រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien និងជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E. Knapper។ រូបថត៖ នាយកដ្ឋានទីផ្សារអឺរ៉ុប-ទ្វីបអាមេរិក
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកអាមេរិកជាដៃគូសំខាន់នាំមុខគេ; មានបំណងចង់ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយអាមេរិកក្នុងលក្ខណៈទូលំទូលាយនិងនិរន្តរភាព រួមចំណែកក្នុងការបង្កើនការយល់ដឹង និងការជឿទុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ គោលនយោបាយរបស់វៀតណាមគឺចាត់ទុកអាមេរិកជាប្រភពនាំចូលរយៈពេលវែង និងគួរឱ្យទុកចិត្តសម្រាប់ថាមពល គ្រឿងចក្រ ឧបករណ៍ បច្ចេកវិទ្យា វត្ថុធាតុដើម។ល។ រដ្ឋមន្ត្រី លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបន្ថែមទៀត ដើម្បីភាគីនីមួយៗអាចធ្វើពិពិធកម្មផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់។ វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការបើកចំហទីផ្សារ និងបង្កើនការនាំចូលផលិតផលកសិកម្មពីអាមេរិក ហើយសង្ឃឹមថាអាមេរិកនឹងបើកចំហទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Marc E. Knapper បានឲ្យដឹងថា អាមេរិកមានបំណងថា ឆ្នាំ ២០២៥ ជាឆ្នាំដ៏សំខាន់ ដើម្បីបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មី ដោយអនុវត្តន៍ការសន្យា និងខ្លឹមសារនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនឹងដើរតួយ៉ាងសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ អាមេរិកមានបំណងចង់ចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងគម្រោងធំៗ និងសំខាន់ៗរបស់ វៀតណាម។
ឯកអគ្គរដ្ឋទូតលោកMarc E. Knapper បានឲ្យដឹងថា គោលនយោបាយពាណិជ្ជកម្មថ្មីរបស់អាមេរិក មិនមែនសំដៅលើវៀតណាមនោះទេ; ហើយសង្ឃឹមថាទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយវៀតណាមនឹងបន្តអភិវឌ្ឍន៍ក្នុងទិសដៅវិជ្ជមាន៕