតំណាងដំបូងគេដែលបានចុះហត្ថលេខាលើអនុសញ្ញានេះ បន្ទាប់មកគឺតំណាងនៃប្រទេស និងអង្គការចំនួន៦៥។
នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បន្ទាប់ពីពិធីចុះហត្ថលេខា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បានសម្តែងថា៖
“ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររួមរបស់យើងឆ្ពោះទៅរកពិភពឌីជីថលដែលមានសុវត្ថិភាពជាងមុន។ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ កម្លាំងពិតប្រាកដនៃអនុសញ្ញានឹងស្ថិតនៅលើការប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង។ អនុសញ្ញានេះគួរតែត្រូវបានផ្តល់សច្ចាប័ន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងពេញលេញ ហើយប្រទេសនានាដែលចូលរួមចុះហត្ថលេខាត្រូវតែអនុវត្តន៍ជារៀងរាល់ថ្ងៃ”។
ដោយសង្កត់ធ្ងន់លើសារសំខាន់នៃពិធីចុះហត្ថលេខា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់នៃប្រទេសប្រហែល ១១០ អង្គការអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុជាច្រើននិងអ្នកជំនាញសន្តិសុខតាមអ៊ីនធឺណិតនោះ លោកនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា នេះគឺជាកិត្តិយសផង និងជាការទទួលខុសត្រូវដ៏ធំធេងសម្រាប់ប្រទេសវៀតណាមផង។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមសន្យាជំរុញគំនិតផ្តួចផ្តើមសន្តិសុខតាមអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសកល។
“នេះគឺជាការជឿទុកចិត្ត ការគាំទ្រ និងការប្រគល់ការទទួលខុសត្រូវចំពោះប្រទេសវៀតណាម។ វៀតណាមនឹងរួមចំណែកទៅក្នុងបញ្ហាសកលធំៗយ៉ាងវិជ្ជមាន សកម្ម មានការទទួលខុសត្រូវ និងមានប្រសិទ្ធភាព”។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលឈ្មោះរដ្ឋធានីនៃប្រទេសវៀតណាមត្រូវបានផ្សាភ្ជាប់ជាមួយនឹងអនុសញ្ញាសកលរបស់អង្គការសហប្រជាជាតិ ដែលបានឆ្លុះបញ្ចាំងពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះដំណើរការរួមចំណែករបស់វៀតណាមទៅក្នុងការកសាងឯកសារនេះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម