នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច ប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយា ក្នុងដំណើរបំពេញទស្សន កិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៥-២៧ ឧសភា។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និង ប្រធានាធិបតីបារាំងលោក Emmanuel Macron អញ្ជើញត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ VOV)
នៅពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និង ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើពិធីគោរពទង់ជាតិ សំដែងភ្លេង ជាតិនៃប្រទេសទាំងពីរ ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម និងធ្វើជា សាក្សីក្នុងពិធីព្យុហយាត្រាស្វាគមន៍។
បន្ទាប់ពីពិធីទទួល មេដឹកនាំទាំងពីរបានជួបពិភាក្សាការងារ ធ្វើជាសាក្សីក្នុងពិធី ចុះហត្ថលេខា ផ្លាស់ប្តូរឯកសារសហប្រតិបត្តិការទ្វេភាគី និងជួបប្រាស្រ័យជាមួយអ្នក សារព័ត៌មាន។
នៅក្នុងជំនួបពិភាក្សា មេដឹកនាំទាំងពីរបានឯកភាពអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ខណៈពេលដែលស្រាវជ្រាវការបង្កើតយន្តការសហប្រតិបត្តិការថ្មី; ឯកភាពបន្តអនុវត្តន៍កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាលើវិស័យការពារជាតិ និងសន្តិសុខ រួមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ មេដឹកនាំទាំងពីរបានឯកភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ; អនុវត្តន៍និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប។ បារាំងនឹងជំរុញដើម្បីសម្រេចការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU - វៀតណាមក្នុងពេលឆាប់ៗ ជំរុញឱ្យគណៈកម្មការអឺរ៉ុបដក "កាតលឿង" IUU សម្រាប់ជលផលវៀតណាមឱ្យបានឆាប់ និងបង្កើតលក្ខខណ្ឌសម្រាប់វៀតណាមបង្កើនការនាំចេញជលផលទៅកាន់ទីផ្សារបារាំង និង EU។
ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បញ្ញាសិប្បនិមិត្ត semiconductor និងការផ្លាស់ប្តូរឌីជីថល ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ជំរុញការផ្ទេរបច្ចេកវិទ្យា និងធ្វើម្ចាស់លើបច្ចេកវិទ្យា ការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
ទាក់ទងនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ “៤ ទេ” ក្នុងទំនាក់ទំនងអន្តរជាតិ។ លោកប្រធានាធិបតី Macron បានអះអាងនូវការគាំទ្រចំពោះគោលជំហររបស់អាស៊ានអំពីសមុទ្រខាងកើត។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) គឺជាក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយសម្រាប់សកម្មភាព និងកិច្ចសហប្រតិបត្តិការទាំងអស់នៅសមុទ្រនិងមហាសមុទ្រ; អះអាងសារជាថ្មីនូវការសន្យារក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់ ដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២។
បន្ទាប់ពីជំនួបពិភាក្សា លោកប្រធានរដ្ឋ លឿង គឿង និងប្រធានាធិបតីបារាំងបានធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្ដូរឯកសារសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពលនុយក្លេអ៊ែរ យុត្តិធម៌ ដឹកជញ្ជូន អាកាសចរណ៍អវកាស កសិកម្ម និងបរិស្ថានសុខាភិបាល។ ល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម