តាំងពីអតីតកាលមក រាល់សកម្មភាពថ្ងៃបុណ្យចូលឆ្នាំថ្មី របស់ជនរួមជាតិខ្មែរ តែងផ្សារភ្ជាប់នឹងគំនិតតបស្នងសងគុណបុព្វការីជន អ្នកមានគុណ ព្រមទាំងគ្រួសារបានជួបជុំគ្នាប្រកបដោយសុខដុមរមនា។ វត្តអារាមដែលនៅតាមភូមិស្រុក តែងតែជាទីកន្លែងមួយ សម្រាប់ប្រព្រឹត្តទៅនូវកម្មវិធីវប្បធម៌នេះ។
មុនពេលបុណ្យចូលឆ្នាំថ្មី (បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរនៅណាមបូ) មកដល់ភូមិស្រុកជនរួមជាតិខ្មែរ ងាយនឹងឃើញបរិយាកាសត្រៀមបម្រុងទទួលចូលឆ្នាំថ្មីរបស់ប្រជាជននៅទីនេះ។ គ្រួសារនៅតាមភូមិស្រុក ចាប់ផ្តើមបោសសម្អាតផ្ទះសម្បែង រៀបចំទីសក្ការបូជាបុព្វការីជន ទីស្ការបូជាព្រះសម្មាសម្ពុទ្ធ ដើម្បីទទួលបុណ្យចូលឆ្នាំថ្មី។ នេះជាពេលសម្រាប់គ្រួសារចំណុះជើងវត្ត បំពេញភារកិច្ចជាពុទ្ធបរិសទ្យធ្វើដំណើរទៅវត្តសម្អាតសាលា កុដិ ចេតិយ ទីលានវត្ត ត្រៀមបម្រុងទទួលបុណ្យចូលឆ្នាំថ្មីជិតមកដល់។
ពិធីដង្ហែមហាសង្រ្កាន្ត រំដោះឆ្នាំចាស់ ទទួលឆ្នាំថ្មី។
ពិធីកិច្ចមួយនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ពិធីរាប់បាត្រតាមទំនៀមប្រពៃណីខ្មែរ។ ពិធីសូត្រព្រះបរិត្តបួងសួងសូមសុខ សំណាង នាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ |
បុណ្យចូលឆ្នាំថ្មីតែងប្រព្រឹត្តិទៅ នៅថ្ងៃទី១៤ ១៥ ១៦ ខែមេសា រៀងរាល់ឆ្នាំ (ឆ្នាំអាសាឍពីរ នឹងមានបន្ថែមថ្ងៃទី១៣ទៀត)។ នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រជាជនខ្មែរ តែងទៅវត្តបួងសួងសូមឱ្យគ្រួសារបានសុខសប្បាយ ដំណាំអំណោយផល ហើយក៏ជាឱកាសមួយ សម្រាប់កូនចៅតបស្នងទឹកចិត្តអ្នកមានគុណ ដោយការ លាងដៃជើង ងូតទឹក ឬជូនអំណោយ ទៅដល់ឪពុកម្តាយ យាយតា របស់ខ្លួន។ |
ចំពោះជនរួមជាតិខ្មែរ សកម្មភាពលេងល្បែងប្រជាប្រិយ និងពិធីសាសនានៅថ្ងៃបុណ្យចូលឆ្នាំថ្មី ទាំងអស់សុទ្ធតែប្រព្រឹត្តិទៅនៅតាមវត្តអារាម។ វត្តជាទីកន្លែងសក្តិសិទ្ធ ទ្រទ្រង់ស្មារតីជនជាតិខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា និងជាទីកន្លែងផ្សារភ្ជាប់ទឹកចិត្តសហគមន៍ និងជាទីកន្លែងផ្សារភ្ជាប់នៃមនុស្សគ្រប់គ្នា តាំងពីកើត រហូតដល់ធំដឹងក្តី ហើយចែកឋានទៅ។
ពិធីកិច្ចជាច្រើន ដែលជាលក្ខណៈវប្បធម៌ពុទ្ធសាសនា របស់សហគមន៍ជនជាតិខ្មែរ បានប្រព្រឹត្តិទៅនៅថ្ងៃបុណ្យចូលឆ្នាំថ្មីដូចជា៖ ពិធីដង្ហែមហាសង្រ្កាន្ត ពិធីរាប់បាត្រសូមសុខ សំណាង ពិធីសម្តែងព្រះធម៌ទេសនា ពិធីស្រង់ព្រះ។ល។ ក៏ដូចជាការទទួលព្រះបរិត្តសូមលាភសំណាង រដូវដើមឆ្នាំថ្មី សុទ្ធតែផ្តើមចេញពីទឹកចិត្តគោរពព្រះពុទ្ធនៃជនរួមជាតិខ្មែរ។ ក្រៅពីនោះ នាឱកាសនេះ ជនជាតិខ្មែរ នៅមានទំនៀមពូនភ្នំខ្សាច់ ភ្នំអង្ករ ជានិមិត្តរូប បានសាងនៅលើទីលានវត្ត រំលឹកដល់ព្រះមេ សូមឆ្នាំក្រោយភោគផលដំណាំ អំណោយផល។
ប្រជាជនវេចនំអន្សម នាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ពុទ្ធបរិសទ្យស្រង់ព្រះ សម្អាតមន្ទិល សូមសំណាងល្អឆ្នាំថ្មី។ពូនភ្នំខ្សាច់ ជៀសវាងអំពើចង្រៃ សូមសុខសប្បាយនាឆ្នាំថ្មី។ ពិធីបង្សុកូលឆ្នាំថ្មីប្រពៃណីជាតិ។ បងប្អូនជាតិខ្មែរប្រជុំគ្នានៅវត្តអារាម គោរពទទួលទេវតាឆ្នាំថ្មី នាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ |
នៅខេត្តសុកត្រាំង មានវត្តអារាមខ្មែរល្បីឈ្មោះដូចជា៖ វត្តមហាទប់ វត្តស្រឡោង វត្តឃ្លាំង វត្តសំរោង វត្តបួនព្រះភក្រ្ត។ល។ នៅរដូវបុណ្យចូលឆ្នាំថ្មីប្រជាជនខ្មែរអញ្ជើញមកវត្តកុះករណាស់ ទាក់ទាញភ្ញៀវជិតឆ្ងាយអញ្ជើញមកគោរពបូជា និងទស្សនាលេងសប្បាយ។ ក៏នៅរដូវបុណ្យចូលឆ្នាំថ្មីនេះដែរ តាមវត្តអារាមនឹងប្រព្រឹត្តិទៅសកម្មភាពលេងល្បែងប្រជាប្រិយកម្សាន្ត មានទាំងសកម្មភាពលក់ទឹក ម្ហូបអាហារ ក្រៅបរិវេណវត្តទៀតផង។ នៅពេលរាត្រី តាមវត្តអារាមតែងមានសកម្មភាពសម្តែងសិល្បៈជនជាតិ របាំចម្រៀងប្រពៃណីខ្មែរដូចជា៖ របាំជូនពរ របាំឆៃយ៉ាំក្រោមរបាំងមុខក្រមិចក្រមើម ល្ខោនយីកេជាល្ខោនមួយប្រភេទរបស់ជនជាតិខ្មែរ សម្តែងដោយសិល្បករ សិល្បការិនី ក្នុងភូមិស្រុក ទាក់ទាញអ្នកទស្សនាអញ្ជើញមកកុះករណាស់៕
អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញ និង ចន្តា ប្រែសម្រួល៖ រីកើង