កាលពីយប់ថ្ងៃទី ៩ មករា នៅឃុំ Pa Tan ស្រុក Sin Ho ខេត្ត Lai Chau បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានសម្របសម្រួលជាមួយគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Lai Chau រៀបចំកម្មវិធី “និទាឃរដូវព្រំដែនកក់ក្ដៅសម្រាប់អ្នកភូមិ” ឆ្នាំ២០២៥។
លោកប្រធានរដ្ឋ លឿង គឿង ប្រគល់ជូនអំណោយដល់គ្រួសារគោលនយោបាយនៅខេត្ត Lai Chau។ (រូបថត៖ VOV)
អញ្ជើញចូលរួម និងថ្លែងមតិក្នុងកម្មវិធី ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានវាយតំលៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកងទ័ពការពារព្រំដែនជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីថែទាំប្រជាជននៅតំបន់ព្រំដែនក្នុងឱកាសបុណ្យតេត។ លោកប្រធានរដ្ឋអះអាងថា នេះជាការងារដែលបង្ហាញពីស្មារតីទទួលខុសត្រូវ ប្រពៃណីជួយទំនុកបម្រុងគ្នារបស់ប្រជាជាតិ និងអត្តចរិតដ៏ល្អប្រសើររបស់កងទ័ពប្រជាជនវៀតណាម។ លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា៖
“កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានសកម្មភាពជាក់ស្ដែង ប្រកបដោយអត្ថន័យ និងជិតស្និទ្ធជាមួយបងប្អូនបណ្ដាជនជាតិ; ដូច្នេះហើយ បានគៀងគរការចូលរួម ការរួមវិភាគទានដោយស្ម័គ្រចិត្តរបស់ភ្នាក់ងារ អង្គការ បុគ្គលជាច្រើនពីមជ្ឈិមដល់ថ្នាក់មូលដ្ឋាន និងសហគ្រាសទៀតផង។ សត្វគោពូជ កញ្ចប់អំណោយ អង្ករ នំអន្សម កញ្ចប់អាហារូបករណ៍ជូនសិស្សក្រីក្រជំនះលើការលំបាក និងផ្ទះឧបត្ថម្ភចំនួន ៤០០ ខ្នង... ដែលកម្មវិធីបានប្រគល់ជូនថ្ងៃនេះ មិនត្រឹមតែជាអំណោយសម្ភារៈសុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងអស្ចារ្យ និងមានតម្លៃមិនអាចកាត់ថ្លៃបានទៀតផង។ ការលើកទឹកចិត្តខាងវិញ្ញាណ ថែមទាំងជាការលើកទឹកចិត្តខាងស្មារតីដ៏ធំធេង មិនអាចកាត់ថ្លៃបាន ដែលជួយគ្រួសារក្រីក្រនីមួយៗនៅតំបន់ព្រំដែន រួមជាមួយកងទ័ព និងប្រជាជនទូទាំងប្រទេស ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយភាពកក់ក្តៅ ក្ដីសប្បាយរីករាយ និងសុភមង្គល”។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋ លឿង គឿង បានប្រគល់ជូនផ្ទះចំនួន ២០០ ខ្នងក្នុងកម្មវិធី “ដំបូលកក់ក្ដៅនៅព្រំដែន” ដល់ប្រជាជននៅតំបន់ព្រំដែនខេត្ត Lai Chau និងអំណោយចំនួន ១១ កញ្ចប់ដល់គ្រួសារគោលនយោបាយ។
“និទាឃរដូវព្រំដែនកក់ក្ដៅសម្រាប់អ្នកភូមិ” គឺជា “ការដឹងគុណ” របស់កម្មាភិបាល យុទ្ធជនការពារព្រំដែន ចំពោះបងប្អូនជនរួមជាតិនៅតំបន់ព្រំដែន និងកោះសមុទ្រ។ ឆ្លងកាត់រយៈពេល ១០ ឆ្នាំនៃការរៀបចំ កម្មវិធីនេះបានក្លាយជាសកម្មភាពសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរបស់កងទ័ព រួមចំណែកថែទាំជនក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី នាំមកនូវក្ដីសប្បាយរីករាយសម្រាប់ប្រជាជននៅតាមតំបន់ព្រំដែន កោះសមុទ្រក្នុងអំឡុងពេលបុណ្យតេត៕