• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧស្សាហកម្មវប្បធម៌៖ កម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៃទីក្រុងដាណាំង

នៅក្នុងសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍវប្បធម៌នៃទីក្រុងដាណាំងក្នុងដំណាក់កាល ២០២៦-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ទីក្រុងដាណាំងបានដាក់ចេញគោលដៅថា ដល់ឆ្នាំ ២០៣០ ឧស្សាហកម្មវប្បធម៌នឹងរួមចំណែកជាង ១០% នៃ GRDP របស់ទីក្រុង ដោយនាំទីក្រុងក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មវប្បធម៌ដ៏សំខាន់របស់ប្រទេសជាតិ ដោយមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់។

ដោយមានទីតាំងនៅមជ្ឈមណ្ឌលទីក្រុង សារមន្ទីរចម្លាក់ចាម ដាណាំង កំពុងជាចំណុចលេចធ្លោដែលទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេស។ នៅចុងឆ្នាំមុន គម្រោងកែលម្អ ដំឡើងកម្រិត និងជួសជុលសារមន្ទីរត្រូវបានសម្រេចរួចរាល់។ ឥឡូវនេះ សារមន្ទីរមានមុខមាត់ថ្មី ដែលត្រូវបានចាត់ទុកថា ជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នៅក្នុងប្រវត្តិសាស្ត្រជាង ១០០ ឆ្នាំនៃសំណង់ស្ថាបត្យកម្មនិមិត្តរូបនេះ។ ចំណុចលេចធ្លោមួយគឺការកែលម្អទេសភាពសួនច្បារ ដែលបំផុសគំនិតពីក្បាច់របាំអប្សរាដ៏ល្បីល្បាញរបស់ចាម្ប៉ា ដែលបង្កើតអារម្មណ៍ដ៏ប្រណិតផងនិងទន់ភ្លន់ផង។ លោកស្រី Vinita Gulanikar ជាអ្នកទេសចរឥណ្ឌាម្នាក់ បានសម្តែងការចាប់អារម្មណ៍ថា៖

  ភ្ញៀវទេសចរបរទេសកំពុងទស្សនាសារមន្ទីរចម្លាក់ចាមដាណាំង។ រូបថត៖ VOV ភាគកណ្តាល  
  សិស្សនិស្សិតកំពុងទស្សនាសារមន្ទីរដាណាំង។ រូបថត៖ VOV ភាគកណ្តាល  
  មហោស្រពភាពយន្តអាស៊ីដាណាំងរួមចំណែកធ្វើឱ្យដាណាំងក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលភាពយន្តដ៏ធំទាំងបីរបស់វៀតណាម។ រូបថត៖ VOV ភាគកណ្តាល  

“ខ្ញុំពិតជាមានការកោតសរសើរយ៉ាងខ្លាំងចំពោះស្ថាបនិកសារមន្ទីរនេះ។ ការបង្កើតបាននូវសារមន្ទីរចាមបែបនេះកាលពីជាង ១០០ ឆ្នាំមុន បានបង្ហាញឲ្យឃើញថា ចក្ខុវិស័យនិងការជក់ចិត្តចំពោះបេតិកភណ្ឌមានសារសំខាន់យ៉ាងដូចម្ដ៉េច។ នៅទីនេះ មានស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើនណាស់”។

ក្នុងឆ្នាំ ២០២៥ ចំនួនភ្ញៀវដែលមកទស្សនាសារមន្ទីរ និងតំបន់បេតិកភណ្ឌនៅក្នុងទីក្រុងដាណាំង បានកើនឡើងយ៉ាងខ្លាំង ក្នុងនោះភ្ញៀវអន្តរជាតិមានអត្រាខ្ពស់។ សារមន្ទីរចម្លាក់ចាម បានទទួលភ្ញៀវចំនួន ២៥ ម៉ឺននាក់; សារមន្ទីរដាណាំង បានទទួលភ្ញៀវជិត ៣១ ម៉ឺននាក់ ដែលកើនឡើងជាង ១១៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាពិសេស ការបើកដំណើរការឡើងវិញនៃសារមន្ទីរដាណាំងសាខាថ្មី ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ បានបង្កើតបាតុភូតមួយសម្រាប់អ្នកទស្សនា ដោយសាររបៀបតាំងលម្អនិងរចនាថ្មីប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញភ្នែក។ នេះគឺជាសារមន្ទីរដំបូងគេនៅក្នុងប្រទេសដែលអនុវត្តន៍បញ្ញាសិប្បនិម្មិតសម្រាប់ការណែនាំ សម្ដែង ដោយប្រើប្រាស់បច្ចេកវិទ្យា 3D Mapping ខ្សែភាពយន្តឯកសារ និងស្លាយរូបភាព ដើម្បីបង្កើនបទពិសោធន៍ និងអន្តរកម្មរបស់អ្នកទស្សនា។ លោក Huynh Dinh Quoc Thien នាយកសារមន្ទីរដាណាំង បានមានប្រសាសន៍ថា៖

“សារមន្ទីរបានទទួលក្រុមភ្ញៀវអន្តរជាតិជាច្រើន ហើយពួកគេមានសេចក្តីសោមនស្សនិងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលំហតាំងពិព័រណ៍ថ្មីរបស់សារមន្ទីរ។ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ ជាពិសេសក្រុមហ៊ុនដែលរៀបចំដំណើរកម្សាន្តសម្រាប់ភ្ញៀវទេសចរកូរ៉េខាងត្បូងទៅកាន់ទីក្រុងដាណាំង ក៏បានមកស្រាវជ្រាវ ហើយមានការពេញចិត្តយ៉ាងខ្លាំង។ ពួកគេបានសន្យាថានឹងនាំភ្ញៀវទេសចរកូរ៉េខាងត្បូងមកកាន់សារមន្ទីរដាណាំង នៅពេលមកទីក្រុងដាណាំង។ នេះពិតជាសញ្ញាវិជ្ជមាន”។

