លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។ រូបថត៖ VNA
ការចរចាគឺជាវិធីដែលប្រទេសមួយចំនួនជ្រើសរើស ដើម្បីដោះស្រាយបញ្ហានេះ។ ក្រសួងការបរទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា ប្រទេសនេះបានសម្រេចចិត្តបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់សហរដ្ឋ អាមេរិក ដើម្បីចរចាដោយផ្ទាល់អំពីបញ្ហាពន្ធ។ អត្រាពន្ធទៅវិញទៅមកដែលអាមេរិកដាក់លើឥណ្ឌូណេស៊ីគឺ ៣២%។ ជាមួយនឹងពន្ធគយ ៣៤% ប្រទេសចិនបានទាមទារឱ្យសហរដ្ឋអាមេរិក "លុបចោលភ្លាមមួយរំពេច" វិធានការពន្ធបែបនេះ ហើយបានប្រកាសថានឹងតបតវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ភាគីចិនបានឲ្យដឹងថា ខ្លួននៅតែរក្សាបណ្តាញទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗនេះ។
ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជប៉ុនក៏បានជួបជាមួយសមភាគីអាមេរិក Marco Rubio នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃវិធានការពន្ធថ្មី។ អត្រាពន្ធទៅវិញទៅមកសម្រាប់ប្រទេសកូរ៉េខាងត្បូងគឺ ២៦% និងសម្រាប់ប្រទេសជប៉ុនគឺ ២៤%។ ពីអឺរ៉ុប ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប Maros Sefcovic មានផែនការពិភាក្សាអំពីពន្ធគយជាមួយសមភាគីអាមេរិកនៅថ្ងៃ ៤ ខែមេសា។ ប្រទេសស្វីសបានឲ្យដឹងថា ខ្លួនមិនមានផែនការឆ្លើយតបភ្លាមៗទេ បើទោះបីជាក៏រងការវាយប្រហារដោយពន្ធ ៣១% ផងដែរ។ យោងតាមរដ្ឋាភិបាលស្វីស វិធានការប្រឆាំងនឹងគោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនឹងបង្កការខូចខាតដល់សេដ្ឋកិច្ចរបស់ប្រទេសខ្លួន។
ទន្ទឹមនឹងនេះ ប្រទេសមួយចំនួនទៀតបន្តធ្វើសេចក្តីថ្លែងការណ៍ជាការឆ្លើយតបទៅនឹងគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក រួមទាំងប្រទេសកាណាដាផងដែរ៕