នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (នៃទីក្រុងហាណូយ) ក្នុងឱកាសរំលឹកខួបលើកទី ៤២ នៃទិវាគ្រូបង្រៀនវៀតណាម (២០ វិច្ឆិកា ១៩៨២ - ២០ វិច្ឆិកា ២០២៤) លោកអគ្គលេខាបក្ស តូ ឡឹមបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ជួបសំណេះ សំណាលជាមួយតំណាងគ្រូបង្រៀន និងអ្នកគ្រប់គ្រងវិស័យអប់រំ។
អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)
នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក
តូ ឡឹម បានអះអាងថា ក្នុងដំណើរការបដិវត្តន៍ បក្សនិងរដ្ឋតែងតែអះអាងថា
ការអប់រំនិងការបណ្តុះបណ្តាលគឺជាគោលនយោបាយជាតិកំពូលជាអនាគត់របស់ប្រទេសជាតិ។ តាមនោះ
បក្សនិងរដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេស មានគោលការណ៍ណែនាំ
និងគោលនយោបាយជាច្រើនក្នុងការវិនិយោគលើវិស័យអប់រំ ដោយកំណត់ថា
ជាការវិនិយោគក្នុងការអភិវឌ្ឍវិស័យអប់រំ និងជាអាទិភាពនាំមុខ។ បើតាមលោកអគ្គលេខាបក្ស
វិស័យអប់រំត្រូវមានការផ្លាស់ប្តូរថ្មីនូវខ្លឹមសារអប់រំនិងវិធីសាស្រ្តអប់រំឱ្យបានខ្លាំងក្លា
ក្នុងទិសដៅសម្រួល ទំនើបកម្ម និងការអនុវត្តជាក់ស្តែង បង្កើនចំណេះដឹង
ជំនាញនិងគុណភាពអ្នកសិក្សា បង្កើនការអនុវត្ត
និងប្រើប្រាស់ចំណេះដឹងចូលក្នុងស្ថានភាពជាក់ស្តែង។
ដោយលើកឡើងពីការងារដែលត្រូវធ្វើភ្លាមៗ
លោកអគ្គលេខាបក្សបានស្នើឱ្យអនុវត្តភ្លាមៗ នូវដំណោះស្រាយ
ដើម្បីលុបបំបាត់អនក្ខរភាពទាំងស្រុង ជាពិសេសនៅតំបន់ដាច់ស្រយាល
និងក្នុងចំណោមជនជាតិភាគតិច ដោយធានាថា
ការចំណាយថវិការដ្ឋលើវិស័យអប់រំមានយ៉ាងហោចណាស់ ២០% នៃការចំណាយថវិការដ្ឋសរុប។
ជាមួយគ្នានោះត្រូវមានយន្តការ និងគោលនយោបាយអនុគ្រោះដើម្បីទាក់ទាញធនធានក្រៅរដ្ឋ
មកបណ្តាក់ទុនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល។ អគ្គលេខាបក្ស លោក តូ
ឡឹមបានមានប្រសាសន៍ថា៖ “ត្រូវផ្តោតលើការកសាងក្រុមគ្រូបង្រៀនប្រកបដោយគុណធម៌
និងទេពកោសល្យ ជាអ្នកមានចំណង់ចំណូលចិត្ត មានការជក់ចិត្ត
មានជំនាញនិងចំណេះដឹង ជាពិសេសមានសមត្ថភាពក្នុងការបង្រៀន
ភាពខ្នះខ្នែងក្នុងការសិក្សានិងការច្នៃប្រឌិត។ ម្យ៉ាងវិញទៀត ត្រូវមានដំណោះស្រាយ
លោតផ្លោះ ដើម្បីអភិវឌ្ឍន៍ក្រុមអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឈានមុខគេ
ដែលធ្វើការនៅក្នុងវិស័យអប់រំផង ហើយក្នុងពេលតែមួយ បានរួមចំណែកវិស័យផ្សេងៗទៀតផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម