អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិមអាណត្តិ ២០២៥-២០៣០ បានបើកកិច្ចប្រជុំលើកទីបី ដើម្បីវាយតម្លៃអំពីលទ្ធផលនៃការដឹកនាំក្នុងការអនុវត្តភារកិច្ចយោធា និងការពារជាតិក្នុងត្រីមាសទីបី និងទិសដៅសម្រាប់ត្រីមាសទី បួននៃឆ្នាំ ២០២៦។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញដឹកនាំកិច្ចប្រជុំ។
ថ្លែងសុន្ទរកថាដឹកនាំកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានស្នើឱ្យគណៈកម្មាធិការយោធាមជ្ឈិម ផ្តោតលើការដឹកនាំការអនុវត្តដំណោះស្រាយនានា ដោយប្តេជ្ញាចិត្តសម្រេចគោលដៅ និងភារកិច្ចទាំងអស់នៃឆ្នាំ២០២៦ ជាមួយនឹងលទ្ធផលខ្ពស់បំផុត។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្លាស់ប្ដូរថ្មី ការលើកកំពស់ប្រសិទ្ធភាពនៃដំណោះស្រាយ ដើម្បីកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ កសាងគណៈកម្មាធិការបក្សកងទ័ពដ៏ស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ; បំពេញឲ្យបានល្អនូវការងារអប់រំនយោបាយ មនោគមវិជ្ជា និងបង្កើនឫទ្ធានុភាពនយោបាយ។ បន្តអនុវត្តន៍បានល្អនូវការងារគោលនយោបាយ និងចលនាមហាជន ជាពិសេសពន្លឿនការអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់សម្រាប់ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" ជាមួយនឹងលទ្ធផលលឿនបំផុត មានប្រសិទ្ធភាពខ្ពស់បំផុត និងសុវត្ថិភាពបំផុតផងដែរ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ TTXVN)
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ការងារធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសការពារជាតិ ត្រូវតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀត។ ជាពិសេស រៀបចំឲ្យបានជោគជ័យនូវពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទីបីឆ្នាំ ២០២៦ តាមនោះរួមចំណែកដល់ការផ្សព្វផ្សាយ លើកកម្ពស់ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់កងទ័ពប្រជាជន និងប្រទេសវៀតណាម; សម្របសម្រួលជាមួយក្រសួង វិស័យ និងមូលដ្ឋាននានា ដើម្បីអនុវត្តន៍ភារកិច្ចដែលបម្រើដល់កិច្ចប្រជុំកំពូល APEC ២០២៧ ប្រកបដោយប្រសិទ្ធភាព៕