ទីក្រុងដាណាំងកំពុងផ្ដល់ធនធានជាច្រើនដល់វិស័យវប្បធម៌។ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន ត្រូវបានសាងសង់ថ្មី ជួសជុល និងកែលម្អឡើងវិញ។ លេចធ្លោគឺគម្រោងដំឡើងកម្រិតសាខាលេខ ៤២ វិថី Bach Dang ដើម្បីធ្វើជាសារមន្ទីរដាណាំងថ្មី ដោយមានការចំណាយជាង ៥០០ ពាន់លានដុង (ជាង ១៩ លានដុល្លារអាមេរិក); គម្រោងដំឡើងកម្រិតនិងជួសជុលឧទ្យានថ្ងៃទី ២៩ ខែមីនា ដែលមានការចំណាយ ៦៧៣ ពាន់លានដុង (ជិត ២៦ លានដុល្លារអាមេរិក)។ គណៈកម្មាធិការប្រជាជនទីក្រុងក៏បានអនុម័តលើគោលជំហរវិនិយោគសាងសង់គម្រោងមជ្ឈមណ្ឌលវប្បធម៌ភាពយន្ត ដោយមានទុនវិនិយោគសរុបជិត ៥២០ ពាន់លានដុង (២០ លានដុល្លារអាមេរិក) ផងដែរ។ គម្រោងនេះ ឆ្ពោះទៅការបង្កើតសំណង់វប្បធម៌ទំនើបមួយ ដោយក្លាយជាកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍នយោបាយ ពិធីបុណ្យ និងសន្និសីទសំខាន់ៗរបស់ទីក្រុង។ ក្នុងពេលជាមួយគ្នានោះ ការរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជាពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិដាណាំង និងមហោស្រពភាពយន្តអាស៊ី-ដាណាំង បានបង្កើតឡើងចរិតលក្ខណៈពិសេសដោយឡែក ដែលរួមចំណែកដល់ការបង្កើតម៉ាកយីហោវប្បធម៌ដាណាំងផងដែរ។

ក្នុងដំណាក់កាល ២០១៧-២០២៣ ឧស្សាហកម្មវប្បធម៌របស់ទីក្រុងដាណាំងបានរួមចំណែកជាមធ្យមប្រហែល ៤,៧១% នៃផលិតផលក្នុងស្រុកសរុប  (GRDP) របស់ទីក្រុង។ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគទីក្រុងលើកទី ១ បានដាក់ចេញគោលដៅថា ប្រាក់ចំណូលនៃឧស្សាហកម្មវប្បធម៌នឹងរួមចំណែកប្រហែល ១០% នៃ GRDP នៅឆ្នាំ ២០៣០។ ទីក្រុងបានកំណត់ឧស្សាហកម្មវប្បធម៌ជាកម្លាំងចលករថ្មីមួយសម្រាប់កំណើន ព្រមទាំងជាវិស័យដ៏សំខាន់មួយដើម្បីពង្រឹងអត្តសញ្ញាណ បង្កើនភាពទាក់ទាញ និងបង្កើតម៉ាកយីហោនៃទីក្រុងដាណាំង។ លោកស្រី Nguyen Thi Anh Thi អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង បានអះអាងថា៖

“ទីក្រុងដាណាំងក៏បានកសាងគម្រោងជាច្រើន ជាពិសេសគម្រោងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌របស់ទីក្រុង។ ទីក្រុងបន្តមានដំណោះស្រាយទម្លុះទម្លាយក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ ដោយរួមចំណែកដល់គោលដៅកសាងទីក្រុងដាណាំងឱ្យក្លាយជាមជ្ឈមណ្ឌលព្រឹត្តិការណ៍ដ៏មានកិត្យានុភាពក្នុងតំបន់ និងអន្តរជាតិនៅឆ្នាំ ២០៣០”។

នៅក្នុងផែនទីបង្ហាញផ្លូវអំពីការកសាងទីក្រុងអេកូឡូស៊ី ឆ្លាតវៃ និងមជ្ឈមណ្ឌលនវានុវត្តន៍នៃតំបន់ភាគកណ្តាល ទីក្រុងដាណាំងកំពុងកំណត់ឧស្សាហកម្មវប្បធម៌ជាសសរស្តម្ភថ្មីមួយនៃការអភិវឌ្ឍ។ មិនត្រឹមតែរួមចំណែកដោយផ្ទាល់ដល់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ឧស្សាហកម្មវប្បធម៌ក៏ត្រូវបានគេរំពឹងថា នឹងក្លាយជាមូលដ្ឋានគ្រឹះប្រកបដោយចីរភាព ដើម្បីលើកកំពស់អត្តសញ្ញាណ សមត្ថភាពប្រកួតប្រជែង និងម៉ាកយីហោទីក្រុងឆ្នេរសមុទ្រដែលស្មើនឹងកម្រិតតំបន់ទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម៖ ប្រកាន់ខ្ជាប់ខ្ជួនគោលដៅខ្ពស់បំផុត គឺគ្របដណ្តប់ការថែទាំសុខភាពក្នុងប្រជាជនទាំងមូល

អគ្គលេខាបក្ស លោក តូ ឡឹម៖ ប្រកាន់ខ្ជាប់ខ្ជួនគោលដៅខ្ពស់បំផុត គឺគ្របដណ្តប់ការថែទាំសុខភាពក្នុងប្រជាជនទាំងមូល

នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់កម្មាភិបាល បុគ្គលិកពេទ្យនៃមន្ទីរពេទ្យមិត្តភាព ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២៦)។

Top