កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ប្រធារដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងយ៉ាងឱឡារិក ជូនចំពោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងគណៈប្រតិភូជាន់ខ្ពស់អង្គការសហប្រជាជាតិ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត ចាប់ពីថ្ងៃទី ២៤-២៥ ខែតុលា។
លោកប្រធានរដ្ឋ លឿង គឿង និងលោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូទែរេស កាត់នំខេក ដើម្បីអបអរសាទរខួបលើកទី៨០ ទិវាកំណើតរបស់អង្គការសហប្រជាជាតិ។ (រូបថត៖ Lam Khanh/VNA)
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ Viet Cuong/VOV)
ប្រធារដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងយ៉ាងឱឡារិក ជូនចំពោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ (រូបថត៖ Viet Cuong/VOV)
ថ្លែងនៅទីនេះ លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមបាននិងកំពុងជាសមាជិកដ៏សកម្ម មានទំនួលខុសត្រូវ ដែលតែងតែអមដំណើរអង្គការសហប្រជាជាតិជានិច្ច។ លោកប្រធានរដ្ឋបញ្ជាក់ថា ពីអង្គការសហប្រជាជាតិ ប្រទេសវៀតណាមបានមកដល់ពិភពលោក ដើម្បីសហប្រតិបត្តិការអភិវឌ្ឍន៍និងសមាហរណកម្ម រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់សន្តិភាព ការអភិវឌ្ឍ និងវឌ្ឍនភាព៖
“យើងចងចាំ និងគោរពជានិច្ចចំពោះការគាំទ្រដ៏មានតម្លៃដែលអង្គការសហប្រជាជាតិបានផ្តល់ឱ្យប្រទេសវៀតណាម ដើម្បីផ្សះផ្សាស្នាមរបួសសង្គ្រាម កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ពីអង្គការសហប្រជាជាតិ វៀតណាមបានមកដល់ពិភពលោក ដើម្បីសហប្រតិបត្តិការ អភិវឌ្ឍន៍ និងសមាហរណកម្ម ដោយរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់សន្តិភាព ការអភិវឌ្ឍ និងវឌ្ឍនភាព។ ហើយពីអង្គការសហប្រជាជាតិ ពិភពលោកបានមកដល់ប្រទេសវៀតណាម ដោយនាំមកនូវចំណេះដឹង បទពិសោធន៍ ធនធាន និងចំណងសាមគ្គីភាព ជួយវៀតណាមយកឈ្នះលើការលំបាក និងងើបឡើងយ៉ាងខ្លាំងក្លា”។
នៅក្នុងសុន្ទរកថាឆ្លើយតប លោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូតេរ៉េស បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ដោយសង្កត់ធ្ងន់ថា វៀតណាមមិនត្រឹមតែជាប្រទេសដែលមានការរួមចំណែកជាច្រើនចំពោះសកម្មភាពរក្សាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងជាគំរូនៃប្រជាជាតិមួយដែលបានយកឈ្នះលើសង្គ្រាម ដើម្បីក្លាយជារឿងរ៉ាវអភិវឌ្ឍន៍ដ៏ជោគជ័យមួយនៅលើពិភពលោកទៀតផង។ លោក ហ្គូតេរ៉េស បានកោតសរសើរ ចំពោះការចូលរួមចំណែករបស់វៀតណាមចំពោះសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយចាត់ទុកវៀតណាមជាសក្ខីភាពដ៏រស់រវើកនៃគោលមាគ៌ាសន្តិភាព អភិវឌ្ឍន៍ និងជា«សសរស្តម្ភមួយនៃពហុភាគីនិយម»៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម