• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមសន្និសីទសេដ្ឋកិច្ចជាន់ខ្ពស់វៀតណាម-អង់គ្លេស

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង នៅព្រឹកថ្ងៃទី៣០ ខែតុលា តាមម៉ោងក្នុងស្រុក នៅទីក្រុងឡុងដ៍ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសន្និសីទសេដ្ឋកិច្ចជាន់ខ្ពស់វៀតណាម-អង់គ្លេស។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសុន្ទរកថានៅក្នុងសន្និសីទសេដ្ឋកិច្ចជាន់ខ្ពស់វៀតណាម-អង់គ្លេស។ (រូបថត៖ VNA)

ថ្លែងនៅក្នុងសន្និសីទ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក ពាណិជ្ជកម្មនិងវិនិយោគ ដែលជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងសំខាន់សម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ បានឯកភាពគ្នានាពេលថ្មីៗនេះលើការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបើកជំពូកថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ លោកអគ្គលេខាបក្ស បានស្នើថា ភាគីទាំងពីរអាចផ្តោតលើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ ការអភិវឌ្ឍហិរញ្ញវត្ថុបៃតង និងទីផ្សារកាបូន; វៀតណាមចង់សិក្សានិងអនុវត្តន៍ស្តង់ដារខ្ពស់បំផុតពីប្រព័ន្ធហិរញ្ញវត្ថុទីក្រុងឡុងដ៍ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាកាសធាតុឈានមុខគេរបស់ពិភពលោក; សហការក្នុងវិស័យ FinTech និងធនាគារឌីជីថល ដែលវៀតណាមមានសក្តានុពលអភិវឌ្ឍន៍ដ៏ខ្លាំងក្លា អាស្រ័យដោយមានចំនួនប្រជាជនវ័យក្មេង និងការផ្លាស់ប្តូរឌីជីថលយ៉ាងលឿន។

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបណ្ដាក្រសួង ផ្នែក ស្ថាប័នរដ្ឋាភិបាល មូលដ្ឋាន សាជីវកម្ម និងសហគ្រាសផងដែរ។ កិច្ចព្រមព្រៀងរវាងក្រសួង ផ្នែក ស្ថាប័ន និងរដ្ឋាភិបាលរួមមាន៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែករដ្ឋបាលទៅវិញទៅមកក្នុងវិស័យគយ; កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហិរញ្ញវត្ថុបៃតង; កិច្ចសហប្រតិបត្តិការក្នុងការផ្តល់ដើមទុនសម្រាប់គម្រោងសំខាន់ៗនៅក្នុងប្រទេសវៀតណាម; កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ; កិច្ចសហប្រតិបត្តិការក្នុងវិស័យចេញមូលបត្រអន្តរជាតិ; កិច្ចព្រមព្រៀងសហប្រតិបត្តិការលើថាមពលស្អាត; អនុស្សរណៈនៃការយោគយល់គ្នាលើសុវត្ថិភាពផលិតផល; កិច្ចសហប្រតិបត្តិការលើថាមពលស្អាត និងបណ្តាញអគ្គិសនី; ក្របខ័ណ្ឌភាពជាដៃគូសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ; កិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងជំនួយបច្ចេកទេស "ការផ្លាស់ប្តូរប្រកបដោយចីរភាព សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងមហាសមុទ្រ"។

សម្រាប់ខាងសហគ្រាស គួរឱ្យកត់សម្គាល់គឺកិច្ចសន្យាទិញយន្តហោះ A៣២១neo ចំនួន ១០០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញយន្តហោះបន្ថែមចំនួន ៥០ គ្រឿងទៀតដែលមានតម្លៃ ២៥ ពាន់លានដុល្លារអាមេរិក៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន

កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងស្រុក) ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅ ប្រទេសកូរ៉េខាងត្បូង ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានជួបជាមួយប្រធានា ធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន។

Top