ថ្ងៃទី៣ ខែកុម្ភៈនេះ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺ ណែវ ប្រទេសស្វីស គណៈប្រតិភូអន្តរក្រសួង វៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងមហា ផ្ទៃលោកស្រី ង្វៀន ធីហា បានការពារប្រកបដោយជោគជ័យរបាយការណ៍ជាតិលើកទី៩ ស្តីពីការអនុវត្តអនុសញ្ញាលុបបំបាត់ការរើសអើងគ្រប់ទម្រង់ប្រឆាំងនឹងស្ត្រី (CEDAW)។
លោកស្រី ង្វៀន ធីហា អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងសម័យប្រជុំ (រូបថត៖ VNA)
គណៈប្រតិភូវៀតណាមបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ក្នុងការធ្វើឱ្យបទប្បញ្ញត្តិនៃអនុសញ្ញា CEDAW ចូលទៅក្នុងប្រព័ន្ធច្បាប់ជាតិ។ វៀតណាមបានចេញផ្សាយប្រព័ន្ធគោលនយោបាយជួយគាំទ្រដោយ សមកាលកម្ម ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ស្ត្រីក្នុងការអនុវត្តសិទ្ធិស្មើគ្នាលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម។ ចំណុចលេចធ្លោមួយគឺការសុក្រិតស្ថាប័ននៃរដ្ឋធម្មនុញ្ញតាមរយៈបទប្បញ្ញត្តិច្បាប់ ដូចជា៖ ក្រមច្បាប់ការងារឆ្នាំ២០១៩ ដែលមានបទប្បញ្ញត្តិជឿនលឿនជាច្រើនដែលលើកកម្ពស់សមភាពយេនឌ័រយ៉ាងសំខាន់ ច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ២០២៤ ដែលពង្រីកការគ្របដណ្តប់សន្តិសុខសង្គមសម្រាប់ស្ត្រី និងច្បាប់ដីធ្លីឆ្នាំ២០២៤ ដែលបង្ហាញជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិពីទស្សនៈយេនឌ័រ។ ជាពិសេស ច្បាប់ស្តីពីការបង្ការ និងប្រឆាំងអំពើហិង្សាក្នុងគ្រួសារឆ្នាំ២០២២ បានផ្លាស់ប្តូរផ្នត់គំនិតទាំង ស្រុង ដោយដាក់ជនរងគ្រោះនៃអំពើហិង្សានៅចំកណ្តាល ដោយជួយដល់ក្រុមដែលរងផលប៉ះពាល់ខ្លាំងបំផុត ជាពិសេសស្ត្រី និងក្មេងស្រី។
លើសពីនេះ ច្បាប់ជំនួយផ្នែកច្បាប់ឆ្នាំ២០១៧ បានពង្រីកជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ក្រុមស្ត្រីងាយរងគ្រោះ ចាប់ពីគ្រួសារក្រីក្រ និងជន ជាតិភាគតិចនៅក្នុងតំបន់ដែលពិបាកជាពិសេស រហូតដល់ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស។ ការរួមបញ្ចូលគ្នានៃសមភាព យេនឌ័រក៏បានរីកសាយភាយដល់វិស័យសេដ្ឋកិច្ច និងអភិបាលកិច្ចផងដែរ ដូចជាច្បាប់ថវិការដ្ឋឆ្នាំ២០២៥ ច្បាប់ស្តីពីការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងច្បាប់ប្រជាជនឆ្នាំ២០២៥។
យោងតាមរបាយការណ៍គម្លាតយេនឌ័រសកលឆ្នាំ ២០២៥ ប្រទេសវៀតណាមបានឈានទៅមុខមួយកម្រិត ដោយជាប់ចំណាត់ថ្នាក់លេខ ៧៤ ក្នុងចំណោម ១៤៨ ប្រទេស កើនឡើង ៩ ចំណាត់ថ្នាក់បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២។
នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំ លោកស្រីអនុរដ្ឋមន្ត្រី ង្វៀន ធីហា បានសង្កត់ធ្ងន់ថា វៀតណាមបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍធនធានមនុស្សរបស់ស្ត្រី និងបង្កើនសមាមាត្រស្ត្រីចូលរួមក្នុងតំណែងជាអ្នកដឹកនាំគ្រប់កម្រិត ដោយចាត់ទុកថានេះជាការប្តេជ្ញាចិត្តខាងនយោបាយដ៏សំខាន់របស់បក្ស និងរដ្ឋវៀតណាម ដើម្បីលុបបំបាត់ឧបសគ្គដែលនៅសេសសល់ទាំងអស់នៅក្នុងសង្គម។
ដោយមានស្មារតីសកម្ម និងការប្តេជ្ញាជាក់ស្តែង គណៈប្រតិភូវៀតណាមបានប្រកាសពីផែនទីបង្ហាញផ្លូវបីជំហានបន្ទាប់ពីកិច្ចប្រជុំពិភាក្សា រួមទាំងការរាយការណ៍លទ្ធផលយ៉ាងពេញលេញទៅកាន់រដ្ឋាភិបាលសម្រាប់ការធ្វើរួមបញ្ជូលក្នុងកម្មវិធីសកម្មភាពដែលអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បង្កើតផែនការសកម្មភាពជាតិជាបន្ទាន់ជាមួយនឹងធនធានហិរញ្ញវត្ថុសមស្រប និងបន្តកែលម្អប្រព័ន្ធច្បាប់ដែលយកចិត្តទុកដាក់ចំពោះយេនឌ័រ។ វៀតណាមនៅតែប្រកាន់ខ្ជាប់ខ្ជួនគោលដៅកសាងសង្គមដ៏រុងរឿង រឹងមាំ ប្រជាធិបតេយ្យ សមធម៌ និងស៊ីវិល័យ ដែលស្ត្រីទាំងអស់មានឱកាសបង្កើនសក្តានុពលច្នៃប្រឌិត និងចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម