នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាកាតា ក្រុមហ៊ុនភាគហ៊ុន Green and Smart Mobility – GSM បានបើកដំណើរការជាផ្លូវការនូវសេវាតាក់ស៊ីអគ្គិសនី Xanh SM ក្នុងប្រទេសឥណ្ឌូនេស៊ី។ ដោយនាំមកនូវដំណោះស្រាយធ្វើដំណើរដ៏ឆ្លាតវៃនិងស្និទ្ធស្នាលជាមួយបរិស្ថាន Xanh SM បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីដណ្តើមយកទីផ្សារដែលមានសក្តានុពលដ៏បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជំរុញបរិវត្តកម្មបៃតងជាសកល។
ពិធីបើកសម្ពោធសេវាតាក់ស៊ីអគ្គិសនី Xanh SM បានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួង ផ្នែក អាជ្ញាធរទីក្រុង ស្ថានទូត និងដៃគូយុទ្ធសាស្ត្រជិត ១០០របស់ Xanh SM នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះគឺជាប្រទេសទីបីហើយ ដែល Xanh SM មានវត្តមាន បន្ទាប់ពីវៀតណាម និងឡាវ។ បន្ទាប់ពីព្រឹត្តិការណ៍នេះ Xanh SM នឹងដំណើរការជាផ្លូវការនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបានក្លាយជាក្រុមហ៊ុនតាក់ស៊ីអគ្គិសនីដំបូងគេនៅក្នុងទីផ្សារដែលមានប្រជាជនច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ ដោយការបើកដំណើរការក្នុងឱកាសនេះ Xanh SM នឹងបំពេញតម្រូវការការធ្វើដំណើរដែលកំពុងតែកើនឡើងក្នុងអំឡុងពេលចូលឆ្នាំថ្មីសកលខាងមុខ។
ម៉ាក់យីហោតាក់ស៊ីអគ្គិសនីដំបូងគេរបស់វៀតណាម បានចាប់ផ្តើមដំណើរការនៅប្រទេសឥណ្ឌូនេស៊ី ។ រូបថត៖ VOV
ដូចនៅបណ្តាប្រទេសដែលកំពុងប្រតិបត្តិការដែរ នៅក្នុងទីផ្សារឥណ្ឌូនេស៊ី Xanh SM ក៏នាំមកនូវការប្តេជ្ញា "បៃតង ៥ ល្អ" រួមមាន៖ បទពិសោធន៍ល្អ អ្នកបើកបរល្អ រថយន្តល្អ តម្លៃល្អ និងបរិស្ថានល្អ។ ជាពិសេស យានយន្តទាំង១០០% ដែលត្រូវបានប្រើប្រាស់គឺរថយន្តអគ្គិសនី VinFast Limogreen ដោយមានគុណសម្បត្តិដូចជា គ្មានការបំភាយឧស្ម័ន គ្មានសំឡេងម៉ាស៊ីន គ្មានក្លិនសាំង ធានាគុណភាពនៃសេវាកម្មធ្វើដំណើរប្រកបដោយសុវត្ថិភាព ផាសុកភាព និងស្និទ្ធស្នាលជាមួយបរិស្ថាន។ ទាំងអស់នេះគឺជាឧត្តមភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនតាក់ស៊ីអគ្គិសនីដើរត្រួសត្រាយផ្លូវ នៅពេលចូលរួមទីផ្សារនៃសេវាកម្មហៅតាក់ស៊ីអនឡាញ់ដ៏រស់រវើកនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ លោក Nguyen Van Thanh អគ្គនាយក GSM Global បានឲ្យដឹងថា៖ “ឥណ្ឌូនេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។ ទាក់ទងនឹងសេវាកម្មហៅតាក់ស៊ីអនឡាញ់ - នេះក៏ជាទីផ្សារធំបំផុតមួយផងដែរ។ ជាមួយនឹងសក្តានុពលដ៏អស្ចារ្យ ដោយមានការលើកទឹកចិត្តនិងការគាំទ្រសម្រាប់ថាមពលបៃតងពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ខ្ញុំគិតថានេះគឺជាឱកាសដ៏ធំធេងសម្រាប់ Xanh SM ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានកំណត់គោលដៅ Net Zero នៅត្រឹមឆ្នាំ ២០៦០ ហើយនាពេលថ្មីៗនេះពួកគេបានពន្លឿនដំណើរការដល់ឆ្នាំ ២០៥០។ Xanh SM ប្រើប្រាស់រថយន្តអគ្គិសនីទាំងស្រុង គ្មានការបំភាយឧស្ម័ន គ្មានក្លិន គ្មានធូលី គ្មានសំលេងរំខាន។ ប្រការនេះមានផលប៉ះពាល់យ៉ាងខ្លាំង អាចប្រៀបស្មើនឹងការដាំដើមឈើរាប់លាននៅទីក្រុងហ្សាកាតា”។
លោកបណ្ឌិត Riyatno - អនុរដ្ឋមន្ត្រីទទួលបន្ទុកការអភិវឌ្ឍបរិយាកាសវិនិយោគ ចំណុះក្រសួងវិនិយោគនិងឧស្សាហកម្មរបស់ឥណ្ឌូនេស៊ី មានជំនឿជាក់ថា វត្តមានរបស់ Xanh SM នៅក្នុងប្រទេសឥណ្ឌូនេស៊ី នឹងមិនត្រឹមតែជំរុញឱ្យសហគ្រាសទាំងក្នុងស្រុកនិងបរទេស វិនិយោគក្នុងសេដ្ឋកិច្ចបៃតងប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់ការច្នៃប្រឌិតនិងនវានុវត្តន៍ បង្កើតការងារធ្វើ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនឥណ្ឌូនេស៊ីផងដែរ។
ចែករំលែកមតិដូចគ្នា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់វៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃព្រឹត្តិការណ៍បើកសម្ពោធ Xanh SM និងបានអះអាងពីការរួមចំណែករបស់អង្គភាពអាជីវកម្មវៀតណាមក្នុងការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់ឥណ្ឌូនេស៊ី។
“ការបើកដំណើរការសេវាកម្ម Xanh SM នៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលធ្វើឡើងដោយមេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីកសាងនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីបៃតងនៅក្នុងតំបន់។ ប្រការនេះក៏នឹងបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅទីនេះ រួមចំណែកយ៉ាងខ្លាំង ក្នុងការជំរុញគោលដៅកំណើន ៨% របស់រដ្ឋាភិបាលថ្មី”។
នៅពេលខាងមុខ Xanh SM មានគោលបំណងដាក់ពង្រាយម៉ូដែល VF e34 ប្រហែល ១.០០០ គ្រឿងក្នុងប្រទេសឥណ្ឌូនេស៊ី ហើយទន្ទឹមនឹងនោះ ផ្តល់កម្មវិធីអនុគ្រោះផ្សេងៗគ្នាជាច្រើន នាំមកនូវឱកាសទទួលបទពិសោធន៍ និងដណ្តើមបានការជឿទុកចិត្តរបស់ប្រជាជននៅប្រទេសរាប់ពាន់កោះ។ ការពង្រីកទីផ្សារទៅកាន់ប្រទេសឥណ្ឌូនេស៊ីគឺជាផ្នែកមួយនៃដំណើរការឈានទៅដល់អន្តរជាតិរបស់ Xanh SM ជាមួយនឹងមហិច្ឆតាក្លាយជានិមិត្តរូបនៃការច្នៃប្រឌិត និងនិរន្តរភាពនៅក្នុងវិស័យដឹកជញ្ជូនសកល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម