នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។
ប្រធានរដ្ឋ លោក លឿង គឿង ទទួលជួបលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបថត៖ qdnd.vn
ក្នុងជំនួបនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Antonio Guterres បានចាត់ទុកថា
វៀតណាមជាដៃគូដ៏អស្ចារ្យ ដែលបានចូលរួម
និងរួមវិភាគទានយ៉ាងសកម្មទៅក្នុងវិស័យអាទិភាពទាំងអស់របស់អង្គការសហប្រជាជាតិ
ជាពិសេសក្នុងការរក្សាសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព
ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌។ លោក António
Guterres បានសង្កត់ធ្ងន់ថា
វៀតណាមគឺជាសសរស្តម្ភនៃពិភពលោកពហុប៉ូលនាពេលបច្ចុប្បន្ន ដូច្នេះលោកជឿជាក់ថា
បណ្តាខឿនសេដ្ឋកិច្ចកំពុងរីកចម្រើន ក្នុងនោះរួមទាំងវៀតណាម ត្រូវមានសំឡេង
មានភាពតំណាង និងតួនាទីដ៏សក្តិសមបន្ថែមទៀតនៅក្នុងប្រព័ន្ធអភិបាលកិច្ចសកល។
លោកប្រធានរដ្ឋ
លឿង គឿង បានអះអាងថា វៀតណាមជឿជាក់លើនិងគាំទ្រពហុភាគីនិយម
និងតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងអភិបាលកិច្ចសកល
និងកំណែទម្រង់របស់អង្គការសហប្រជាជាតិ; ហើយបានអះអាងថា
វៀតណាមត្រៀមខ្លួនស្វាគមន៍អ.ស.ប. ក្នុងការបង្កើតទីស្នាក់ការ និងការិយាល័យនៅវៀតណាម។
ភាគីទាំងពីរបានឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងវៀតណាម-អ.ស.ប
និងអាស៊ាន-អ.ស.ប នាពេលខាងមុខ; ពង្រីកតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខនិងអភិវឌ្ឍន៍ក្នុងតំបន់
ក្នុងនោះ រួមទាំងការដោះស្រាយវិវាទនៅសមុទ្រខាងកើតដោយសន្តិវិធី
អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)
ក៏ដូចជាការរួមចំណែករួមសម្រាប់បញ្ហាសកល។
នាថ្ងៃដដែល
លោកប្រធានរដ្ឋ លឿង គឿង បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអូទ្រីស លោក Christian
Stocker និងប្រធានាធិបតី Tajikistan លោក Emomali
Rahmon៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម