ស្ថិតិថ្មីបំផុតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បង្ហាញថា ចំនួនអ្នកស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដែលបានកើតឡើងនៅតំបន់ឆ្នេរនៃប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានកើនឡើងដល់ជាង ១.៣០០ នាក់ ក្នុងនោះមានជនស៊ីវិលចំនួន ៧៤៥ នាក់។
ទាំងនេះគឺជាការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមបំផុតនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីរបបមុនបានដួលរលំកាលពីខែធ្នូឆ្នាំមុន។
នៅចំពោះមុខស្ថានការណ៍ខាងលើ មន្ត្រីរដ្ឋាភិបាលបណ្តោះអាសន្នរបស់ស៊ីរីបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តក្នុងការការពារឯកភាពជាតិ និងធានាសុវត្ថិភាពរបស់ប្រជាជន។ រដ្ឋាភិបាលបណ្ដោះអាសន្នស៊ីរីបច្ចុប្បន្ន បានដាក់ពង្រាយកម្លាំងសន្តិសុខបន្ថែមទៀតទៅកាន់ទីក្រុង Latakia, Jableh និង Baniyas ភាគខាងត្បូង ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងអប់រំ Nazir al-Qadri បានប្រកាសបិទសាលារៀនដល់ថ្ងៃទី ១០ ខែមីនានេះ នៅក្នុងខេត្ត Latakia និង Tartus ដោយសារតែស្ថានភាពសន្តិសុខមិនស្ថិតស្ថេរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សហរដ្ឋអាមេរិក និងរុស្ស៊ីបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់មួយក្នុងទម្រង់បិទទ្វារនៅថ្ងៃ ទី ១០ មីនា នេះដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម