ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី ១៤-១៥ ខែឧសភា នៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់ បានប្រព្រឹត្តទៅកិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់លើកទី ៣៣។
កិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់លើកទី ៣៣ បានប្រព្រឹត្តទៅនៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់។ (រូបថត៖ VGP)
ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-នូវែលសេឡង់សម្រាប់រយៈពេលខែកក្កដា
ឆ្នាំ ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៧ អនុរដ្ឋមន្ត្រីក្រសួងការបរទេស
និងជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន-វៀតណាម
លោក ដាំង ហ័ង យ៉ាង បានរួមជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់លោក
Grahame Morton ធ្វើជាសហប្រធាននៃកិច្ចសន្ទនា។
នូវែលសេឡង់បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះតួនាទីស្នូលរបស់អាស៊ាន
និងប្តេជ្ញាចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌដឹកនាំដោយអាស៊ាន
ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាតំបន់អាស៊ាន
(ARF) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)…។ នូវែលសេឡង់បានវាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់វៀតណាម
ជាពិសេសក្នុងការលើកកម្ពស់ទំនាក់ទំនង និងអនុម័តសេចក្តីប្រកាសចក្ខុវិស័យរួម
និងផែនការសកម្មភាពឆ្នាំ២០២៦-២០៣០។
ក្នុងនាមសហប្រធាននៃកិច្ចសន្ទនា អនុរដ្ឋមន្ត្រីលោកដាំង ហ័ង
យ៉ាងបានបញ្ជាក់ថា វៀតណាមនិងអាស៊ានតែងតែគោរពចំពោះភាពជាដៃគូរយៈពេលវែង
និងអាចទុកចិត្តបានជាមួយនូវែលសេឡង់។
លោកអនុរដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរខិតខំអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់
(AANZFTA) ដែលទើបបានលើកកំពស់
និងពន្លឿនការបង្ហើយនីតិវិធីដើម្បីនាំកិច្ចព្រមព្រៀងសេវាកម្មផ្លូវអាកាសអាស៊ាន-នូវែលសេឡង់
(ANZ-ASA) ឱ្យចូលជាធរមាន។ ក្នុងពេលជាមួយគ្នានេះ
ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល
កសិកម្មឆ្លាតវៃ និងបង្កើនសមត្ថភាពសម្រាប់ការព្យាករណ៍
និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកអនុរដ្ឋមន្ត្រី ដាំង ហ័ង យ៉ាង
បានស្នើឱ្យនូវែលសេឡង់ចែករំលែកបទពិសោធន៍របស់ខ្លួន
និងគាំទ្រដល់ប្រទេសអាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន
(DEFA) ក្នុងបរិបទដែល DEFA គ្រោងនឹងត្រូវបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកាខាងមុខ៕
តាម vovworld.vn/km-KH