នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតជាតិ ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី បន្ទាប់ពីចូលរួមសម័យបើក នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៦។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងមតិក្នុងសន្និសីទ។ រូបថត៖ VOV
ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានស្នើរអាទិភាពចំនួនបីនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។ ទីមួយ អាស៊ានកំណត់ឡើងវិញនូវគំនិតអភិវឌ្ឍន៍ដោយភាពបរិយាប័ន្នជាមូលដ្ឋានគ្រឹះ នវានុវត្តន៍ជាកម្លាំងចលករ និងនិរន្តរភាពជាគោលដៅ។ ទីពីរ អាស៊ានត្រូវបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការតភ្ជាប់និងពង្រីកការតភ្ជាប់ឆ្ពោះទៅក្រៅតំបន់ ធ្វើពិពិធកម្មផលិតផល ទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ក៏បានស្នើឲ្យ អាស៊ានលើកកម្ពស់សំឡេងរួមដ៏រឹងមាំ គាំទ្រគោលការណ៍ពាណិជ្ជកម្មសេរី យុត្តិធម៌ និងបរិយាប័ន្ន; លើកកម្ពស់ពហុភាគីនិយម។
ទី៣ អាស៊ានរក្សាមជ្ឈភាពរបស់ខ្លួន និងបង្កើនភាពធន់ក្នុងតំបន់។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវអះអាងឡើងវិញនូវតួនាទីមជ្ឈភាពរបស់ខ្លួន មិនមែនមានតែឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង រក្សាស្វ័យភាពជាយុទ្ធសាស្ត្រ ជំរុញការឯកភាពក្នុងប្លុក និងលើកកំពស់សមត្ថភាពដើម្បីម្ចាស់ការ សម្របខ្លួនទៅនឹងការប្រែប្រួលពីខាងក្រៅ។
ក្នុងសន្និសីទនេះ មេដឹកនាំអាស៊ានបានឯកភាពអនុម័តលើឯកសារ “អាស៊ាន ២០៤៥៖ អនាគតរួមរបស់យើង” រួមទាំងចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ និងយុទ្ធសាស្ត្រស្តីពីនយោបាយ - សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ - សង្គម និងការតភ្ជាប់ បង្កើតមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មអាស៊ានក្នុងទសវត្សរ៍ខាងមុខ; យល់ព្រមបញ្ចូលទីម័រឡេស្តេជាសមាជិកទី ១១ របស់អាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែតុលាខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម