ភាគីទាំងពីរក៏បានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមលើកកម្ពស់ទំនាក់ទំនងវៀតណាម-ហ្វីលីពីនទៅជាភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់ ដោយបើកយុគសម័យអភិវឌ្ឍន៍ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី ១ ខែមិថុនា បន្ទាប់ពីបានចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋនៅវិមាន Malacanang ក្នុងទីក្រុងម៉ានីល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr។
ក្នុងកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានចែករំលែកទស្សនៈរួមលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យអាទិភាពមួយចំនួន ដោយផ្តោតលើការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព កសិកម្មកកើតឡើងវិញ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹង ការបើកជើងហោះហើរត្រង់បន្ថែមទៀត ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកំពង់ផែសំខាន់ៗ; ចែករំលែកបទពិសោធន៍លើការផ្លាស់ប្តូរឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល ការអនុវត្តបញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr។ (រូបថត៖ TTXVN)
ភាគីទាំងពីរក៏បានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមលើកកម្ពស់ទំនាក់ទំនងវៀតណាម-ហ្វីលីពីនទៅជាភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់ ដោយបើកយុគសម័យអភិវឌ្ឍន៍ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដើម្បីប្រកាសពីលទ្ធផលនៃកិច្ចពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានមានប្រសាសន៍ថា៖
“ដោយផ្អែកលើទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងផលប្រយោជន៍ សេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ យើងបានយល់ព្រមលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងហ្វីលីពីន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់ ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗមួយចំនួន ការរក្សាការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ តាមរយៈគ្រប់ក្របខ័ណ្ឌទាំងអស់ ការជួបប្រាស្រ័យរវាងប្រជាជន និងការតភ្ជាប់អាជីវកម្ម ដើម្បីរក្សាការពិគ្រោះយោបល់លើបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ និងអន្តរជាតិ; បង្កើនការបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងទិសដៅអភិវឌ្ឍន៍ ពង្រីកជាអតិបរមានិងរក្សាការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី; ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅសមុទ្រ និងមហាសមុទ្រ។ បង្កើតនិងអនុវត្តន៍យ៉ាងខ្លាំងក្លានូវយន្តការសហប្រតិបត្តិការ ហើយរក្សាការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ក្នុងវិស័យការពារជាតិនិងសន្តិសុខផងដែរ”។
រីឯខ្លួនវិញ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី ១១ របស់ប្រទេសហ្វីលីពីន។ ភាគីទាំងពីរបានសន្យាបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគទ្វេភាគី ជាពិសេសក្នុងវិស័យកែច្នៃ ផលិតកម្ម បច្ចេកវិទ្យាបៃតង និងសេដ្ឋកិច្ចឌីជីថល។
ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos Jr. បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការជាច្រើនក្នុងវិស័យការពារជាតិ ការបណ្តុះបណ្តាល និងទេសចរណ៍៕
តាម vovworld.vn/km